រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចមួករបស់នគរបាលប្រឆាំង
គ្រឿងញៀនម្នាក់ត្រូវបានចាប់ខ្លួន ហើយស្វាគមន៍នឹងស្នាប់កាំភ្លើងបណ្ដាលឲ្យបែក ក្បាលហូរឈាមស្រោចខ្លួន ទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកេងកងទី១ នាំយកទៅសាកសួរ ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួចមួក ពេលមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខាងលើ កំពុងដេកលក់មួយភាំងលើម៉ូតូ នៅជិតស្តុបបូកគោ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងប្រមាណ៣និង៤០នាទីទៀបភ្លឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ កេត វាសនា ហៅចៀន អាយុ២៧ឆ្នាំ ពុំមានកន្លែងស្នាក់នៅនិងមុខ របរពិតប្រាកដទេ ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតវត្ថុតាង
មានដាវ១ កន្ក្រៃកាត់ដែក១ និងមួកម៉ាកDAKS ជារបស់ លោក តាន់ រតនា មន្ត្រីនគរ បាលបម្រើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀន(ក១០នៃអគ្គស្នងការដ្ឋាននគរបាល
ជាតិ ។
លោក តាន់ រតនា បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីកម្មវិធីជួបជុំមិត្តភក្ដិ ។ នៅពេលជិះម៉ូតូដល់ចំណុចខាងលើទំនងទទឹកស្លាបទៅមុខលែងរួចដែលជាគោលដៅប្រចាំការក៏ដេកលក់មួយភាំង ទៅ ។ លុះដឹងខ្លួនវិញស្រាប់តែបាត់មួក ម៉ាកDAKS ដែលទិញក្នុងតម្លៃជាង៤០ដុល្លារ ។
ប្រភពដដែលបន្តថា បន្ទាប់ពីបាត់មួករូបគាត់បានជិះម៉ូតូចូលទៅក្នុងស្ថានីយប្រេង
កាល់តិច ដើម្បីលុបមុខឲ្យស្វាងងងុយ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើជិះកង់ត្រឡប់មកវិញដោយពាក់មួករបស់គាត់ ទើបសួរនាំ។ ពេលនោះ ស្រាប់តែជនសង្ស័យ
រកទាញដាវ បម្រុងតដៃ រូបគាត់ក៏ដកកាំភ្លើងខ្លីចេញពីចង្កេះវាយមួយស្នាប់កាំភ្លើង បណ្ដាលឲ្យបែកក្បាលហូរឈាម ទើបប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់យកទៅសាកសួរ ។
ប៉ុន្តែ នៅពេលទៅដល់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ សមត្ថកិច្ចសាកសួរទៅដឹងថាមិនមែនកើតហេតុ នៅក្នុងសង្កាត់ទន្លេបាសាក់ទេ គឺកើតហេតុនៅទឹកដីសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ទើបសមត្ថកិច្ចនាំជនរងគ្រោះនិងជនសង្ស័យទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើការសាកសួរបន្តនីតិវិធី ។នៅពេលសាកសួរ ជនសង្ស័យសារភាពថា ពិតជាបានលួចយកមួករបស់បុរសម្នាក់ស្លៀកពាក់ស៊ីវិលកំពុងដេកលក់លើម៉ូតូប្រាកដមែន ។
ទោះជាយ៉ាងណា មន្ត្រីនគរបាលជាម្ចាស់មួកមិនបានប្តឹងប្តល់អ្វីទេ និងបានសរសេរលិខិតមួយ សំណូមពរឲ្យសមត្ថកិច្ចនាំយកជនសង្ស័យទៅដាក់នៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការអប់រំហើយពេលនោះ នគរបាលប៉ុស្តិ៍បឹងកេងកងទី១ក៏យល់ព្រមតាមសំណើរបស់ម្ចាស់មួកផងដែរ ៕
ចែករំលែកព័តមាននេះ