រាជធានីភ្នំពេញ ៖ តាមរយៈការសិក្សារស្រាវជ្រាវ មានកត្តា២ ដែលជាហេតុរារាំងការគិតរបស់មនុស្សមិនឱ្យទទួលបានជោគជ័យ ។ យោងតាមការលើកឡើងរបស់អ្នកជំនាញខាងផ្នែកចំណេះដឹងផ្សេងៗបានឱ្យដឹងកត្តាទាំងពីរនោះមានដូចជា កត្តាខាងក្នុង និងខាងក្រៅ ។
តោះ! មកស្តាប់កត្តាទាំងពីរ ដែលជាការបកស្រាយ និងចែករំលែក ពីជំនាញមួយរូប ។
លោកគ្រូ សោម សម្បត្តិ ដែលជាអគ្គនាយកក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បានបកស្រាយដូចនេះថា ៖
កត្តាខាងក្នុង ៖ មានន័យថា ការយកឈ្នះលើខ្លួនឯង កត្តានេះសំខាន់បំផុត ចង់មិនចង់ គឺមកពីខ្លួនយើង ។ មានទ្រឹស្តីមួយគេថា ប្រសិនជាយើងយកឈ្នះលើខ្លួនឯងបាន មានន័យថា យើងយកឈ្នះបាន ៥០ ភាគរយ ។ ចឹងយើងនៅសល់តែ ៥០ ភាគរយទៀត ដែលយើងស្វែងរកបន្ថែម ដើម្បីភាពជោគជ័យរបស់យើង ។ ឧទាហរណ៍រឿងរបស់ខ្ញុំផ្ទាល់ខ្ញុំរៀនបានថ្នាក់ទី៦ទេ ប៉ុន្តែសម្រាប់អ្នកខ្លះវិញ ប្រាកដជា គាត់គិត និងយកលេសដាក់ខ្លួនថា ហ៊ម!យើងរៀនបានប៉ុណ្ណឹងយើងទៅធ្វើអ្វីធំដំនឹងគេមិចកើត យើងទៅរកស៊ីឱ្យមានស្អីកើត បើរៀនបានតែប៉ុណ្ណឹងហើយក្រទៀត ។ ប៉ុន្តែសម្រាប់ខ្ញុំវិញ ខ្ញុំយកឈ្នះខ្លួនឯង ខ្ញុំមិនជឿថារៀនត្រឹមថ្នាក់ទី៦ គឺជាកម្រិតមួយដែលកំណត់ចំំណេះដឹងរបស់ខ្ញុំទេ ខ្ញុំមិនយកចឹងទេ។ ខ្ញុំជឿថាបើយើងខ្វះការស្វែងរកចំណេះដឹង គឺយើងនឹងទទួលបានចំណេះដឹងច្រើនជាងអ្នកដែលគាត់រៀនតែមួយមុខ ហើយបានសញ្ញាប័ត្រនឹងនោះទេ ។
ដូចខ្ញុំធ្លាប់បានបកស្រាយហើយថា ចំណេះដឹងមាន ៣ ដែលមនុស្សត្រូវរៀនគឺទី១ ចំណេះដឹងទូទៅ ទី២ ចំណេះដឹងខាងវិជ្ជាជីវៈ និងទី៣ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ។ ចឹងខ្ញុំគិតថា អ្នកខ្លះគាត់ចេះបានតែមួយមុខទេ បានតែចំណេះដឹងទូទៅខ្ពស់ ប៉ុន្តែគាត់មិនបានមានការយល់ដឹងខាងវិជ្ជាជីវៈ មិនមានការយល់ដឹងខាងហិរញ្ញវត្ថុ ។ គាត់ក៏មិនអាចកសាងខ្លួនឱ្យទៅជាអ្នកមានបានទេ ។ ចឹងកន្លែងន័យនេះ អ្វីដែលសំខាន់គឺយើងយកឈ្នះខ្លួនឯង ប្រសិនជាអ្នកដទៃថាយើងល្ងង់ ធ្វើយ៉ាងម៉េចកុំទៅល្ងង់តាមអ្នកដទៃទៅបានហើយ បើគេថាយើងក្រ កុំទៅក្រតាមគេថា ។ នេះជាចំណុចដែលយើងត្រូវយកឈ្នះ និងឆ្លងកាត់ឱ្យបាន ។
កត្តាខាងក្រៅ ៖ ជាទូទៅគេពុះជាពីរ ៖ ទី១ គឺសង្គម ទី២ គឺធម្មជាតិ ។ ចំណុចសង្គមសំខាន់ណាស់ដូចគ្នានឹងចំណុចដទៃដែរ មនុស្សដែលរស់នៅក្នុងប្រទេសក្រីក្រ សង្គមដែលសម្បូរទៅដោយមនុស្សក្រីក្រ សង្គមដែលមានមនុស្សមានការអប់រំទាប នោះយើងឃើញមនុស្សភាគច្រើនក្នុងសង្គមនោញ ក៏មិនសូវមានភាពវ័យឆ្លាតដែរ ប៉ុន្តែប្រសិនយើងក្រឡេកមើលទៅក្នុងសង្គម ក្នុងប្រទេសអ្នកមានវិញ សង្គមដែលសម្បូរទៅដោយមនុស្សចេះ យើងឃើញថាក្មេងៗក្នុងសង្គមគេនោះសុទ្ធសឹងតែជាក្មេងៗឆ្លាត ដូចវាទាក់ទងក្នុងសង្គមនេះឯង ។ ចំណែកនៅក្នុងសង្គមកម្ពុជាវិញ ជាសង្គមដែលសម្បូរទៅដោយមនុស្សឆ្លាត និងមានសមត្ថភាព ពីព្រោះក្នុងសង្គមមួយមានមនុស្សឆ្លាត និងសមត្ថភាពច្រើនទេ ទើបសង្គមនោះអាចក្លាយជាសង្គមអ្នកមាន ហើយបើសង្គមអ្នកមានទើបប្រទេសជាតិអាចក្លាយជាអ្នកមាន ។
ដូចនេះបានជាពួកយើងតែងតែបង្កើតកម្មវិធីជជែក ពិភាក្សារ ក្នុងការបណ្តុះបណ្តាលជំនាញផ្សេងៗនឹង ពីព្រោះយើងដឹងច្បាស់ថា កត្តាខាងក្នុងបើទោះបីមនុស្សនោះពូកែយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនជាសង្គមនឹងមិនបានឆ្លុះបញ្ជាំង មិនបានជួយគាត់ឱ្យគាត់ប្រើប្រាស់សក្តានុពលរបស់គាត់នោះទេ (ធ្វើម៉េចឱ្យគាត់អាចប្រើសក្តានុពលរបស់គាត់) នោះគាត់អាចនឹងជួបការលំបាករបស់គាត់ដែរ គាត់អាចជំនះនៃស្ថានភាពដ៏លំបាកនឹងបានដូចខ្ញុំចឹង យើងអាចជំនះបាន ក៏ប៉ុន្តែវាអាចមួយភាគមួយលាន វាអាចនិយាយបានថា មួយលាននាក់មានម្នាក់អាចធ្វើបាន ។
ហើយយើងត្រូវរួមគ្នាបង្កើត សង្គមមួយដែលសម្បូរអ្នកចេះ សម្បូរអ្នកចែករំលែក នោះជាហេតុដែលនាំនិងជំរុញឱ្យបុគ្គលនឹងទទួលបានជោគជ័យកាន់តែច្រើន។ ងាកមកមើលកត្តាធម្មជាតិវិញម្តង ឧទាហរណ៍ថា មេឃកំពុងភ្លៀង ហើយកំពុងធ្វើការផ្សាយ ប្រសិនជាយើងគិតថាមេឃកំពុងតែភ្លៀងមានសំលេងរំខានយើងនិយាយមិនកើត មានន័យថាយើងទៅបន្ទោសធម្មជាតិ (អ្នកណាមិនដឹងថាខែនេះជាខែភ្លៀង) ដូចនេះយើងមិនចាំបាច់បន្ទោសធម្មជាតិទេ។
មានន័យថាប្រសិនជាមេឃភ្លៀងយើងព្យាយាមតំឡើងសំលេងតិចទៅ នោះប្រិយមិត្តអាចស្តាប់លឺការផ្សាយរបស់យើងហើយ ប៉ុន្តែប្រសិនជាយើង មេឃភ្លៀងចឹងយើងពិបាកនិយាយ មានន័យថា អារម្មណ៍យើងបានចុះចាញ់ភ្លៀងបាត់ទៅហើយ។ ពាក្យថាយកឈ្នះធម្មជាតិមិនមែនមានន័យថាយើងទៅបញ្ឈប់ភ្លៀងនោះទេ ប៉ុន្តែយើងយកឈ្នះថាយើងអាចធ្វើការនៅពេលភ្លៀងបាន ៕
ចែករំលែកព័តមាននេះ