ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រិះគន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា​អសមត្ថភាព បណ្តោយ​ឱ្យ​ឆេះ​ប្រអប់​កុង​ទ័​រ​ភ្លើង​អស់​ជាង​១០

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ប្រអប់​កុង​ទ័​រ​ភ្លើង​ជាង​១០​នៅ​ក្រោយ​ពេទ្យ​នាគ​ទេព តាម​ផ្លូវ​លោកតា​ណឺ​យ ត្រូវ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ក្នុង​ការ​មក​ជួយ​ពន្លត់​ឱ្យ​បាន​ទាន់​ពេលវេលា​ដូច​ពលរដ្ឋ​ត្រូវការ

ខេត្តសៀមរាប​ ៖ ប្រអប់​កុង​ទ័​រ​ភ្លើង​ជាង​១០​នៅ​ក្រោយ​ពេទ្យ​នាគ​ទេព តាម​ផ្លូវ​លោកតា​ណឺ​យ ត្រូវ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ក្នុង​ការ​មក​ជួយ​ពន្លត់​ឱ្យ​បាន​ទាន់​ពេលវេលា​ដូច​ពលរដ្ឋ​ត្រូវការ ព្រោះ​សមត្ថកិច្ច​ប្រហែលជា​កំពុង​ប្រចាំ​គ្នា ទើប​បណ្តាល​កាប៊ី​ន​ភ្លើង​មួយ​ដើម​ដែល​មាន​ជាង​១០​ប្រអប់​នេះ​ត្រូវ​បាន​ឆេះ​ស្ទើរ​អស់ទាំង​ស្រុង​ ។

ហេតុការណ៍​ឆេះ​កាប៊ី​ន​ភ្លើង​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​ក្រោយ​ពេទ្យ​នាគ​ទេព ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​​រិះគន់​ធ្ងន់​ៗ​ថា មុន​ពេល​ភ្លើង​ឆេះ​ប្រអប់​កុង​ទ័រ​​ភ្លើង​នោះ ពួក​គាត់​បាន​ទូរស័ព្ទ​ទៅ​ហៅ​ខាង​អគ្គិសនី​ឱ្យមក​ជួយ​ផ្តាច់​ភ្លើង​កុំឱ្យ​ឆ្លង​ទៅ​ប្រអប់​ផ្សេង​ទៀត​ដែរ តែ​​រយៈ​ជាង​១​ម៉ោង​គ្មាន​ឃើញ​ខាង​ណា​មក​សោះ តើ​ឱ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​ទៅ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៀតឬ​អត់ ។ ប្រជាពលរដ្ឋ​បាន​បន្ត​ថា ខណៈ​ពួក​គេ​បាន​ហៅ​ជា​លើក​ទី​២​នោះ ក៏​គ្មាន​ឃើញ​ខាង​ណា​មក​ដែរ​ រហូត​ឆេះ​ឆ្លង​ពី​ប្រអប់​មួយ​ទៅ​ប្រអប់​មួយ​ក្នុង​ចំណោម​ជាង​១០​ប្រអប់​នោះ ។ នេះ​ប្រហែលជា​មក​ពី​ខាង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ប្រចាំ​គ្នា​ជាមួយ​ខាង​អគ្គិសនីហើយ​មើល​ទៅ​ ទើប​ធ្វើ​ឱ្យ​ឆេះ​ស្ទើរ​អស់ទាំង​ស្រុង​បែប​នេះ ។

​ជុំវិញ​ករណី​ឆេះ​កាប៊ី​ន​ភ្លើង​នៅ​ក្រោយ​ពេទ្យ​នាគ​ទេព​ខាងលើ​នោះ លោក​វរសេនីយឯក សំ សុ​ជាតិ ស្នងការ​រង​ទទួល​បន្ទុក​ពន្លត់ និង​បង្ការ​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា​នេះ​ថា លោក​បាន​រៀបចំ​កម្លាំង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​រួចរាល់​ហើយ តែ​ខាង​អគ្គិសនី​បាន​ប្រាប់​មក​វិញ​ថា មិនបាច់​ចេញ​រថយន្ត​ទេ ព្រោះ​អគ្គិសនី​បានឱ្យ​កម្លាំង​ជំនាញ​ទៅ​ផ្តាច់​ចរន្ត​ខ្សែ​ធំ​រួចរាល់​អស់ហើយ មិន​អាច​ឆ្លង​ទៅ​​​ប្រអប់​កុងទ័រ​​ផ្សេង​បាន​ទេ ។ លោក​បន្ត​ថា ករណី​ឆេះ​កាប៊ី​ន​ភ្លើង​នៅ​ក្រោយ​ពេទ្យ​នាគ​ទេព​ស្ទើរ​អស់ទាំង​ស្រុង​នោះ មិនមែន​ជា​កំហុស​ខាង​លោក​ទេ ព្រោះ​អី​ខាង​អគ្គិសនី​គេ​មិន​ឱ្យ​ចេញ​ឡាន ។

ពាក់​ព័ន្ធ​នឹង​រឿង​ឆេះ​បង្គោល​អគ្គិសនី​នេះ​ដែរ «កោះសន្តិ​ភាព​»​បាន​ទូរស័ព្ទ​ទៅ​ លោក​និត​ មន្ត្រី​អគ្គិសនី​ខេត្ត​ ខណ​ៈពេល​ភ្លើង​កំពុង​ឆេះ​នោះ លោក​ឆ្លើយ​ថា បាន​បញ្ជូន​កម្លាំង​ទៅ​បិទ​ប៉ារ៉ែតធំ​ហើយ មិន​អី​ទេ ។

​គួរ​រំលឹក​ផង​ដែរ​ថា ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ និង​ខាង​អគ្គិសនី ដូច​ករណី​ឆេះ​បង្គោល​ភ្លើង​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​នេះ​ជាដើម គ្មាន​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ ឬ​ខាង​អគ្គិសនី​មក​ជួយ​ពន្លត់​ឱ្យ​បាន​ដូច​ចិត្ត​របស់​ប្រជាពលរដ្ឋ​ដែល​ចង់បាន​នោះ​ទេ ព្រោះ​បើ​គ្មាន​លុយ ឬ​គ្មាន​ខ្សែ ពួក​គេ​មិន​មក​ជិត ឬ​ធ្វើ​ជា​យឺតយ៉ាវ ​ណ្តាល​មក​ពី​រថយន្ត​ខូច ឬ​ក៏​រថយន្ត​… ដូច​ករណី​ឆេះ​ផ្ទះ​នៅ​ក្នុង​ក្រុង​សៀមរាប​កន្លង​ទៅ​ជាដើម បើ​ប្រជា​ពលរដ្ឋ​ហៅ​តាម​ទូរស័ព្ទ កំណត់​ឱ្យ​យ៉ាងតិច​១​ម៉ោង ​ទៅ​២​ម៉ោង​ទើប​មក​ដល់ នេះ​ឬ​សមត្ថ​កិច្ច​​ជួយ​ពលរដ្ឋ​នោះ ៕