អំណោយជាបន្តបន្ទាប់ជូនអតីតសេនាជនពិការក្នុងសមរភូមិធ្លាក់ពីលើចុងត្នោត(វីដេអូ)
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្រោយការចេញផ្សាយរបស់សារព័ត៌មាន កោះសន្តិភាព ស្ដីពីទុក្ខលំបាកវេទនារបស់អតីតសេនាជនជំនាន់រដ្ឋកម្ពុជា ដែលពិការភាព ហើយតស៊ូឡើងត្នោតបានធ្លាក់ពីលើចុងត្នោតនាពេលថ្មីៗនេះ ក៏មានសប្បុរសជនបាននាំយកអំណោយទៅផ្តល់ជូនជាបន្តបន្ទាប់។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី27 ខែធ្នូ ឆ្នាំ2020 ក្រុមអ្នកសារព័ត៌មានមួយកក្រុម ក្នុងនោះក៏មានកោះសន្តិភាពផងដែរ បាននាំយកអំណោយជាថវិកាមួយចំនួនយកទៅឧបត្ថម្ភដល់អតីតសេនាជនពិការខាងលើដល់លំនៅដ្ឋាន នៅភូមិទ្រនាមពេជ្រ ឃុំគោកបន្ទាយស្រុករលាប្អៀរ ជាមួយវត្តមានលោកគ្រូពេទ្យឯកជន ក៏ទៅជួយព្យាបាលដោយឥតគិតថ្លៃផងដែរ ។

សូមរំឮកថា លោក ឌុំ សាំង អាយុ60ឆ្នាំ ជាអតីតសេនាជនសម័យរដ្ឋកម្ពុជាបានរងរបួសពិការដៃម្ខាង និងជើងម្ខាង រួមទាំងភ្នែកមួយជំហៀងនៅសមរភូមិផ្លូវដែក ។ ក្រោយពីពិការ រូបលោកក៏ចាប់មុខរបរឡើងត្នោត ប៉ុន្តែជាគ្រោះអកុសលកាលពីថ្ងៃទី21 ខែធ្នូ ឆ្នាំ2020 គាត់ក៏បានធ្លាក់ពីលើចុងត្នោត ហើយបានរងរបួសដេកឈឺនៅតែលើកន្ទេលដល់បច្ចុប្បន្ន។

ចំណែកអំណោយដែលក្រុមអ្នកសារព័ត៌មានយកផ្ដល់ជូននៅព្រឹកនោះ រួមមានអំណោយ របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន១លានរៀល, លោកវ៉ាន់ រុំ អ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំងចំនួន10 ម៉ឺនរៀល ។ ជាមួយគ្នានោះ លោកគ្រូពេទ្យ អ៊ួន ឆេងលី ក៏បានទៅពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ថ្នាំពេទ្យសម្រាប់ការព្យាបាលរយៈពេល១៥ថ្ងៃផងដែរ ។

តាមការបញ្ជាក់ពីលោកគ្រូពេទ្យ អ៊ួន ឆេងលី បានឲ្យដឹងថា អ្នកជំងឺក៏មានបញ្ហាឡើងឈាមខ្ពស់ ហើយលោកបានឱ្យថ្នាំបញ្ចុះឈាម និងថ្នាំសម្រាប់ការព្យាបាលរយៈពេល១៥ថ្ងៃ ព្រមទាំងបានទុកលេខទូរស័ព្ទ ប្រសិនបើមានបញ្ហាមិនស្រួល សូមឱ្យអតីតជនសេនាជនពិការ ទូរស័ព្ទទៅហៅគាត់ គាត់នឹងមកជួយព្យាបាលដោយឥតគិតថ្លៃ ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែធ្នូ ២០២០ ក្រុមសប្បុរធម៌ ដឹកនាំដោយព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូអនុគណស្រុករលាប្អៀរ ព្រះមេត្តិសត្ថា វង្ស កុសល, ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី, ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ, ព្រះគ្រូ រ៉ាយ ចាន់ហាក់, ព្រះគ្រូសិរីធម្មវង្សា សេង ដា និងព្រះគ្រូ អោក ប៊ុនណ្ណាបាននាំយកនូវបរិក្ខារផ្សេងៗទៅជួយឧបត្ថម្ភដល់អតីតសេនាជនពិការរូបនោះ រួមមានអង្ករ១០០គឺឡូ ទឹកក្រូច២កេស ,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ មី២កេស និងបច្ច័យ៥០ម៉ឺនផងដែរ។
គួររំលឹកថា ៖ អតីតសេនាជនពិការម្នាក់តស៊ូឡើងត្នោតចិញ្ចឹមគ្រួសារជួបគ្រោះធ្លាក់ពីចុងត្នោត ៕












ចែករំលែកព័តមាននេះ