រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមរឹបអូសយកផ្ទះល្វែងមួយកន្លែងតាមបណ្ដឹងរបស់ធនាគារមួយ ដែលបានប្ដឹងចោទប្រកាន់ថា ម្ចាស់ផ្ទះខាងលើខ្ចីលុយហើយមិនបានបង់រំលស់តាមការកំណត់ និងកិច្ចសន្យា ។ ការចុះអនុវត្តន៍សាលក្រមរឹបអូសយកផ្ទះខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ដែលមានទីតាំងស្ថិតនៅតាមផ្លូវលេខ១២៣កាអា ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីតុលាការចេញសាលក្រម អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះ ដោយមានមន្ត្រីតុលាការចូលរួមផង បានចុះទៅអនុវត្តសាលក្រមរឹបអូសយកផ្ទះនោះ ទើបបែករឿងផ្សេងមួយទៀត គឺម្ចាស់ផ្ទះពិតប្រាកដមិនបានខ្ចីលុយពីធនាគារនោះឡើយ ប៉ុន្តែគាត់បានលក់ផ្ទះនោះទៅឲ្យអ្នកផ្សេង តែនៅមិនទាន់បានលុយគ្រប់នៅឡើយ គឺទើបតែបានពាក់កណ្ដាលប៉ុណ្ណោះ តែគាត់បានប្រគល់ប្លង់ផ្ទះទៅឲ្យអ្នកទិញ ហើយត្រូវបានអ្នកទិញនោះយកប្លង់ទៅតម្កល់នៅធនាគារខ្ចីលុយមួយចំនួនធំ ហើយមិនបានបង់លុយរំលស់ទៅឲ្យធនាគារនោះទៅតាមកិច្ចសន្យា និងទៀងទាត់ពេលវេលាឡើយ ។ ទើបពេលនេះខាងធនាគារបានប្ដឹងទៅតុលាការសុំឲ្យរឹបអូសយកផ្ទះនោះ ដើម្បីដាក់លក់ឡាយឡុងទូទាត់ការជំពាក់ ប៉ុន្តែខណៈនោះមិនបានសម្រេចឡើយ ដោយម្ចាស់ផ្ទះមិនព្រមចាកចេញ ហើយស្ត្រីជាម្ដាយម្ចាស់ផ្ទះបានគំរាមសម្លាប់ខ្លួន ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះខាងលើនោះជាប្រភេទផ្ទះល្វែងដែលមានទំហំ៤ម៉ែត្រ គុណនឹង២៥ម៉ែត្រ ដែលមានលេខ៣៣អា ដែលជាកម្មសិទ្ធិ របស់បុរសម្នាក់ឈ្មោះ ជឹម វិចិត្រ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ញ៉ាវ ចាន់ធឿន អាយុ៣០ឆ្នាំ ។ ប្ដីប្រពន្ធខាងលើបានលក់ផ្ទះទៅឲ្យឈ្មោះ ឈាង ចេនឡា អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ វ៉ាន់ថន សម្ផស្ស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះលេខ៤៧អា ផ្លូវលេខ៤៤៤ ភូមិ២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ក្នុងតម្លៃ២៦.០០០ដុល្លារ តាំងពីអំឡុងឆ្នាំ២០១០មកម្លេះ ប៉ុន្តែនៅខណៈនោះអ្នកទិញមិនបានប្រគល់លុយឲ្យគ្រប់ចំនួននៅឡើយទេ ទើបប្រគល់ឲ្យបានពាក់កណ្ដាលតែប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តថា ក្រោយពេលអ្នកទិញឲ្យលុយខ្លះ ម្ចាស់បានប្រគល់ប្លង់កម្មសិទ្ធិទៅឲ្យ ដោយមិនមានការភ័យខ្លាចថា ត្រូវចាញ់បោកអ្នកទិញឡើយ ចំណែកឈ្មោះ ឈាង ចេនឡា និងប្រពន្ធឈ្មោះ វ៉ាន់ថន សម្ផស្ស បានរំលោភលើទំនុកចិត្ត ដោយបានយកប្លង់កម្មសិទ្ធិនោះទៅដាក់តម្កល់នៅធនាគារមួយ ហើយបានខ្ចីលុយរាប់ម៉ឺនដុល្លារ និងមិនបានបង់លុយរំលស់ចូលធនាគារទៅតាមកិច្ចសន្យា និងពេលវេលាទៀងទាត់នោះឡើយ ។
ដោយសារមានមូលហេតុដូចខាងលើ ទើបខាងធនាគារបានប្ដឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញឲ្យជួយអន្តរាគមន៍ ហើយតុលាការបានចេញសាលក្រមសម្រេចរឹបអូសយកផ្ទះខាងលើដើម្បីលក់ឡាយឡុងយកលុយសងបំណុលទៅធនាគារ ហើយសល់ប៉ុន្មានប្រគល់ឲ្យម្ចាស់វិញ ប៉ុន្តែការអនុវត្តន៍សាលក្រមនោះមិនបានសម្រេចឡើយ ដោយសារខាងភាគីលោក ជឹម វិចិត្រ និងលោកស្រី ញ៉ាវ ចាន់ធឿន ព្រមទាំងម្ដាយបានរារាំងយ៉ាងក្រាញននៀល ហើយស្ត្រីជាម្ដាយបានគំរាមសម្លាប់ខ្លួនថែមទៀតផង ព្រោះតែរឿងនោះអយុត្តិធម៌ខ្លាំងពេក ។
ទាក់ទិនទៅនឹងហេតុការណ៍នោះ ត្រូវបានមជ្ឈដ្ឋាននានានិយាយថា ជារឿងអយុត្តិធម៌ខ្លាំងណាស់ ដែលម្ចាស់ផ្ទះខាងលើត្រូវបាត់បង់ផ្ទះសម្បែង ព្រោះតែជនខិលខូចទិញផ្ទះមិនឲ្យលុយគ្រប់ចំនួន ហើយនៅសុខៗស្រាប់តែតុលាការចេញសាលក្រមរឹបអូសយកផ្ទះបែបនេះទៅវិញ ដូច្នេះគួរតែអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីវែករកមុខជនខិលខូចយកមកផ្ដន្ទាទោសតាមច្បាប់ ទើបយុត្តិធម៌មានពិតប្រាកដ ៕
ចែករំលែកព័តមាននេះ