ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករកាត់ដេរ នៅស្រុកក្រគរ ធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កម្មករ‑កម្មការិនីរាប់ពាន់នាក់  ដែលបម្រើការងារ នៅក្នុងរោងចក្រ​កាត់ដេរ តៃអ៊ីហ្ស៊ី  ក្នុង​ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១…

ខេត្តពោធិ៍សាត់៖ កម្មករ‑កម្មការិនីរាប់ពាន់នាក់  ដែលបម្រើការងារ នៅក្នុងរោងចក្រ​កាត់ដេរ តៃអ៊ីហ្ស៊ី  ក្នុង​ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បាននាំគ្នា ធ្វើបាតុកម្ម បិទផ្លូវជាតិលេខ៥ កុំឲ្យធ្វើចរាចរណ៍ទៅមកបាន ដើម្បីទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់បំណាច់ឆ្នាំ និងប្រាក់ ​៥% ដល់ពួកគេ ដែលបានខិតខំធ្វើការកន្លងមកនេះ។

​កម្មករ‑កម្មការិនី និយាយថា ​ពួកគេ បានខិតខំធ្វើការខ្លាំងណាស់ ដើម្បីទទួលបាន​ប្រាក់បំណាច់ឆ្នាំ និងប្រាក់ ៥%។ ប៉ុន្តែមកដល់ពេលនេះ ខាងថៅកែរោងចក្រ មិនទាន់បើកឲ្យទេ។  ម្ដងថា ថ្ងៃនេះ ម្ដងថា ថ្ងៃនោះ ធ្វើឲ្យពួកគេ អស់ជំនឿ ក៏នាំគ្នាធ្វើបាតុកម្មតែម្ដង។

​ករណីបាតុកម្មនេះ បានធ្វើឲ្យស្ទះចរាចរណ៍ពេញផ្លូវជាតិលេខ៥ ​ត្រង់ចំណុចខាងមុខ​រោងចក្រតែម្ដង។ ​កម្លាំងសមត្ថកិច្ច បានធ្វើអន្តរាគមន៍។ ប៉ុន្តែកម្មករ‑កម្មការិនី នៅតែមិនដកថយ​ ដរាបណាមិនមានភ្លើងខៀវឲ្យពួកគេស្ងប់ចិត្ត។

​ក្នុងស្ថានភាពដ៏តានតឹងនេះ បន្ទាប់ពីទទួលបានដំណឹងភ្លាម លោក ម៉ៅ ធនិន ក្នុងនាមអាជ្ញាធរ​ដែនដីខេត្ត​ បានចុះទៅពន្លត់ជាបន្ទាន់ ដោយមិនទុកឲ្យភ្លើង​បាតុកម្មអហិង្សា អូសបន្លាយនោះទេ។

នៅចំពោះមុខថ្នាក់ដឹកនាំ​ មន្ទី​រជំនាញ  និងសមត្ថកិច្ច  ខាងតំណាងក្រុមហ៊ុន​រោង​ចក្រកាត់ដេរតៃអ៊ីហ្ស៊ី  បានសុំពន្យារពេលដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ទើបបើកជូន។ ប៉ុន្តែខាងកម្មករ‑កម្មការិនី មិនជឿ ព្រោះលើកពេលជា​ច្រើនដង​មកហើយ។

ដោយធ្លាប់ធ្វើប៉ាវចិន ក្នុងការកាត់ក្ដី ដោះស្រាយ  និងសម្របសម្រួលបញ្ហាជូន​ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រាប់មិនអស់មកហើយនោះ លោក ម៉ៅ ធនិន បានសម្រេចសម្របសម្រួលឲ្យខាងក្រុមហ៊ុន  បើកប្រាក់ខែដំណាច់ឆ្នាំ និងប្រាក់​៥%  ជូនកម្មករ‑កម្មការិនី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១​ ហើយបើបើកមិនទាន់ សូមបន្តបើក នៅថ្ងៃបន្ទាប់ទៀត។

ខាងក្រុមហ៊ុន បានយល់ព្រម តាមការសម្របសម្រួលរបស់លោក​អភិបាលខេត្ត។ រីឯ​កម្មករ‑កម្មការិនី ក៏បានទះដៃសាទរ ទទួលយកទាំងអស់គ្នា បញ្ចប់ការតវ៉ា​ត្រឹម​នោះទៅ៕ ដោយ៖ សែម សុគន្ធ ​      

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ