រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំឆ្នើមធនាគារកណ្តាល ប្រចាំឆ្នាំ ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ និងបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ចក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យ និងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបាននាពេលកន្លងមក ។
The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានយ៉ាងល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិនៅឆ្នាំ ២០២០ កន្លងទៅ ។ The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃចំណូលវិស័យទេសចរណ៍ និងទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី ។ កំណើនសេដ្ឋកិច្ចត្រូវបារំពឹងថានឹងអាចធ្លាក់ចុះដល់ -១,៩% នៅឆ្នាំ ២០២០ ។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ និងបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរួមមានការរៀបចំឥណទានឡើងវិញដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ ២០២០ កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២១ នេះ ។ ការរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាតរហូតដល់ទៅបីដងដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ឥណទាននោះទេ ។ បទប្បញ្ញត្តិបន្ថែមរួមមាន កាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវាជាដើម ។ ការដាក់ចេញនេះបានធ្វើឱ្យឥណទានមិនដំណើរការស្ថិតក្នុងកម្រិតទាប ២,៥% ។
ក្នុងឳកាសដ៏វិសេសថ្លៃថ្លានេះដែរ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនចំពោះឯកឧត្តមទេសាភិបាល ជា ចាន់តូ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមនឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ៕ ដោយសហការ
ចែករំលែកព័តមាននេះ