ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារលិខិត ១៤មករា ជូនអ្នក​កាសែត៖ សរសើរផង ណែនាំផង និងព្រមានផង!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងសារលិខិត ៤ទំព័រ ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា…

ភ្នំពេញ៖ ក្នុងសារលិខិត ៤ទំព័រ ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បាន​លើក​សរសើរអ្នកកាសែត ក្នុងការងារកន្លងមក ទោះបីជាប្រឈមនឹង​កូវីដក៏ដោយ។

ក្នុងសារលិខិត​ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារ​ ណែនាំដល់អ្នកកាសែត ឲ្យបន្តអនុវត្តវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ «កុំ​បំពានសិទ្ធិអ្នកដទៃ កុំ​បំភ្លៃការពិត»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមាន​ដល់អ្នកកាសែត​មួយចំនួនតូច ដែល​បាន និងកំពុងប្រើប្រាស់​ស្ថាប័ន​ព័ត៌មាន ធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ ការដើរតួនាទី​ជាចៅក្រមកាត់សេចក្តីនូវរឿង​ទំនាស់ បញ្ហាដីធ្លី ការផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលបរិយាកាសសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប្រាសចាក​ពីវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើ​ឲ្យខូចតម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់​ស្ថាប័ន​សារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវ​តាមក្រមសីលធម៌វិជ្ជាជីវៈ​។

ក្នុងសារលិខិត សម្តេចតេជោ បានរម្លឹកពីជំនួបលើកទី៤ រវាងរាជរដ្ឋាភិបាល ជាមួយ​អ្នកសារព័ត៌មាន កាលពីឆ្នាំកន្លងទៅ ដោយរាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រ​ចិត្តសម្តេចតេជោ សែន ដើម្បីការពារអ្នកសារព័ត៌មានតាមការស្នើសុំ​របស់ស្ថាប័ន​សារព័ត៌មាន ដើម្បីជួយសម្រួលដល់​ការលំបាករបស់បងប្អូន​។ ប៉ុន្តែ​សម្តេចតេជោ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងមិន​អត់ឱន​ដល់អ្នកសារព័ត៌មាន ដែលបំពាន​ច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិត ជ្រកក្រោមស្លាកសារព័ត៌មាន បំរើ​ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀប​រៀបរយសង្គមឡើយ។

សម្តេចតេជោ គូសបញ្ជាក់ថា កន្លងមក សម្តេចបានលើកឡើងថា ជំងឺកូវីដ១៩ ជាជំងឺឆ្លងកាចសាហាវ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម គឺវាកាច​សាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទៅទៀត ដែលទាមទារ​ឲ្យរាជរដ្ឋាភិបាល ចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជន និងថែរក្សា​សុខសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា។

សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី១៤ ខែមករា ដែលជាថ្ងៃខួបសម្តេច ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ថ្ងៃ១៤មករា ឆ្នាំ១៩៨៥​ ជាថ្ងៃជួបសំណេះសំណាល និងទទួលទានអាហារពេលល្ងាច​ជាមួយក្រុមអ្នកកាសែតរាប់ពាន់នាក់​។

សម្តេច បានជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន ​លើកដំបូង នៅ​ថ្ងៃទី​១៤ ​ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំបេញ។ លើក​ទី​​២ នៅ​ថ្ងៃ​ទី​២១ ខែ​​មករា ឆ្នាំ​​២០១៨ នៅកោះពេជ្រ។ ​​លើក​ទី​៣ នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩ នៅកោះពេជ្រ និងលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ​។

ក្នុងជំនួ​ប​លើកទី៥​ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មិនត្រូវបានរៀបចំទេ ដោយសារតែ​កម្ពុជា​​ប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ នៅឡើយ៕