ក្រម​ង៉ុ​យ​កំពូល​កវី និង​ច្រៀង​ចាប៉ី​ល្បី​កក្រើក​ដល់​ស្តេច​ខ្មែរ​និង​ស្តេច​ថៃ


កវី​ផង​ទាំងឡាយ​តែង​កំណាព្យ​ដោយ​ប្រើ​ចុង​ប៉ាក​កាចា​រលើ​ក្រដាស ប៉ុន្តែ​កវី​ក្រម​ង៉ុ​យ ឆ្នើម​គ្មាន​ពីរ ដោយ​តែង​កំណាព្យ​តាម​រយៈ​ការ​នឹកឃើញ ភ្លាម​ៗ ហើយ​បង្ហើរ​ចេញ​ជា​ចម្រៀង​ចាប៉ី​ដ៏​មាន​ប្រជាប្រិយ​ក្នុង​សម័យ​កាលដែល​គាត់​រស់នៅ ។ ស្នាដៃ​កំណាព្យ​ជា​ច្រើន​របស់​កវី​ក្រម​ង៉ុ​យ​ល្បីល្បាញ​មក​ដល់​បច្ចុប្បន្ន ។

វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​នា​ឆ្នាំ​១៩៧២ បាន​រៀបរៀង ចងក្រង​ស្នាដៃ និង​ជីវប្រវត្តិ​របស់​កវី​ក្រម​ង៉ុ​យ ។
អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ ឈ្មោះ​ពេញ​អ៊ុ​ក អ៊ូ ហៅ​ង៉ុ​យ កើត​នៅ​គ្រឹ​ស្ត​សករាជ ១៨៦៥ (​ព​.​ស ២៤០៨) នៅ​ភូមិ​ព្រៃ​អណ្តូង​ស្វាយ ឃុំ​កំ​បូល ស្រុក​ភ្នំពេញ ខេត្តកណ្តាល ។

បិតា​លោក​នាម «​អ៊ុ​ក​» ធ្វើ​មេឃុំ​កំ​បូល មាន​គោរម្យ៍ងារ​ជា «​ចៅពញា​ធម្ម​ធា​រា​» ។ ចៅពញា​អ៊ុ​ក ជាប់​ជា​សាច់ញាតិ​នឹង​ម្ចាស់​អង្គ​ប៉ុក ។

មាតា​លោក​នាម «​អៀង​» ជា​បុត្រី​របស់​ចៅពញា​ម៉ុ​ក មេឃុំ​ស្ពានថ្ម ស្រុក ខេត្ត​ជាមួយ​គ្នា​។ មាតា និង​បិតា​លោក ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។ លោក​ជា​កូន​ទី​ពីរ​នៅ​ក្នុង​គ្រួសារ ។

កាលពី​នៅ​វ័យ​កុមារ លោក​បាន​រៀនសូត្រ​លេខនព្វន្ត អក្សរសាស្ត្រ​នៅ​វត្ត​អង្គ​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ក្នុងស្រុក​កំណើត​របស់​លោក ។ កុមារ​អ៊ុ​ក អ៊ូ ជា​ក្មេង​ម្នាក់​ឧស្សាហ៍​រៀនសូត្រ ។ លោក​បាន​បួស​ជា​សាមណេរ​នៅ​ក្នុង​វត្ត​នោះ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​បានលាចាក​សិក្ខាបទ​ទៅ​បម្រើ​មាតា បិតា ហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក​ក្នុង​ការ​ដើរ​ហូតពន្ធ​ស្រូវ​អាជ្ញាហ្លួង ។

លុះ​អាយុ​បាន​២១​ឆ្នាំ លោក​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​នៅ​ក្នុង​វត្ត​ដដែល ដោយ​មាន​ព្រះ​ឧបជ្ឈាយ៍​នាម «​សាស់​» និង​លោក​គ្រូសូត្រស្តាំ​នាម «​ជ្រូក​» ជា​កម្មវាចា លោក​គ្រូសូត្រឆ្វេង​នាម «​អ៊ុ​ង​» ជា​អនុស្សា​វនៈ ។ ភិក្ខុ «​អ៊ូ​» បាន​រៀនសូត្រ​ធម៌អាថ៌ និង​រៀន​ប្រែ​ព្រះ​ត្រៃ​បិដក​ដំបូង ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ «​ទិ​ត្យ​» នៅ​វត្ត​អង្គ​បឹង​ចក ។ បន្ទាប់​មក​លោក​បាន​ស្វែងរក​រៀន​វិបស្សនា​កម្មដ្ឋាន ក្នុង​សំណាក់​លោក​អាចារ្យ​ជា​ច្រើន​កន្លែង​ទៀត ។ លោក​បាន​គង់​ក្នុង​ផ្នួស​ជា​ភិក្ខុ​បាន​៥​ឆ្នាំ ។ លុះ​ចេះ​ដឹង​ល្មមប្រើ​ការ​បាន​ហើយ លោក​បាន​លាចាក​សិក្ខាបទ មក​ប្រកប​ជីវភាព​ជា​គ្រហស្ថ​វិញ ។ ក្រោយ​ពេល​លោក​ចាក​ផ្នួស​មក លោក​បាន​ជួយ​ធ្វើការ​ឪពុក​របស់​លោក​ដែល​ជា​មេឃុំ ដោយ​មាន​ងារ​ជា​ក្រម​ផង ជា​ស្មៀន​ផង ។ ដល់​ពេល​ស្រុក​ភ័ន្ត​ប្រែ លោក​លាឈប់​លែង​ធ្វើការ​រាជការ ហើយ​រស់នៅ​ជា​កសិករ​ធម្មតា ។

លោក​ជា​អ្នកមាន​វោហារ​លែបខាយ ប្រាជ្ញា​វាងវៃ ចេះ​ចាំ​រឿង​រ៉ា​វ​ពី បុរាណ​ៗ​ទាំង​គតិ​លោក ទាំង​គតិ​ធម៌​ជា​ច្រើន ព្រមទាំង​ចេះ​ច្រៀង ចេះ​ភ្លេង និង​ជា​អ្នកចម្រៀង​ខ្សែ​ដៀវ​យា​៉​ង​ចំណាន ធ្វើ​ឱ្យ​កសិករ​ឯទៀត​ស្រឡាញ់ រាប់អាន ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុក ហើយ​គេ​និយម​ហៅ​លោក​ថា «​ភិ​រម្យ​ង៉ុ​យ​» ។

លោក​ភិ​រម្យ​ង៉ុ​យ មាន​មាឌធំ ដុះ​ក្បាលពោះ កាត់សក​ជ្រង​ខ្លី ទុក​ពុកមាត់​ខាងលើ និយម​ស្លៀកសំពត់​ចងក្បិន ពាក់​អាវកត្រង់ ឡេវ​ធំ ពាក់​ស្បែកជើងផ្ទាត់ និង​មួក​សម្បុក ។ ពេល​ដើរទៅ​ណា​មក​ណា លោក​មាន​បង្វេច និង​ឈើច្រត់​កាន់​ជា​និច្ច ។ ពេល​លោក​សូត្រ​កំណាព្យ លោក​តែង​ដេញ​ខ្សែ​ដៀវ​កំដរ ។ ខ្សែ​ដៀវ​របស់​គាត់ អាច​ដោះ​ចេញពី​គ្នា ហើយ​ដំឡើង​បាន ភ្លាម​ៗ កាលណា​គាត់​ត្រូវការ​ប្រើ ។

ពេល​ណា​លោក​ត្រូវការ​ច្រៀង លោក​ស្រាយ​បង្វេច​យក​ឃ្លោកសាដៀវ​មក​ផ្គុំ​នឹង​ឈើច្រត់ បានជា​ដង ជា​ផ្លែ ហើយ​ដាក់​ខ្សែ រួច​ផ្ទាប់​នឹង​ពោះ​ធ្វើ ផឹ​ត​ប៉ោង​ៗ ហើយ​ដេញ​យា​៉​ង​ពីរោះ ។

ពេល​រដូវរំហើយ ក្រោយ​ពី​ការងារ​ស្រែ​ចម្ការ​បាន​ចប់​សព្វគ្រប់ ភិ​រម្យ​ង៉ុ​យ​តែង​ត្រូវ​បាន​ប្រជាជន​អញ្ជើញ​ឱ្យទៅ​ច្រៀង ឬ​ទេសនា ក្នុង​ពេល​មានបុណ្យ​ទាន​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ។

លោក​មិន​បាន​ទារប្រាក់​កម្រៃ​ឈ្នួល​ពី​ប្រជាជន​ទេ ប៉ុន្តែ​ដោយ​សេចក្តី​គោរព​ស្រឡាញ់ ប្រជាជន​តែង​ប្រមូល​បច្ច័យ ស្រូវ​អង្ករ​ជូន​លោក​តាម​សទ្ធា ។

ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រុងភ្នំពេញ លោក​តែង​ឈប់​សំចត​នៅ​វត្ត​ឧណ្ណាលោម ហើយ​ឆ្លៀតពេល​នោះ​ដើម្បី​ពិគ្រោះ​ពិភាក្សា​ជាមួយ​សាមណេរ ភិក្ខុសង្ឃ អំពី​បញ្ហា ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា ។

ក្នុង​ការ​ច្រៀង​ក្តី ទេសនា​ក្តី លោក​តែង​លើកយក​បញ្ហា​ដែល​ជា​បច្ចុប្បន្នភាព​ក្នុង​ពេល​នោះ​មក​ធ្វើ​ជា​ប្រធានបទ​ដូច​ជា​ច្រៀង ៖
-​អំពី​ការ​ប្រកប​មុខរបរ​រកស៊ី​ធ្វើស្រែ​ចម្ការ ។
-​អំពី​ការ​ជ្រើសរើស​គូស្រករ ។
-​អំពី​ភាព​ក្រីក្រ​តោក​យា​៉​ក​របស់​ប្រជាជន និង​មូលហេតុ​របស់​វា ។
-​អំពី​អវិជ្ជា អន​ក្ខ​រ​ភាព​របស់​ប្រជាជន​ខ្មែរ ។
-​អំពី​ភាព​ស្ពឹក​ស្រពន់ មិន​សកម្ម ស្វាហាប់​ខាង​ធ្វើ​ពលកម្ម​ដាំ​ដុះ ។
-​អំពី​ការ​បែកបាក់​សាមគ្គី ឈ្លោះ​ទាស់ទែង​គ្នា​ឯង​ទាំង​គ្រហស្ថ ទាំង​អ្នកបួស ។
-​អំពី​ការ​ជិះជាន់ សង្កត់សង្កិន​របស់​បរទេស មក​លើ​ប្រជាជន​ខ្មែរ ។
-​អំពី​ការ​បាត់បង់​ឯករាជ្យ និង​អត្តភាព​ខ្មែរ ។
-​អំពី​ការ​រេចរឹល​នៃ​វប្បធម៌ អក្សរសាស្ត្រ​ខ្មែរ ។​ល​។

កិត្តិ​ស័ព្ទ​ល្បីល្បាញ​ខាង​សំនួនវោហារ​របស់​កវី អ៊ូ នេះ បានឮ​ខ្ចរខ្ចាយ​ទៅ​ដល់​ព្រះមហាក្សត្រ​។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះ​ស៊ី​សុវត្ថិ​បាន​ត្រាស់​ហៅ​ភិ​រម្យ​ង៉ុ​យ​ឱ្យ​ចូល​គាល់ និង​ច្រៀង​ថ្វាយ ។ ហ្លួង​ព្រះ​ស៊ី​សុវត្ថិ​ពេញ​ព្រះ​ទ័យ​នឹង​ថ្វីមាត់​របស់​លោក​ណាស់ ទើប​អនុញ្ញាត​ឱ្យ​លោក​ចូល​បម្រើ​ក្នុង​ក្រុម​ភ្លេង​ព្រះ​បរមរាជវាំង ហើយ​ប្រទាន​ងារ​ជា «​អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ» ប៉ុន្តែ​ដោយនៅ​ពេល​នោះ​មាន​នាយក្រុម​វាំង​ម្នាក់​ឈ្មោះ​អ៊ូ ដែរ​នោះ ទេ​ើ​ប​ហ្លួង​ព្រះ​ស៊ី​សុវត្ថិ​ទ្រង់​ត្រាស់​ឱ្យ​ហៅ​ថា «​ង៉ុ​យ​» វិញ ដើម្បី​កុំឱ្យ​ច្រឡំ​គ្នា ។ ដូច្នេះ​បានជា​លោក​មានឈ្មោះ​មួយទៀត​ថា «​ង៉ុ​យ​» ឬ​ក្រុម​ង៉ុ​យ​រៀងដរាប​មក ។

កិត្តិ​ស័ព្ទ​របស់​អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ មិន​គ្រាន់តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ប្រទេស​ទេ ប៉ុន្តែ​បាន​សាយភាយ​ទៅ​ដល់​ប្រទេស​ថៃ​ថែម​ទៀត ។ ស្តេច​សៀម ក្រុមព្រះ​ទម្រង់​រាជានុភាព និង​លោក​សឺ​ដេ​ស ជាតិ​បារាំង បាន​ចូល​គាល់​ហ្លួង​ព្រះ​ស៊ី​សុវត្ថិ ។ ពេល​ប្រគំ​ភ្លេង​ទទួលភ្ញៀវ​បរទេស​នោះ អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ​ហៅ​ង៉ុ​យ ប្រគំ​ឈ្នះ​គេ​ខាង​ខ្សែ​ដៀវ ។ កិត្តិ​ស័ព្ទ​របស់​លោក​បាន​ផ្សាយ​ដល់​ស្រុក​សៀម ។ ស្តេច​សៀម​បាន​ធ្វើ​រាជ​សារ​មក​សុំ​អញ្ជើញ​អ្នក​ព្រះ​ភិ​រម្យ​ភាសា​ង៉ុ​យ ទៅ​ច្រៀង​ថ្វាយ​ឯ​ក្រុង​បាងកក ។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​សៀម​អស់​រយៈពេល​៣​ខែ​ហើយ​បាន​ទទួល​សេចក្តី​រាប់អាន​ពី​ព្រះមហាក្សត្រ និង​មន្ត្រី​សៀម​។ ពេល​នោះ​ស្តេច​សៀម​បាន​ប្រទាន​ងារ​ជា​ភិ​រម្យ​ភាសា «​ផៃ​រ៉ោះ​លឿ​កឺ​ន​» និង​ប្រទាន​ឡេវអាវ​ប្រាក់​ឌួ​ង ព្រមទាំង​ប្រាក់ និង​វត្ថុ ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

មាន​តំណាល​ថា ក្នុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​សៀម​វិញ ក្រម​ង៉ុ​យ​បាន​ឆ្លងកាត់​តាម​ខេត្តបាត់ដំបង ។ ពេល​នោះ​នៅ​ខេត្តបាត់ដំបង មាន​អ្នកចម្រៀង​មាត់​ឯក​ម្នាក់​ឈ្មោះ​ភិ​រម្យ យូ ។ ដោយ​ឮ​ល្បី​ថា អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ ពូកែ​ច្រៀង លោក​ភិ​រម្យ​យូ ក៏​សុំ​ច្រៀង​ភ្នាល់​។ ភិ​រម្យ​យូ បាន​សួរ​ព្រះ​ភិ​រម្យ​ង៉ុ​យ​ថា «​ភ្នំ​ព្រះ​សុមេរុ​នៅឯណា ? មាន​ទំហំ​ប៉ុនណា ? កម្ពស់​ប៉ុន្មាន​យោជន៍ ? ពី​នេះ​ទៅ បើសិនជា​វាស់ តើ​មាន​ប៉ុន្មាន​គីឡូម៉ែត្រ ? ។ ព្រះ​ភិ​រម្យ​ង៉ុ​យ​ឆ្លើយ​ថា «​បើ​លោក​ឆ្ងល់​យ៉ា​ង​នេះ តើ​លោក​ចង់ឱ្យ​ខ្ញុំ​ឆ្លើយ​ត្រង់ ឬ​ឆ្លើយ​កុហក ?​» ។ ភិ​រម្យ​យូ​ថា បើ​សួរ​ត្រង់​ត្រូវ​តែ​ឆ្លើយ​ឱ្យ​ត្រង់ ។ ភិ​រម្យ​ង៉ុ​យ ក៏​ឆ្លើយ​កែ​ដោះសា​ថា មាន​ប៉ុណ្ណេះ​គីឡូ ប៉ុណ្ណេះ​ម៉ែត្រ ហើយ​បើ​គិត​ពី​បាត់ដំបង​ទៅ​មាន​ចម្ងាយ​ផ្លូវ​ប៉ុណ្ណេះ​ទៀត បើ​ភិ​រម្យ​យូ​មិន​ជឿ​ត្រូវ​ទៅ​មើលចុះ ។ ភិ​រម្យ​យូ ព្រម​ទទួល​ជឿ ហើយ​ភិ​រម្យ​ង៉ុ​យ​ក៏​សួរ​វិញ​ថា «​តើ​ពី​ផ្សារ​បាត់ដំបង​ទៅ​ភ្នំពេញ បើ​ទៅ​តាម​ថ្នល់ តើ​មាន​ប៉ុន្មាន​គីឡូ ? បើ​ទៅ​តាម​ទន្លេសាប​វិញ តើ​មាន​ប៉ុន្មាន​គីឡូ ? ភិ​រម្យ​យូ ក៏​ទាល់​ឆ្លើយ​មិន​រួច ហើយ​ភិ​រម្យ​ង៉ុ​យ​ច្រៀង​បង្អាប់​ភិ​រម្យ​យូ​យា​៉​ង​ច្រើន​ថា «​កន្លែង​ធ្លាប់​ទៅ​មក ហើយ​ជា​ប្រទេស​របស់​ខ្លួនឯង ភិ​រម្យ​យូ​មិនដឹង​ទៅ​ហើយ ទៅ​សង្វាត​សួរ​កន្លែង​មិន​ដែល​ទៅ បើ​ទោះជា​ខ្ញុំ​កុហក​ក៏​ត្រូវ​តែ​ជឿ​ខ្ញុំ​ដែរ​…»​។ ភិ​រម្យ​ង៉ុ​យ​បង្អាប់​ទាល់តែ​ភិ​រម្យ​យូ​ទាល់ ចុះ​ពី​កន្លែង​ច្រៀង ហើយ​ប្រជាជន​អ្នក​ស្តាប់​ទះដៃ​សរសើរ​ភិ​រម្យ​ង៉ុ​យ​យ៉ាង​ខ្លាំង ។

លោក​ប្រមុខ​ខេត្តបាត់ដំបង បាន​ប្រគល់​រង្វាន់​នៃ​ជ័យជម្នះ​ដល់​ភិ​រម្យ​ង៉ុ​យ គឺ​សេះស​១​ក្បាល និង​ប្រាក់សុទ្ធ​៤០០​រៀល​ទៀត ។ ដូច្នេះ​ហើយ​បានជា​អ្នកចម្រៀង​នានា​មានការ​ញញើត​ក្រម​ង៉ុ​យ​ណាស់ មិនសូវ​មាន​នរណា​ហ៊ា​ន​ច្រៀង​តតាំង​នឹង​ថ្វីមាត់​លោក​ឡើយ មាន​តែ​ជំទប់​សាន់​នៅ​ឃុំ​ភ្លើង​ឆេះ​រទេះ ស្រុក​ភ្នំពេញ ដែល​ជា​មិត្តភក្តិ និង​ជា​ដៃគូ​របស់​គាត់​ម្នាក់​ប៉ុណ្ណោះ ទើប​អាច​តបត​នឹង​គាត់​បាន ។ ពេល​អ្នកចម្រៀង​ទាំង​ពីរ​នេះ​ទៅ​ច្រៀង​នៅ​កន្លែង​ណា មនុស្ស​ម្នា​ប្រុស​ស្រី​នៅ​ភូមិ​ស្រុក ឆ្ងាយ​ៗ​បាន​ភ្លូក​ទៅ​ស្តាប់​ជា​ច្រើន ។

នៅ​ពេល​ក្រោយមក​ទៀត លោក​សឺ​ដេ​ស បាន​នាំ​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ ទៅ​ជួប​លោកស្រី ស៊ុ​យ​ហ្សា​ន កា​ប៉ឺ​ឡែ​ស (Suzanne Karpeles) ដែល​ជានា​យក​វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​នៅ​ភ្នំពេញ​។ នៅ​ឆ្នាំ​១៩៣០ លោកស្រី​នាយក​សុំ​ឱ្យ​អ្នក​ព្រះ​ភិ​រម្យ​ភាសា​ច្រៀង​កំណាព្យ​របស់​គាត់​ឡើង​វិញ​ទាំង​អស់បែប រង្វើល​ៗ ដើម្បី​ឱ្យ​អ្នកប្រាជ្ញ​នៅ​វិជ្ជា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​កត់ត្រា​ទុក ។

ជា​រង្វាន់​នៅ​ពេល​នោះ អ្នកស្រី​ស៊ុ​យ​ហ្សា​ន បានឱ្យ​ភិ​រម្យ​ក្រម​ង៉ុ​យ​នូវ​ប្រាក់​១​រៀល ជា​និមិត្តរូប​នៃ​ការ​ស្រឡាញ់​វប្បធម៌​អរិយធម៌​ខ្មែរ ។ ដោយ​ចង់​រក្សា​ទុក​ស្នាដៃ​នេះ​ឱ្យ​បាន​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ពុទ្ធ​សាសន​បណ្ឌិត្យ​បាន​ចាត់ចែង​បោះពុម្ព​ស្នាដៃ​របស់​ក្រម​ង៉ុ​យ​ជា​បួន​ច្បាប់ ហើយ​ក្រោយមក​បាន​បោះ​បញ្ចូល​គ្នា​ជាមួយ​ច្បាប់​វិញ។

តាម​ពិត​ស្នាដៃ​របស់​ក្រម​ង៉ុ​យ​មាន​ច្រើន ប៉ុន្តែ​គេ​មិន​បាន​កត់ត្រា​ព្រោះ​លោកតា​ង៉ុ​យ ជា​កវី​ដែល​បង្កើត​ស្នាដៃ​ដោយ​ច្រៀង​ផ្ទាល់មាត់ ។

ស្នាដៃ​របស់​ក្រម​ង៉ុ​យ​ដែល​យើង​រក​ឃើញ​រហូត​សល់​សព្វថ្ងៃ​មាន​៥​គឺ ៖
១-​ច្បាប់​ល្បើក​ថ្មី «​បទ​កាកគតិ​» (​ឆ្នាំ​១៩២២) ។
២-​ច្បាប់​កេរកាល​ថ្មី «​បទ​ព្រហ្មគីតិ​» (​ឆ្នាំ​១៩២២) ។
៣-​សេចក្តី​រំលឹក​ដាស់តឿន «​បទ​ពាក្យ​៧» (​ឆ្នាំ​១៩៣១) ។
៤-​ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី «​បទ​ពាក្យ​៧» (​មិនដឹង​កាលបរិច្ឆេទ​) អាច​ក្នុង​ឆ្នាំ​១៩៣៥ ព្រោះ​ជា​ស្នាដៃ​ទី​៥ ។
៥-​បណ្តាំ​ក្រម​ង៉ុ​យ «​បទ​ព្រហ្មគីតិ​» (​ក្នុង​អំឡុង​ឆ្នាំ​១៩៣៥) ។

ក្រៅពី​ស្នាដៃ​ខាងលើ​នេះ នៅ​មាន​ស្នាដៃ​ផ្សេង​ទៀត​ដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរ ហើយ​ដែល​អ្នក​ស្រាវជ្រាវ ពី​មុន​ៗ បាន​ចាត់​ទុក​ថា ជា​ស្នាដៃ​របស់​អ្នក​ភិ​រម្យ​ភាសា​អ៊ូ ដែរ គឺ​ចម្រៀង​ស្តី​អំពី ៖
-​ការ​ប្រែប្រួល​នៃ​ស្រុក​ទេស ។
-​កតញ្ញូ​កតវេទី ។
-​ត្រៃលក្ខណ៍ ។
-​ចម្រៀង​ស្រី​-​ប្រុស​…​។

អ្នក​ភិ​រម្យ​ភាសា​អ៊ូ មាន​ភរិយា​ឈ្មោះ​អិ​ុ​ន ។ លោក​មាន​បុត្រ​ចំនួន​៦​នាក់ សុទ្ធតែ​ប្រុស គឺ ៖
១-​ឈ្មោះ​ដួង
២-​ឈ្មោះ​ចេ​ង
៣-​ឈ្មោះ​ចា
៤-​ឈ្មោះ​ចិន
៥-​ឈ្មោះ​ចុង
៦-​ឈ្មោះ​ចេ​វ

ក្នុង​ចំណោម​កូន​របស់​ក្រម​ង៉ុ​យ​ទាំង​៦​នាក់​មាន​ម្នាក់​ដែល​មាន​ទេព​កោសល្យ​ខាង​សំនួនវោហារ ប្រហាក់ប្រហែល​គាត់ នោះ​គឺ កូន​ទី​៥ ដែល​គេ​និយម​ហៅ​ថា «​អាចារ្យ​ចុង​» ។ មាន​ព័ត៌មាន​ខ្លះ​ទៀត​ថា គាត់​នៅ​មាន​ចៅ​ម្នាក់​ទៀត ដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃ​ដែរ ហើយ​មាន​រូបរាង​ស្គម​ស្តើង ដែល​គេ​ធ្លាប់​ឮឈ្មោះ​ថា «​នាយ​ស្លឹក​» ។ នៅ​ពេល​ច្រៀង​អា​យ៉ៃ​នាយ​ស្លឹក តែងតែ​បង្ហាញខ្លួន​គាត់​ថា «​ស្រុក​ខ្ញុំ​នៅ​ឯលិច​ពោធិ​ចិន​តុង កូន​អាចារ្យ​ចុង​ចៅ​អាចារ្យ​ង៉ុ​យ​» ។

អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ បាន​ទទួលអនិច្ចកម្ម​នៅ​ថ្ងៃ​សុក្រ​៦​កើត ខែ​មិគសិរ ពុទ្ធសករាជ ២៤៧៩ គ្រឹ​ស្ត​សករាជ ១៩៣៦ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ដោយ​ជំងឺ​ទល់លាមក ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ