ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាម​អុជ​ខ្មៅ​ជា​បញ្ហា​សម្រាប់​សុខភាព​ស្បែក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សម្ផស្ស​ស្ត្រី

10 ឆ្នាំ មុន

ស្នាម​អុជ​ខ្មៅ​គឺជា​បញ្ហា​សម្រាប់​សុខភាព​ស្បែក​ពិសេស​ជា​បញ្ហា​សម្រាប់​សម្ផស្ស​របស់​ស្ត្រី​តែ​ម្តង​លែង​មានការ​ទាក់ទាញ ដែល​ចាំបាច់​ត្រូវ​តែ​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បំបាត់​បញ្ហា​នេះ​ជា​បន្ទាន់

ស្នាម​អុជ​ខ្មៅ​គឺជា​បញ្ហា​សម្រាប់​សុខភាព​ស្បែក​ពិសេស​ជា​បញ្ហា​សម្រាប់​សម្ផស្ស​របស់​ស្ត្រី​តែ​ម្តង​លែង​មានការ​ទាក់ទាញ ដែល​ចាំបាច់​ត្រូវ​តែ​រក​ដំណោះស្រាយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​បំបាត់​បញ្ហា​នេះ​ជា​បន្ទាន់ តែ​មិនមែន​ចេះ​តែ​ទិញ​ផលិតផល​យក​មក​ប្រើប្រាស់​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​នោះ​ទេ យក​ល្អ​គួរ​រត់​រក​ជំនាញ ។

ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នកឯកទេស​ផ្នែក​រោគ​សើ​ស្បែក នៃ​គ្លិ​និក​សើ​ស្បែក និង​សម្ផស្ស ស្រេង រាសី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្បែក​លោក​អ្នក​អាច​មាន​ស្នាម​អុជ​ខ្មៅ​ខុស​ៗ​គ្នា ទៅ​តាម​ប្រភេទ​ស្នាម​នីមួយ​ៗ​ដូច​ជា​៖

-​ប្រជ្រុយ ៖ ប្រជ្រុយ​ក៏​ធ្វើ​ឱ្យ​ស្បែក​របស់​លោក​អ្នកមាន​ស្នាម​អុជ​ខ្មៅ​ដុំ​តូច​ៗ ឬ​ធំ​ៗ ហើយ​ក៏​មាន​ប្រជ្រុយ​ខ្លះ​ពណ៌​ខ្មៅ​ខ្លាំង និង​អាច​មាន​ឡើង​ប៉ោង​ទៀត​ផង ។ ស្នាម​ប្រជ្រុយ​នេះ​ភាគច្រើន​មាន​មក​ពី​កំណើត ប៉ុន្ដែ​ករណី​មួយ​ចំនួន​ក៏​អាច​កើត​មាននៅ​ពេល​ស្បែក​ត្រូវ​កម្តៅថ្ងៃ​ខ្លាំង ។

-​អាចម៍រុយ ៖ ភាគច្រើន​កើត​មាន​ចំពោះ​ជនជាតិ​អឺរ៉ុប​ស្បែក​ស ព្រោះ​បើ​ស្បែក​ត្រូវ​នឹង​កម្ដៅថ្ងៃ​ក៏​ធ្វើ​ឱ្យ​ស្បែក​បញ្ចេញ​ជាតិ​មេឡានីន​នាំ​ឱ្យ​កើត​អាចម៍រុយ​បាន​ដែរ តែ​ភាគច្រើន​នៅ​ពេល​មាន​អាកាសធាតុ​ត្រជាក់​ស្នាម​ទាំងនោះ​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ព្យាបាល​ទេ ។

-​ស្នាម​ជាំ ៖ បើ​កើត​ចំពោះ​ស្ដ្រី​ដែល​ទើប​សម្រាលកូន​រួច គឺ​ស្នាម​ជាំ​ទាំងនោះ​បណ្ដាល​មក​ពី​អ័រម៉ូន​ដែល​មានការ​បញ្ចេញ មេឡានីន​ច្រើន​ធ្វើ​ឱ្យ​ស្ដ្រី​ទើប​សម្រាលកូន​មាន​ស្នាម​ជាំ​លើ​ផ្ទៃមុខ​។ រីឯ​ស្ដ្រី​ដែល​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​ក៏​អាច​ធ្វើ​ឱ្យ​មាន​ស្នាម​ជាំ​ផង​ដែរ ។ មួយទៀត​លោក​អ្នក​ដែល​មាន​បញ្ហា​ពក​ក៏​អាច​នាំ​ឱ្យ​មាន​ស្នាម​ជាំ​អុជ​ខ្មៅ​ដែរ​ដោយសារ​តែ​អ័រម៉ូន​ចុះ​ខ្សោយ​ធ្វើ​ឱ្យ​ពណ៌​ខ្មៅ​នៅ​លើ​ស្បែក​កើនឡើង ។

ចំពោះ​វិធី​បំបាត់​ស្នាម​អុជ​ខ្មៅ​ធ្វើ​ទៅ​បាន​តាម​រយៈ​វិធី​ព្យាបាល​ដូច​ជា​៖
-​ស្នាម​ប្រជ្រុយ​បើ​មិន​ចាំបាច់​លោក​អ្នក មិនបាច់​កាត់​ចោល​ទេ តែ​អាច​បំបាត់​ចេញ​ដោយ​ប្រើ​ឡេ​ស៊ើ​ចៀរ​វា​ចេញ ឬ​ដុត​ចោល​តែ​ម្ដង​ក៏​បាន ។

-​បញ្ហា​អាចម៍រុយ ៖ លោក​អ្នក​គប្បី​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ ។ ប៉ុន្ដែ​លោក​អ្នក​អាច​ប្រើ​ថ្នាំ​ការពារ​កម្ដៅថ្ងៃ ដើម្បី​ការពារ​ស្បែក​ពី​ពន្លឺ​ថ្ងៃ​ខ្លាំង​កាត់​បន្ថយ​កុំឱ្យ​ស្បែក​មាន​ស្នាម​អុជ​ខ្មៅ​។

-​ទោះ​យ៉ា​ង​ណា​បន្ទាប់​ពី​ព្យាបាល​រួច ស្នាម​អុជ​ខ្មៅ​ទាំងនោះ​មិន​អាច​បាត់​ទៅ​ទាំងស្រុង​ទេ ដោយសារ​ជាតិ​ខ្មៅ​នៅ​ក្នុង​ស្បែក​មិន​ទាន់​រលុប​បាត់​អស់ ។ 

លោក​អ្នក​គប្បី​ចង​ចាំ​ថា នៅ​ពេល​ដែល​កើត​មាន​ស្នាម​អុជ​ខ្មៅ ឬ​ជាំ​នៅ​លើ​រាង​កាយ​ឬ​កើត​មាននៅ​លើ​ផ្ទៃមុខ​លោក​អ្នក​មិន​ចាំបាច់​ប្រើប្រាស់​ផលិតផល​ច្រើន​លាយឡំ​គ្នា​ទេ ព្រោះ​បើ​ប្រើ​ខុស​កាន់តែ​មាន​ស្នាម​ពណ៌​ខ្មៅ​ផុស​ចេញ​លើស​ដើម យក​ល្អ​គួរ​ស្វែងរក​ការ​ព្យាបាល​មួយ​ដ៏​ត្រឹមត្រូវ​ទើប​ជា​ការ​ប្រសើរ ៕