ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​បក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោលការ​ចោទប្រកាន់​របស់​អ្នកនាំពាក្យ​ការ​បរទេស​វៀតណាម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកតំណាង​រាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក យ៉ែ​ម បុញ្ញឫទ្ធិ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម ពី​ការ​ប៉ះទង្គិច​គ្នា​នៅ​ខេត្តស្វាយរៀង​ថា​

រាជធានី​ភ្នំពេញ ៖ អ្នកតំណាង​រាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) លោក យ៉ែ​ម បុញ្ញឫទ្ធិ បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម ពី​ការ​ប៉ះទង្គិច​គ្នា​នៅ​ខេត្តស្វាយរៀង​ថា​ បណ្តាល​មក​ពី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ យុវជន​កម្ពុជា ជា​ក្រុម​ជ្រុលនិយម​ដូច​ការ​ចោទប្រកាន់​របស់​វៀតណាម​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​បន្ទាប់​ពី​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​វៀតណាម ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មិថុនា ២០១៥ ដែល​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកដឹកនាំ​នោះ ក្រុម​ជ្រុលនិយម​កម្ពុជា​បាន​សម្រុកចូល​វាយប្រហារ​នាំ​ឲ្យ​ជនជាតិ​វៀតណាម​របួស​៧​នាក់​។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក យ៉ែ​ម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ យុវជន​កម្ពុជា មិនមែន​ជា​ជន​ជ្រុលនិយម ដូច​ការ​ចោទប្រកាន់​របស់​វៀតណាម​នោះ​ទេ ។ ព្រះសង្ឃ តំណាងរាស្ត្រ យុវជន​ខ្មែរ គ្រាន់តែ​ចង់​ចុះ​ទៅ​មើល​ព្រំដែន​ក្នុង​ទឹកដី​ខ្មែរ​ប៉ុណ្ណោះ ហើយ​បើ​ការ​បោះបង្គោល​ព្រំដែន​នោះ មាន​តម្លាភាព ហេតុ​អី្វ​ក៏​ចាំបាច់​ស្ទាក់ដំណើរ ។ សូម​ទៅ​មើលរូប​ភាព តើ​ទាហាន​វៀតណាម មាន​កាន់​កាំភ្លើង ឬ​អត់ ? មាន​កាន់ដំបង ឬ​អត់ ? តើ​យុវជន​ខ្មែរ​ដែល​ចូលរួម​ទាំង​ប៉ុន្មាន គាត់​មាន​អាវុធ ឬ​ក៏​អត់ ? ដូច្នេះ​ការ​ចោទប្រកាន់​នេះ​មិន​ត្រឹមត្រូវ​ទេ​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម លោក ឡេ ហា​យ​ប៊ិ​ញ ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា យើងខ្ញុំ​សូម​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ហិង្សា ដែល​ប្រព្រឹត្ត​ដោយ​ជន​ជ្រុលនិយម​កម្ពុជា ដោយ​ល្មើសច្បាប់​ប្រទេស​ទាំង​ពីរ គឺ​សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រម ព្រៀង​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះបង្គោល​ព្រំដែន និង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​វៀតណាម និង​កម្ពុជា ។ លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ត្រូវ​មាន​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​សកម្មភាព​ដដែល​នេះ​កើតឡើង​ទៀត ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ មិថុនា កន្លង​មក លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា តំបន់​ដែល​ប៉ះទង្គិច​គ្នា​នោះ គឺ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ មិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ ហើយ​ក្រសួងការបរទេស​កម្ពុជា ក៏​ធ្លាប់​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម​ដែរ ។ ទោះជា​យ៉ាងនេះ​ក្ដី លោក​សោកស្ដាយ និង​ថ្កោលទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ជិត​តំបន់​ព្រំដែន​នោះ ។ លោក​កោតសរសើរ​ចំពោះ​ស្មារតី​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ការពារ​ព្រំដែន និង​បូរណភាព​ទឹកដី ប៉ុន្តែ​ការ​ប្រើ​ហិង្សា និង​អាវុធ រឹតតែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​មិន​អាច​ដោះស្រាយ​បាន ។ លោក​ថា មាន​តែ​ការ​ចរចា​តាម​ច្បាប់​អន្តរជាតិ​ទេ ដែល​អាច​ដោះស្រាយ​បាន​ប្រយោជន៍​ជាតិ​រៀងខ្លួន ។

កាលពី​ថ្ងៃ​ទី​២៨ មិថុនា លោក ថា​ច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​ដឹកនាំ​យុវជន ព្រះសង្ឃ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ប្រមាណ ២០០​អង្គ​-​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ដែល​គេ​សង្ស័យ​ថា វៀតណាម​រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​បង្គោល​ចាស់ ។ ខណៈ​ពេល​នោះ​ក៏​មានការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ បណ្តាល​ឲ្យ​មាន​របួស​ទាំង​សងខាង ៕