ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​សារភាពមូល​ហេតុ​ជុំ​វិញ​ការ​វាយ​សន្តិសុខរហូត​សន្លប់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មន្ត្រី​យោធា​ហើយ​តាម​ព័ត៌មាន​បឋម​ថា ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េ​ង ដែល​បាន​យក​កាំភ្លើងខ្លី​វាយ​ក្បាល​បុរស​ជា​សន្តិសុខ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បែក​រយះ​ហូរ​ឈាម​នៅ​ស្រុក​អង្គស្នួល​នោះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ និង​តួនាទី​ព្រមទាំង​អង្គភាព​ហើយ…

ខេត្តកណ្ដាល ៖ មន្ត្រី​យោធា​ហើយ​តាម​ព័ត៌មាន​បឋម​ថា ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េ​ង ដែល​បាន​យក​កាំភ្លើងខ្លី​វាយ​ក្បាល​បុរស​ជា​សន្តិសុខ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​បែក​រយះ​ហូរ​ឈាម​នៅ​ស្រុក​អង្គស្នួល​នោះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ និង​តួនាទី​ព្រមទាំង​អង្គភាព​ហើយ ចំណែកឯ​អត្តសញ្ញាណ​បុរស​រង​គ្រោះ​ក៏​ត្រូវ​បាន​ស្គាល់​ហើយ​ដែរ​។ មិនតែប៉ុណ្ណោះ​មន្ត្រី​យោធា​រូប​នោះ​បាន​សារភាព​ប្រាប់​នគរបាល​ថា​«​គាត់​ពិតជា​បាន​យក​កាំភ្លើង​ទៅ​វាយ​ជន​រង​គ្រោះ​ពិតមែន ដោយសារ​ខឹង​ជួល​ឲ្យ​មក​យាម​បែរជា​ត្រូវ​គ្នា​ជាមួយ​ចោរ​ទៅ​វិញ​»​។

បើ​តាម​នគរបាល​មួយ​រូប​បាន​ប្រាប់​ថា ជន​ដៃដល់​ខាងលើ​ឈ្មោះ ហេង គា​ហុង អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​អយ្យការ​អម​តុលាការយោធា​ចំណុះ​ក្រសួងការពារជាតិ មាន​ឋានន្តរស័ក្ដិ​ជា​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​មាន​ទីលំនៅ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រើប្រាស់​អាវុធ​ខ្លី​១​ដើម​ម៉ាក​CF98 លេខ​006009 ហើយ​ពុំ​មែន​ជា​ម្ចាស់​មន្ទីរ​សម្រាក និង​សម្ភព​ខាងលើ​នោះ​ទេ គឺ​គ្រាន់តែ​បុគ្គលិក​ប៉ុណ្ណោះ ចំណែកឯ​ម្ចាស់​មន្ទីរ​សម្រាក និង​សម្ភព​នេះ​គឺជា​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​របស់​មន្ត្រី​យោធា​រូប​នោះ​ទេ ហើយ​រឿង​នោះ​ផ្ដើម​ចេញពី​ការ​បាត់​ស្បែកជើង​នោះ​ឯង​។

ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ច្រឹ​ក ស៊ី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​សន្តិសុខ ស្នាក់​នៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល របួស​បែកក្បាល​ផ្នែក​ខាងឆ្វេង​លើ​ត្រចៀក​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ខែមករា ឆ្នាំ​២០២១ នៅ​ក្នុង​មន្ទីរ​សម្រាក​និង​សម្ភព​«​សុខ ម៉េ​ង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​ផ្សារ​អង្គស្នួល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ចំពោះ​ដំណើររឿង​គឺ​កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៦​ល្ងាច បុរស​រង​គ្រោះ​បាន​ទៅ​យាម​ជំនួស​មិត្តភក្ដិ​មួយ​យប់​នៅ​មន្ទីរ​សម្រាក និង​សម្ភព សុខ ម៉េ​ង នេះ​លុះដល់​វេលា​ម៉ោង​ប្រហែល​៥​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ក៏​មាន​មនុស្ស​ប្រុស​ម្នាក់​មក​សួរ​ជន​រង​គ្រោះ​ថា «​ពូ​សន្តិសុខ​យាម​នៅ​ហ្នឹង​រាល់ថ្ងៃ​ទៅ​ណា​ហើយ?​» ខណៈនោះ​ខ្លួន​បាន​ឆ្លើយ​ថា​«​គាត់​សម្រាក​មួយ​ថ្ងៃ​ហើយ ដោយ​ខ្ញុំ​យាម​ជំនួស​វិញ »​បន្ទាប់​មក​មនុស្ស​ប្រុស​ម្នាក់​នោះ​បាន​ខ្ចី​លុយ​ពី​ជន​រង​គ្រោះ​ចំនួន​៣,០០០​រៀល (​បី​ពាន់​រៀល​) ជន​រង​គ្រោះ​ក៏​ឱ្យ​លុយ​ខ្ចី​ចំនួន​បី​ពាន់​រៀល ហើយ​មនុស្ស​ប្រុស​នោះ​ក៏​ដើរ​ចេញ​ទៅ​វិញ​ដោយ​ឃើញ​មាន​ពាក់​ស្បែកជើង​ចេញ​ទៅ​ដែរ លុះដល់​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ដដែល​ទើប​ជន​រង​គ្រោះ​សម្រាក និង​ចេញ​ទៅ​ផ្ទះ​វិញ​។

ប្រភព​ខាងលើ​បាន​បន្ថែម​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ដដែល​មន្ត្រី​យោធា​នោះ​បាន​បាត់​ស្បែកជើង​ស៊ក​ស្បែក​១​គូ ដែល​ដោះ​ទុក​នៅ​មាត់ទ្វារ​ចូល​មន្ទីរ​សម្រាក និង​សម្ភព​ដែល​ខ្លួន​ធ្វើការ ហើយ​បាន​គិត​ថា​បងប្អូន​អ្នកជំងឺ​យក​ពាក់​សិន​ទើប​មិន​រក​។ រហូត​ដល់​ម៉ោង​៨​យប់​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២១​ដដែល នៅ​តែ​មិនឃើញ​ស្បែកជើង​ទៀត ក៏​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើលឃើញ​បុរស​ម្នាក់​បាន​ឈរ​និយាយ​ជាមួយ​ជន​រង​គ្រោះ និង​ហុច​លុយ​ឱ្យ​ជន​រង​គ្រោះ ហើយ​បុរស​នោះ​បាន​ពាក់​យក​ស្បែកជើង​របស់​ជនសង្ស័យ​ដើរ​ចេញ​ទៅ​បាត់​។

ប្រភព​មួយ​នេះ​បាន​ប្រាប់​បន្ត​ទៀត​ថា បន្ទាប់​ពី​ឆែក​កាមេរ៉ា សុវត្ថិភាព​ហើយ ជនសង្ស័យ​បាន​ទាក់ទង​ទៅ​ខាង​ក្រុមហ៊ុន​សន្តិសុខ ដើម្បី​ហៅ​ជន​រង​គ្រោះ​មក​ជជែក​គ្នា​ឲ្យ​ដឹង​សាច់​រឿង រហូត​ដល់​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក ជនសង្ស័យ​បាន​ណាត់​ជាមួយ​ក្រុមហ៊ុន​សន្តិសុខ​ឲ្យ​នាំ​ជន​រង​គ្រោះ​មក​ជជែក​គ្នា​នៅ​ក្នុង​គ្លីនិក​តែ​មិនឃើញ​មក​សោះ ទើប​ជនសង្ស័យ​ខឹង​ក៏​ជិះ​រថយន្ត​ទៅ​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​វិញ​ទៅ​។

រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​ក្រុមហ៊ុន​សន្តិសុខ​ទៅ​ដល់​គ្លី​និ​ច​មិនឃើញ​ជនសង្ស័យ ក៏​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​មក​ជជែក​គ្នា​វិញ លុះដល់​ម៉ោង​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ដល់​គ្លីនិក ឃើញ​ជន​រង​គ្រោះ​កំពុង​ឈរ​នៅ​មុខ ហើយ​ក៏​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​ដួល ហើយ​ជនសង្ស័យ ក៏​ដើរ​ចូល​ក្នុង​គ្លីនិក​បាត់​ទៅ​។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បុគ្គលិក​ពេទ្យ​យក​ទៅ​លាង​របួស និង​ដេរ​ចំនួន​បី​ថ្នេរ​។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរ​បាក​ប៉ុស្តិ៍​ពើក​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជន​នេះ​រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ហើយ​យោធា​រូប​នេះ​បាន​សារភាព​ថា គាត់​ពិតជា​បាន​យក​កាំភ្លើង​ទៅ​វាយ​ជន​រង​គ្រោះ​ពិតមែន ដោយសារ​ខឹង​ជួល​ឲ្យ​មក​យាម​បែរជា​ត្រូវ​គ្នា​ជាមួយ​ចោរ​ទៅ​វិញ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ