ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ លើកគ្នា ទៅ​ជួបរដ្ឋមន្ត្រីរ៉ែ និងថាមពល តែរដ្ឋមន្ត្រី គេចបាត់!

5 ថ្ងៃ មុន
  • Mondulkiri

មណ្ឌលគិរី៖ តំណាងប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ រស់នៅឃុំពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានប្រមូលផ្ដុំគ្នា ដើម្បីស្នើសុំជួប​លោក ស៊ុយ…

មណ្ឌលគិរី៖ តំណាងប្រជាពលរដ្ឋ ប្រមាណ ១០០នាក់ រស់នៅឃុំពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា បានប្រមូលផ្ដុំគ្នា ដើម្បីស្នើសុំជួប​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល ក្នុងពេលលោករដ្ឋមន្ត្រី មកបំពេញទស្សនកិច្ច​ការងារ នៅទឹកដី​ខេត្តមណ្ឌលគិរី​។ ក្រុមប្រជាពលរដ្ឋ ស្នើសុំ​លោករដ្ឋមន្ត្រី ឲ្យអនុញ្ញាតឲ្យពួកគាត់ អាចប្រកបរបរជីករករ៉ែមាស លក្ខណៈគ្រួសារ ដែលមាន​តាំងពីបុរាណ​មក​ឡើងវិញ​។ ការប្រមូលផ្តុំនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១២ ​ខែមករា ឆ្នាំ២០២១។

តំណាងអ្នកភូមិម្នាក់ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំចុងផ្លាស់ មានចំនួនជាង ១០០០ គ្រួសារ បានពឹងផ្អែក​ទាំងស្រុង​លើរបរ​ជីករ៉ែមាស តាមគ្រួសារ ដើម្បីចិញ្ចឹមជីវិត ដោយ​សារតែ​ដីធ្លីនៅតំបន់នេះ ក្រាលគ្របដោយថ្ម និងជាព្រៃឈើការពារដោយរដ្ឋ មិនអាចប្រកបរបរកសិកម្មបានទេ។

ការប្រកបរបរធ្វើអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារ​នេះ ត្រូវបានផ្អាកទាំងស្រុង កាលអំឡុងឆ្នាំ២០១៨ ​ដែលបានធ្វើឱ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព​របស់អ្នកភូមិ។ អ្នកភូមិ​ ដែលតែងតែ​អាស្រ័យលើការ​កិនថ្ម រ៉ែ ដើម្បីយកកម្ទេចរ៉ែមាស លក់ចិញ្ចឹមជីវិត។ ​

ទោះជាយ៉ាងណាក៏ដោយ អ្នកភូមិ​នៅតែ​មានជំនឿយ៉ាងមុតមាំ លើសម្ដេចតេជោ តាមរយៈលោករដ្ឋមន្ត្រី នឹងផ្ដល់ឱកាស​សម្រាប់​ការ​ប្រកបរបរជីករករ៉ែមាសជា​លក្ខណៈគ្រួសារ ឬ បានត្រឹមអនុញ្ញាតឲ្យយកថ្មរ៉ែចាស់ៗ ដែល​សល់ពីមុន យក​ទៅកិន ក្រែងបាន​រ៉ែបន្តិចបន្តួចសម្រាប់​ផ្គត់ផ្គង់គ្រួសារ។

តំណាងអ្នកភូមិម្នាក់ទៀត បានលើកឡើងថា កាលពីរបីឆ្នាំមុន នៅក្នុងភូមិនេះ មានសភាពអ៊ូអរ មានមនុស្សចេញចូលហូរហែ។ ប៉ុន្តែ​ក្រោយពី​រណ្ដៅរ៉ែមាស ត្រូវបានក្រសួង បិទ អ្នកភូមិក៏បានចាកចេញជាបន្តបន្ទាប់ ទៅទីកន្លែងថ្មី ក្នុងខេត្តផ្សេង ដើម្បីរកមុខរបរ​ចិញ្ចឹមជីវិត។ មូលហេតុនេះហើយ បច្ចុប្បន្ន ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ហាក់មានភាពស្រងេះស្រងោច មានមនុស្សរស់នៅតិច សូម្បីសាលារៀន វត្តអារាម មណ្ឌលសុខភាព ក៏សឹងតែគ្មានមនុស្សផង​។

យ៉ាងណាក៏ដោយ ក្រុមអ្នកភូមិ មិនបានជួប​លោករដ្ឋមន្ត្រី ស៊ុយ សែម ដែល​បានចុះទៅបំពេញបេសកកម្ម​ក្នុងខេត្តមណ្ឌលគិរី ដោយឯកឧត្តម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានទៅពិនិត្យ​ទីតាំង​ក្រុមហ៊ុនចិន រុករករ៉ែមាស ឈ្មោះ រង់ ឈិន នៅស្រុក​កែវសីមា។

​​លោក ស៊ុយ សែម បានព្រ​មានដល់ក្រុមហ៊ុនចិននេះថា បើត្រឹមដំណាច់ឆ្នាំ២០២១ នៅតែមិនមានសកម្មភាពប្រតិបត្តិការរុករក និង​ចម្រាញ់រ៉ែមាសទេ​ ក្រសួងនឹងលុប​អាជ្ញាប័ណ្ណក្រុមហ៊ុន ហើយដាក់ដេញថ្លៃ បន្តឱ្យក្រុមហ៊ុនថ្មី ចូលធ្វើជំនួស​។

ការបិទ​ និងហាមឃាត់​អ្នកភូមិ​ មិនឲ្យរុករករ៉ែមាសនេះ ត្រូវបាន​គេលើកឡើងថា ក្រសួង​ ទុក​លក់​ឲ្យក្រុមហ៊ុន​ ធ្វើអាជីវកម្ម​។

​ប៉ុន្តែ​មន្ត្រីជំនាញ បានឲ្យដឹងថា ការមិនអនុញ្ញាត​ឱ្យអ្នកភូមិ អាច​បង្កើតសហគមន៍​រ៉ែមាសឡើងវិញនេះ​ ព្រោះតែ​ក្រសួងជំនាញ ព្រួយបារម្ភពីបញ្ហាសុវត្ថិភាពមនុស្សទូទៅ ជាពិសេស គឺសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកភូមិ ដែលពួកគាត់ មិនមែនជាផ្នែកជំនាញ ក្នុងការរករ៉ែមាស ពោលគឺគាត់ចេះតៗគ្នា​ប៉ុណ្ណោះ​។

មន្ត្រីដដែល បន្តថា កន្លងមក សកម្មភាពរបស់ពួកគាត់ ក៏បានប៉ះពាល់​ដល់បញ្ហាបរិស្ថាន និងធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្ស នៅ​ក្នុងការដ្ឋាន​អណ្ដូងរ៉ែថែមទៀត​។

បើតាមមន្ត្រីជំនា​ញ ក្នុងករណី​ដែលបងប្អូនប្រជាពលរដ្ឋ ត្រូវតែបើកអាជីវកម្មរ៉ែ​មាសនោះ ពួកគាត់​ត្រូវចងក្រងគ្នា បង្កើតជាក្រុមហ៊ុនជំនាញ ដែលមានបច្ចេកទេស ក្នុងការ​រុករករ៉ែមាស ដើម្បីសុំច្បាប់​ពីក្រសួងរ៉ែ និងថាមពល សម្រាប់អាជីវកម្មរ៉ែ​នេះ៕ ដោយ៖ សាយ  ករុណា