ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ពន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នា​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ នា​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ បាន​តម្រូវ​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម​ពាក់​ព​ព័ន្ធ​សំណុំរឿង​ចំនួន​៤​បទល្មើស ករណី​ទិញ​លក់​ដី​រដ្ឋ​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​។ ការ​នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​បន្ថែម ប្រយោជន៍​បិទ​ការ​ស៊ើបអង្កេត ដើម្បី​ឈាន​ទៅ​ដាក់​ការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​។

ក្រោយ​ពី​សាកសួរ​រួចរាល់​ហើយ អនុរក្ស​ពន្ធនាគារ​បាន​នាំ​ខ្លួន​ឧកញ៉ា សង ថន ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ នា​ល្ងាច​ថ្ងៃ​ដដែល​នេះ​។ សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២០ ចៅក្រម​ស៊ើបសួរ​បាន​ឲ្យ​អនុរក្ស​ពន្ធនាគារ នាំ​ខ្លួន​ឧកញ៉ា សង ថន មក​សាកសួរ​ម្តង​ហើយ​លើ​សំណុំរឿង​ចំនួន​៤​ករណី​នេះ ប៉ុន្តែ​ទំនង​សួរ​មិន​ទាន់​អស់​សេចក្តី​ទើប​តម្រូវ​ឲ្យ​នាំ​ឧកញ៉ា​មក​សួរ​បន្ថែម​ទៀត​។

ជនជាប់សង្ស័យ​ឧកញ៉ា សង ថន ដែល​មាន​អាយុប្រមាណ​៧០​ឆ្នាំ រូប​នេះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់​ចំនួន​៤​បទល្មើស​រួម​មាន​៖ ១- បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ២-​បទ​ផ្តើមគំនិត​ក្នុង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ៣-​បទ​គៃបំបាត់​ដោយ​ទុច្ចរិត និង​៤-​បទ​សូកប៉ាន់​តាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ផ្លូវការ​ហើយ ឧកញ៉ា សង ថន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ រួម​ជាមួយ​ជនជាប់សង្ស័យ​ម្នាក់​ទៀត ឈ្មោះ ស៊ូ អា​រ៉ា​ហ្វា​ត់ អតីត​ជា​អភិបាលរង​ខេត្តបាត់ដំបង ដោយ​ជាប់ចោទ​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត និង​បទ​ស៊ីសំណូក​។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​ជា​បន្តបន្ទាប់​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​ឧកញ៉ា សង ថន មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ស្មើនឹង​១​ភាគ​៤​នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ