ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ខេត្ត​ជាប់​ព្រំដែន​ថៃ​តម្រូវ​​ឱ្យ​ប្រយ័ត្ន​ខ្លាំង

3 ឆ្នាំ មុន

កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី ចំនួន​៦​នាក់​ទៀត ដែល​ជា​ស្ត្រី​ពលករ​ខ្មែរ​យើង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ។ សេចក្តី​ប្រកាស​ព័ត៌មាន​រៀង​រាល់​ព្រឹក​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បង្ហាញ​ថា ស្ត្រី​ពលករ​ទាំង​៦​នាក់…

កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ថ្មី ចំនួន​៦​នាក់​ទៀត ដែល​ជា​ស្ត្រី​ពលករ​ខ្មែរ​យើង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ។

សេចក្តី​ប្រកាស​ព័ត៌មាន​រៀង​រាល់​ព្រឹក​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បង្ហាញ​ថា ស្ត្រី​ពលករ​ទាំង​៦​នាក់ ដែល​ទើប​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នោះ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​៣៦​ឆ្នាំ មានស្រុក​កំណើត​នៅ​បាត់ដំបង និង​នៅ​ខេត្តព្រៃវែង ។ ពួក​គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ចូល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ តាម​ច្រកព្រំដែន ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ។

គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា មាន​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ រក​ឃើញ​កើត​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៣៣​នាក់ ។ ប៉ុន្តែ​ក៏​មាន​ពលករ​១២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩ ។ ដោយឡែក នៅ​ទូ​ទាំង​ប្រទេស គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​៣៩៨​នាក់​។ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​៣៧៦​នាក់ និង​២២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

បើ​យើង​មើល​តាម​ប្រកាស​ព័ត៌មាន​រៀង​រាល់​ព្រឹក​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល គឺ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ លើ​ពលករ​ខ្មែរ ដែល​បាន​ឆ្លង​ដែន​ចេញពី​ប្រទេស​ថៃ ចូល​មក​ស្រុក​កំណើត តាម​ព្រំដែន​គោក គឺ​ត្រូវ​ចំណាយពេល​យូរ​ជាង អ្នក​ចូល​តាម​យន្តហោះ ។ អ្នកដំណើរ​តាម​យន្តហោះ​មក​កម្ពុជា ត្រឹមតែ​១​ថ្ងៃ គឺ​អាច​ដឹង​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ហើយ ។

សម្រាប់​ពលករ​ខ្មែរ ដែល​ចេញពី​ប្រទេស​ថៃ ចូល​មក​កាន់​ស្រុក​កំណើត​តាម​ច្រកព្រំដែន​គោក នៅ​ក្នុង​ខេត្តកោះកុង ប៉ៃលិន ពោធិ៍សាត់ បាត់ដំបងបន្ទាយ​មាន​ជ័យ ឧត្តរ​មាន​ជ័យ និង​ខេត្តព្រះវិហារ គឺ​ត្រូវ​ចំណាយពេល​ចាប់ពី​២​ទៅ​៣​ថ្ងៃ ហើយ​ខ្លះ​ដល់​៤​ថ្ងៃ​ក៏​មាន ទើប​អាច​ដឹង​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​។ ពោល​គឺ​វត្ថុ​សំណាក​ទាំងនោះ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​ពី​ច្រកព្រំដែន​តាម​បណ្តា​ខេត្ត​នានា មក​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ភ្នំពេញ ។

ការ​ដឹក​ជញ្ជូន​នេះ ត្រូវ​ចំណាយពេល​យ៉ាង​ហោច​ណាស់​១​ថ្ងៃ ហើយ​ការ​ពិនិត្យ​វិភាគ​នៅ​ប៉ាស្ទ័រ ត្រូវ​ចំណាយពេល​១​ថ្ងៃ​ទៀត ។ ដូច្នេះ​លឿន​បំផុត ក៏​ត្រូវ​ចំណាយពេល​ដល់​ទៅ
​២​ថ្ងៃ ទើប​គេ​អាច​ដឹង​លទ្ធផល​ធ្វើតេស្ត​លើ​ពលករ​ខ្មែរ ដែល​ចូល​តាម​ច្រកព្រំដែន​គោក​រវាង​កម្ពុជា​និង​ថៃ ។ នេះ​យើង​គិត​ថា លទ្ធផល​នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​វិញ​លឿន ដោយ​​ប្រើប្រាស់​ខ្សែ​ទំនាក់ទំនង​ពិសេស ឬ​ក៏​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម រវាង​ខ្សែបណ្តោយ​របស់​មន្ទីរ​សុខាភិបាល ឬ​ក៏​អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ទាំង​អស់នោះ ដោយ​មិន​ចាំបាច់​ដល់​ថ្នាក់​យក​ឯកសារ​ជា​ក្រដាស​ដឹក​ជញ្ជូន​តាម​ឡាន​ចេញពី​ភ្នំពេញ​វិញ​នោះ​ទេ ។

គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការបន្ទាន់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា​យើង ខណៈ​ដែល​ថៃ ផ្ទុះ​ការ​ឆ្លង​រាលដាល​សហគមន៍​នៅ​ខេត្ត​សា​មុត​សា​ខន ។

ការ​រឹត​បន្តឹង​តាម​ច្រកព្រំដែន​គោក ត្រូវ​បាន​ធ្វើ​ឡើង ដោយ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រុម​គ្រូពេទ្យ​បាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ត្រួតពិនិត្យ​សុខភាព​លើ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា ដែល​ជា​ពលករ​ខ្មែរ​យើង ។ ក្រៅពី​ពិនិត្យ​សុខភាព យក​វត្ថុ​សំណាក ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ គឺ​ពលករ​ទាំងអស់ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​យោធា ចេញពី​ច្រកព្រំដែន តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ដែល​គេ​រៀបចំ​នៅ​តាម​បណ្តា​ខេត្ត​ទាំងនោះ ។

ដំបូង​ៗ មាន​ករណី​ពលករ​ឆ្លង​ដែន​រួច​ធ្លាយ​ទៅ​ដល់​ស្រុក​កំណើត​ខ្លះ​ដែរ ។ មួយ​ចំនួន​ធំ​ទៀត ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​យោធា​យក​ពលករ ដែល​ធ្វើតេស្ត​រួច មិន​មាន​វីរុស​កូ​វី​ដ​១៩ យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​ខេត្ត​ស្រុក​កំណើត​របស់​ពលករ​ទាំងនោះ​។ តែ​ចំណាត់ការ​ដំបូង​ៗ​នេះ ត្រូវ​បាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ហាម​ឃាត់ និង​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ពលករ​ទាំងនោះ​ចេញពី​ព្រំដែន​ទៀត ហើយ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​រយៈពេល ១៤​ថ្ងៃ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ​តែ​ម្តង​។ ធ្វើ​ដូច្នេះ​ដើម្បី​ការពារ ក្រែងលោ​ថ្លោះ​ធ្លោ​ញ​ដោយ​ប្រការ​ណាមួយ​នាំ​ឲ្យ​ឆ្លង​ចូល​សហគមន៍​នៅ​កម្ពុជា​យើង​ជា​ថ្មី ។

ចំណាត់ការ​នេះ ត្រូវ​បាន​អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​ទំនុកចិត្ត​ជាង​មុន ។ ប៉ុន្តែ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្នុងអំឡុងពេល​នេះ និង​បន្ត​ទៅ​មុខ​ទៀត ក៏​មិន​ត្រូវ​ប្រហែស ឬ​ព្រ​លែងដៃ​ឡើយ ។ មូលហេតុ អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ដែល​ជា​ពលករ​ខ្មែរ បន្ត​រក​ឃើញ​ជា​បន្តបន្ទាប់ ហើយ​ទាល់តែ​២-៣​ថ្ងៃ រហូត​ដល់​ករណី​ខ្លះ ៤​ថ្ងៃ ទើប​លទ្ធផល​ចេញ​ថែម​ទៀត ។

ដូច្នេះ​អំឡុង​ពេល​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​។ ពោល​គឺ​ចាប់តាំងពី​មាត់ច្រក​ព្រំដែន រហូត​ដល់​ត្រួតពិនិត្យ​សុខភាព​ពលករ និង​អ្នកដំណើរ​មក​ពី​ថៃ ត្រូវធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ការ​ដឹក​ជញ្ជូន​ចេញពី​ច្រកព្រំដែន ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក រួម​ទាំង​ការ​ស្នាក់​នៅ​ក្នុង មណ្ឌល​ច​ត្តា​ឡី​ស័ក ក៏​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​វិធាន​សុខាភិបាល តាម​រយៈ​ពាក់​ម៉ាស​ជា​និច្ច ឧស្សាហ៍​ឲ្យ​ពលករ​លាង​សម្អាត​ដៃ ពិសេស​បាញ់​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ និង​ត្រូវ​រក្សា​គម្លាត​ជា​ចាំបាច់ យ៉ាងតិច​បំផុត ១​ម៉ែត្រ​កន្លះ ពី​ម្នាក់​ទៅ​ម្នាក់។

នៅ​ពេល​តម្រង់​ជួរ​បំពេញបែបបទ ក៏​ដូច​ជា​អង្គុយ​រង់ចាំ​វាស់​កម្តៅ យក​វត្ថុ​សំណាក រហូត​ដល់​ពេល​ឡើង​ឡាន ក៏​ទាមទារ​ឲ្យ​រក្សា​គម្លាត​ជា​ចាំបាច់​បំផុត ។ ឡាន​កងទ័ព​ដឹក​ជញ្ជូន​ពលករ និង​អ្នកដំណើរ​ចេញពី​ច្រកព្រំដែន​នានា ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ក៏​កុំ​ដាក់​ផ្ទុក​មនុស្ស​ច្រើន រហូត​ដល់​ប្រជ្រៀត​គ្នា​ឲ្យ​សោះ ។ ស៊ូ​ដឹក​ជញ្ជូន​ច្រើន​ជើង​ចុះ ដើម្បី​ការពារ​ថា ក្រែងលោ​មួយ​ក្រុម​ណា​នោះ មាន​នរណា​ម្នាក់ កើត​កូ​វី​ដ​១៩ ដែល​យើង​មិន​ទាន់ដឹង​លទ្ធផល តែបើ​យើង​ប្រហែស​តែ​បន្តិច នោះ​អាច​នឹង​នាំ​ឲ្យ​មាន​អ្នក​ឆ្លង​ច្រើន​នាក់ ក្នុង​ពេល​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​នេះ ។

មួយវិញទៀត អាជ្ញាធរ​សមត្ថកិច្ច នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ ពិសេស​ខេត្ត​ទាំង​៦ ដូច​បាន​រៀបរាប់​ខាងលើ ក៏​ត្រូវ​ចាត់​កម្លាំង​យាមល្បាត​ឲ្យ​បាន​ហ្មត់ចត់​ថែម​ទៀត តាម​ព្រំដែន ពិសេស​នៅ​ច្រករបៀង​នានា កុំ​ឲ្យ​មាន​អ្នក​លួច​ឆ្លង​ដែន​ខុសច្បាប់​។ ពេល​នេះ តាម​ច្រកព្រំដែន​ផ្លូវការ យើង​បាន​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​ហើយ លើ​វិធានការ​រឹត​បន្តឹង និង​ការ​ត្រួតពិនិត្យ​ដោយ​មិន​មាន​នរណា​ម្នាក់​របូត​រួច​ពី​ការ​ត្រួតពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ ។

ប៉ុន្តែ​បើសិនជា​អាជ្ញាធរ​សមត្ថកិច្ច​ប្រហែស​តែ​បន្តិច រួច​របូត​ពលករ​ណា​ចូល​ពី​ថៃ​តាម​ច្រករបៀង ឬ​ក៏​ច្រកព្រំដែន​ណាមួយ​ដោយ​មិន​បានដឹង ហើយ​ចូល​ក្នុង​ប្រទេស​យើង រហូត​ដល់​ស្រុក​កំណើត​នោះ​ជា​បញ្ហា​។ បើសិនជា​អ្នក​នោះ​ម្នាក់ ឬ​ក៏​ច្រើន​នាក់ មិន​មាន​កើត​កូ​វី​ដ​១៩ មិន​អី​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ បើ​ជន​នោះ កើត​កូ​វី​ដ​១៩ ហើយ​មិន​បានដឹង បែរជា​ទៅ​ពួន​សម្ងំ​រហូត​ដល់​ស្រុក​កំណើត នោះ​នឹង​នាំ​ឲ្យ​ឆ្លង​រាលដាល​ទៅ​ក្រុម​គ្រួសារ ហើយ​ក៏​អាច​ឆ្លង​បន្ត​នៅ​តាម​សហគមន៍​ផ្ទៃក្នុង​ប្រទេស​យើង​ជា​មិន​ខាន ។

ក្នុង​ករណី​មាន​អ្នក​ធ្លាយ​ចូល​ពី​ថៃ ទៅ​ដល់​ផ្ទះ​នៅ​ស្រុក​កំណើត​តាម​បណ្តា​ខេត្ត​នានា​មែន​​នោះ ក៏​គួរតែ​បុគ្គល​នោះ​ឯង ក៏​ដូច​ជា​ក្រុម​គ្រួសារ ឬ​ក៏​អ្នក​ជិតខាង​រាយការណ៍​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ​ភូមិ​ឃុំ​-​សង្កាត់ ដើម្បី​ឲ្យ​គ្រូពេទ្យ​ចុះ​ជួប​អប់រំ​ណែនាំ និង​យក​វត្ថុ​សំណាក​ទៅ​ពិនិត្យ​វិភាគ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ។ ករណី​នេះ​កើត​មាន​រួច​មក​ហើយ ហើយ​ក៏​ត្រូវ​បាន​ចាត់វិធានការ​ទាន់​ពេលវេលា​នៅ​មូលដ្ឋាន​ផង​ដែរ ៕