រាជធានីភ្នំពេញ ៖ ដើម្បីជំរុញការលក់គម្រោងខុនដូរបស់ EnMaison ដែលមានទីតាំង នៅតំបន់ជ្រោយចង្វា ក្រុមហ៊ុនអចលនទ្រព្យពីររួមមាន ៖ ក្រុមហ៊ុន International Property Investor Network (IPIN) និងក្រុមហ៊ុនអចលនទ្រព្យ A1 Realty Investment បានចាប់ដៃគ្នាសហការលក់គម្រោងខុនដូនេះ ខណៈអ្នកជំនាញអចលនទ្រព្យបានមើលឃើញពីសញ្ញាវិជ្ជមានឡើងវិញនៅឆ្នាំ ២០២១ បន្ទាប់ពីរងគ្រោះពេញមួយឆ្នាំកន្លងទៅ ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាងគ្នាកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ នៅអគារការិយាល័យគម្រោង EnMaison ជ្រោយចង្វា លោក គួន យី នាយក ប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ IPIN បានមានប្រសាសន៍ថា នៅដើមឆ្នាំ ២០២១ នេះ វិស័យខុនដូក៏ដូចជាវិស័យអចលនទ្រព្យ ត្រូវបានមើលឃើញថាហាក់មានសញ្ញាវិជ្ជមានឡើងវិញបន្ទាប់ពីបានរងផលប៉ះពាល់ ដោយសារតែវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ ២០២០ កន្លងទៅ ។
លោកបន្តថា ដោយមើលឃើញពីសញ្ញាវិជ្ជមានទាំងនេះ ក្រុមហ៊ុន IPIN បានសម្រេចចុះហត្ថលេខាជាមួយក្រុមហ៊ុន A1 Realty Investment ក្នុងការលក់ខុនដូរបស់គម្រោង EnMaison នៅទឹកដីជ្រោយចង្វា ។ កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរនឹងជំរុញឱ្យការលក់គម្រោងនេះកាន់តែមានសន្ទុះបន្ថែមទៀត ដោយសារតែក្រុមហ៊ុនទាំងពីរសុទ្ធតែជាក្រុមហ៊ុនដែលមានបទពិសោធន៍ ហើយបានលក់គម្រោងជាច្រើនមកហើយនៅឆ្នាំកន្លងទៅ ។ លោកថា ៖ « IPIN គឺជាក្រុមហ៊ុនមានជំនាញ ផ្ដល់សេវាកម្មប្រឹក្សាយោបល់ការវិនិយោគអចលនទ្រព្យ ជាពិសេសគឺគម្រោងខុនដូជូនអតិថិជនក្នុង និងក្រៅប្រទេសជាមួយនឹងការកសាងទំនុកចិត្ត ការពារផលប្រយោជន៍ និងបង្កើនទំនាក់ទំនងល្អជាមួយអតិថិជនក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាអោយរីកចម្រើនបន្ថែមទៀត ។
លោកបន្ថែមថា ថ្វីត្បិតតែឆ្នាំ ២០២០ និងបច្ចុប្បន្ន កម្ពុជាជួបប្រទះនឹងវិបត្តិកូវីដ-១៩ ក្តី តែការអភិវឌ្ឍវិស័យអចលនទ្រព្យ និងចរន្តសេដ្ឋកិច្ចកម្ពុជានៅតែបន្តសកម្មភាពដោយគម្រោងអភិវឌ្ឍន៍អគារនានាបានបង្កើនល្បឿនក្នុងការអភិវឌ្ឍ និងសាងសង់គម្រោងរបស់ខ្លួនដើម្បីសម្រេចតាមផែនការគ្រោងទុក ។ នេះសបញ្ជាក់ឱ្យឃើញថាគម្រោងខុនដូនីមួយៗគេមានកញ្ចប់ថវិការួចជាស្រេចក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន ជាក់ស្ដែងគម្រោងរបស់ Morgan EnMaison នេះជាដើម ។
លោក សេក សារ៉ាន់ ស្ថាបនិកក្រុមហ៊ុន A1 Realty Investment បានអោយដឹងថា រហូតមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានគម្រោងអចលនទ្រព្យជាច្រើនបាននិងកំពុងអភិវឌ្ឍន៍យ៉ាងរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានកំពុងជំរុញការលក់គម្រោងរបស់ខ្លួនផងដែរ បើទោះសេដ្ឋកិច្ចត្រូវបានវាយប្រហារដោយសារតែកូវីដ-១៩ ក្តី ។
លោកបន្តថា សម្រាប់កិច្ចសហការរវាងក្រុមហ៊ុន IPIN និងក្រុមហ៊ុន A1 Realty Investmen ក្នុងការលក់គម្រោង Morgan EnMaison ដោយសារតែមើលឃើញគម្រោង Morgan នៅតែបន្តសកម្មភាពអភិវឌ្ឍន៍ទោះបីជាកម្ពុជាជួបបញ្ហាកូវីដ-១៩ ជាក់ស្ដែងគម្រោងមួយរបស់ Morgan Group បានបញ្ចប់ការសាងសង់កាលពីពេលថ្មីនេះនៅទីក្រុងរណបកោះពេជ្រ ដែលសបញ្ជាក់អោយឃើញថាក្រុមហ៊ុនពិតជាមានកញ្ចប់ថវិកាគ្រប់គ្រាន់ក្នុងការបន្តគម្រោងអភិវឌ្ឍន៍របស់ខ្លួន ។
លោកDing Yongjun អគ្គនាយកក្រុមហ៊ុន Morgan Goup បានអោយដឹងថា ទោះបីជាមានវិបត្តិដោយសារតែកូវីដ១៩ក្ដី ក្រុមហ៊ុនមិនបានផ្អាកសកម្មភាពអភិវឌ្ឍឡើយ ហើយសម្រាប់ឆ្នាំ២០២១នេះក្រុមហ៊ុននឹងបន្តអភិវឌ្ឍន៍គម្រោងដើម្បីឱ្យបញ្ចប់តាមផែនការរបស់ខ្លួន ៕ ដោយសហការ
ចែករំលែកព័តមាននេះ