ខេត្តកណ្ដាល ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃ១២ ខែមករា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាលួចមិនរើសមុខស្អីក៏លួចឲ្យតែយកទៅលក់បានលុយចាយ។ ជនសង្ស័យរូបនោះឈ្មោះ សៀម សំណាង ភេទប្រុ ស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង២ រសៀលថ្ងៃទី១១ ខែមករា ជនរងគ្រោះឈ្មោះ តុង ជាវឡេង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល បានយកម៉ាស៊ីនភ្លើងប្រើសាំងធុនតូចមួយគ្រឿង ទៅបូមទឹកស្រះដើម្បីស្រោចស្រប់ដំណាំ នៅក្នុងចម្ការខាងក្រោយផ្ទះ។ ខណៈម៉ាស៊ីនបូមដឹកកំពុងដំណើរស្ត្រីម្ចាស់ចម្ការបានដើរមកផ្ទះដើម្បីរកអីហូប ចុកបន្តិចបន្តួច ព្រោះជាការហេវហត់ និងអស់កម្លាំងរវល់ធ្វើការងារ តាំងពីព្រឹករហូតដល់ថ្ងៃបាក់រសៀល។
ឃើញឱកាសល្អយ៉ាងដូច្នោះជនសង្ស័យបាន ជនសង្ស័យបានដើរលបចូលទៅផ្តាច់ខ្សែភ្លើង និងលើកលីលួចយកម៉ាស៊ីនភ្លើងនោះ គេចខ្លួនចេញបាត់ទៅ។ មួយសន្ទុះម្ចាស់ចម្ការបានមានការសង្ស័យ ព្រោះស្ងាត់លែងឮសំឡេងម៉ាស៊ីនភ្លើងឆេះ ដំបូងនឹកស្មានថាម៉ាស៊ីនភ្លើងអស់សាំង ដោយមិនអស់ចិត្តគាត់ក៏បានដើរទៅមើលស្រាប់តែបាត់ម៉ាស៊ីនភ្លើងដែលដាក់បូមទឹកនៅស្រះ ភ្លាមនោះគាត់ជាម្ចាស់បានដើររកមើលដែរ តែរកមិនឃើញទើមមានការសង្ស័យចោរលួចប្រាកដជាចោរលួច ក៏បានទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យដឹងរឿងនេះ និងឲ្យជួយស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនចោរលួចម៉ាស៊ីនបូមទឹកនោះ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប ស្រុងស្អាង ខេត្តកណ្តាល បើកការស៊ើបអង្កេតឈានទៅដល់កំណត់មុខសញ្ញា រំលងបាន១ថ្ងៃក្រោយមកទើបធ្វើការឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងមកវិញមាន ៖ ១.ម៉ាស៊ីនបូមទឹក១ គ្រឿង ប្រភេទប្រើសាំង, ២.កាំបិតផ្គាក់១ ផ្លែដែក ដងឈើ មានប្រវែងជិតកន្លះម៉ែត្រ,៣.ដង្កាប់១ ធ្វើអំពីដែកដងជ័រ ពណ៌ក្រហម។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ាស៊ីនបូមទឹកនោះប្រាកដមែន ហើយលួចក្នុងគោលបំណងយកទៅលក់ ដើម្បីបានប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះជនសង្ស័យបានសារភាពទៀតថា កន្លងមករូបគេធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាលួចម៉ូតូ លួចម៉ាស៊ីនបូមទឹក លួចម៉ាស៊ីនបាញ់ថ្នាំ លួចអាគុយ លួចកាប់ចេក លួចបេះផ្លែស្វាយ និយាយរួមទៅលួចមិនរើសមុខ ឃើញអីលួចនឹងឲ្យតែលួចទៅលក់បានលុយ។ បន្ទាប់ពីសាកសួរយកចម្លើយគ្រប់ជ្រុងជ្រោយហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប បានបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ