ចាំអ៊ុតមើល៖ ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ
- តាកែវ
រាជធានីភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានលើកយកសំណុំរឿង លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ…
រាជធានីភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានលើកយកសំណុំរឿង លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ…
រាជធានីភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានលើកយកសំណុំរឿង លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ មកជំនុំជម្រះ លើបណ្តឹងសារទុករបស់ជនជាប់ចោទ។ បច្ចុប្បន្ន លោក ឡាយ វណ្ណៈ កំពុងអនុវត្តទោស នៅក្នុងពន្ធនាគារ។
ប៉ុន្តែអង្គសវនាការនោះ ត្រូវបានប្រកាសលើកពេលទៅវិញ ដោយសារមូលហេតុ ជនជាប់ចោទ ឈ្មោះ ឡាយ វណ្ណៈ មានសុខភាពមិនល្អ។ ចំណែកបងប្រុស ឈ្មោះ ឡាយ ណារិទ្ធ បានមកចូលរួមសវនាការ តាមកាលកំណត់។ តែក៏ត្រូវបានក្រុមអនុរក្សពន្ធនាគារ ដឹកយកទៅឃុំខ្លួនវិញដែរ។
សូមបញ្ជាក់ថា សំណុំរឿងជនជាប់ចោទ ឡាយ វណ្ណៈ ២នាក់បងប្អូន ឡាយ ណារិទ្ធ ពាក់ពន្ធករណីឃាតកម្មលើស្ត្រីមេម៉ាយកូនបី ចេវ សុវឌ្ឍនា កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោស លើឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ អតីតអភិបាល ខេត្តតាកែវ ដាក់ពន្ធនាគារកំណត់រយៈពេល ១៣ឆ្នាំ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
សាលក្រមនេះ ក៏បានសម្រេចផ្តន្ទាទោស ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ អតីតតស្នងការរងនគរបាលខេត្តតាកែវ និងជាបងប្រុសបង្កើតរបស់ ឡាយ វណ្ណៈ ដាក់ពន្ធនាគារកំណត់រយៈពេល ១០ឆ្នាំ ពីបទសមគំនិតក្នុងអំពើឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រម ក៏បានផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកបើកបររថយន្តឲ្យ ឡាយ វណ្ណ: ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ និងផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះ ជឹម វុធ ហៅ ថូត ភេទប្រុស អាយុ ៤១ឆ្នាំ ជាអ្នកបម្រើផ្ទះស្រ្តី ចែវ សុវឌ្ឍនា ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ។ ទាំងពីរនាក់ ត្រូវបានកាត់ទោសពីបទលាក់បាំងតម្រុយក្នុងអំពើឃាតកម្ម តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ លើជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីចំណាន់ ឡាយ វណ្ណៈ។
ក្រោយប្រកាសសាលក្រមនេះភ្លាម ជនជាប់ចោទ ឡាយ វណ្ណៈ និងបងប្រុស ឡាយ ណារិទ្ធ បានបញ្ចេញប្រតិកម្ម កើតទុក្ខ មិនសុខចិត្ត ដោយអះអាងថា មិនមានភាពយុត្តិធម៌ ដូច្នោះជនជាប់ចោទ ២នាក់បងប្អូន បានប្តឹងទៅឧទ្ធរណ៍។
ក្នុងសវនាការ លោក ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ បានបដិសេធថា ពីរនាក់បងប្អូន មិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ទេ ហើយបានស្បថថា បើមានពាក់ព័ន្ធមែននោះ សូមឲ្យវត្ថុស័ក្តិសិទ្ធិបរាមុខ ឲ្យស្លាប់តៃហោង ទាំងប្រពន្ធកូន និងធ្លាក់នរក ៩ជាន់ កុំចាប់ជាតិចុះ។
ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានបើកសវនាការ និងប្រកាសសាលដីកា នៅរក្សាសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
ដោយឡែកជនជាប់ចោទ ជាអ្នកបម្រើ និងតៃកុងឡាន ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ នៅពេលអនុវត្តទោសគ្រប់ចំនួន តាមការកំណត់។
សូមរំលឹកថា អ្នកស្រី ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លាប់ ដោយចងក នៅក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយ ដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨៕ ដោយ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ