ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវកៅស៊ូពីថៃ ភ្ជាប់មកច្រកថ្មដា​ហើយ ដើម្បីត្រៀមបើកច្រក​សេដ្ឋកិច្ច​ពិសេស

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖  បន្ទាប់ពីផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តពោធិ៍សាត់ ដល់ឃុំថ្មដា ស្រុកវាលវែងស្ថាបនារួចមក  ឥឡូវនេះ ខាងអាជ្ញាធរភូមិសេន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត…

ខេត្តពោធិ៍សាត់៖  បន្ទាប់ពីផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តពោធិ៍សាត់ ដល់ឃុំថ្មដា ស្រុកវាលវែងស្ថាបនារួចមក  ឥឡូវនេះ ខាងអាជ្ញាធរភូមិសេន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ  បានកសាងផ្លូវកៅស៊ូ មកតភ្ជាប់ច្រកថ្មដា ក្នុង​ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់​ហើយ។ ការតភ្ជាប់ផ្លូវកៅស៊ូពីខាងភាគីថៃនេះ ដើម្បីត្រៀមបើកច្រកសេដ្ឋកិច្ចពិសេស តាមការគ្រោងទុករវាងកម្ពុជា និងថៃ។

កំណាត់ផ្លូវនេះ ត្រូវបានសាងសង់ឡើង ដោយក្រាលកៅស៊ូ​ប្រភេទ AC មានទទឹង ១៤ម៉ែត្រ ប្រវែងជិត ២គីឡូម៉ែត្រ ចែកចេញជា ៤គន្លង។

​អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា  ការសម្រេចសាងសង់កំណាត់ផ្លូវនេះឡើង បន្ទាប់ពីសភាថៃបានអនុម័ត និងបន្ទាប់ពីលោក ឆ័ត្រប្រឆៃ ផនម៉នឡឺដ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ បានចារឯកភាព តាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក  ពាក់ព័ន្ធទៅនឹងការពន្លឿនបើកច្រកព្រំដែនអន្តរជាតិថ្មដា​។

ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនេះ គឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀត រវាងប្រទេសថៃ និងប្រទេសកម្ពុជា​។

លោក​ ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ ​បានជួបពិភាក្សាជាញឹកញាប់ជាមួយភាគីថៃ ដើម្បីជជែកពីការតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត តាមរយៈបើក​ច្រកព្រំដែន​ថ្មដានេះ​។

ស្រុកវាលវែង ជាស្រុកកើតក្រោយការធ្វើសមាហរណកម្ម  និង​ជាស្រុកសមរភូមិ​ប្រយុទ្ធឈ្ងៀមទៅដោយគ្រាប់រំសេវ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ តែឥឡូវនេះ វាលវែង បាន និងកំពុងប្រែខ្លួន ទៅជាតំបន់មានសក្តានុពលខ្ពស់ លើវិស័យទេសចរណ៍ និងកសិកម្ម។

បច្ចុប្បន្ន ច្រកថ្មដា មានការវិនិយោគអភិវឌ្ឍលំនៅឋាន សណ្ឋាគារ ផ្សារ កាស៊ីណូ កន្លែងលំហែកាយ  ព្រមទាំងមានទឹកជ្រោះ និងទេសភាពភ្នំ ១៥០០ យ៉ាងស្រស់ស្អាត ខណៈស្រុក​មឿង ខេត្តត្រាត ប្រទេសថៃ ជាតំបន់ទេសចរណ៍ ជាប់មាត់សមុទ្រ​ដែរនោះ។ គេសង្ឃឹមថា ទៅថ្ងៃអនាគតច្រកព្រំដែន​អន្តរជាតិ​ថ្មដា  នឹងក្លាយ​ជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរ​កំសាន្តរបស់ភ្ញៀវទេសចរ​ជាតិ‑អន្តរជាតិ  និងការដោះដូរទំនិញគ្នា​ទៅវិញទៅមក រវាងប្រទេសទាំងពីរ កម្ពុជា‑ថៃ​៕ ដោយ៖ សែម សុគន្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ