តាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ ថាណៈសាក់ ប៉ាទិម៉ាប្រាកន (Tanasak Patimapragorn) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូមួយអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ កក្កដា ២០១៥ ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែស៊ីជំរៅលើគ្រប់វិស័យបន្ថែមទៀត ។
គណៈប្រតិភូអមដំណើររួមមាន លោកវ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ ដែលស្របពេលនឹងខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងជួបសម្តែងការគួរសមជាមួយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-o-Cha) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ ថាណៈសាក់ ប៉ាទិម៉ាប្រាកន ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញចូលរួមក្នុងពិធីប្រគល់វត្ថុបុរាណខ្មែរចំនួន១៦ ជូនដល់កម្ពុជា ដោយភាគីថៃ និងពិធីចុះហត្ថលេខាលើវិសោធនកម្មនៃកិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែន និងសេចក្តីប្រកាសបើកប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនទ្វេភាគីអានសេះ (ខេត្តព្រះវិហារ-កម្ពុជា) អានម៉ា (ខេត្តអ៊ូប៉ុន រាជថានី-ថៃ) ជាប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអន្តរជាតិ ។
ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការឆ្លងកាត់ព្រំដែន នឹងអនុញ្ញាតឱ្យប្រជាជនដែលរស់នៅតំបន់ព្រំដែន និងមានប័ណ្ណឆ្លងដែន អាចធ្វើដំណើរ និងស្នាក់នៅក្នុងតំបន់ព្រំដែនថៃ និងតំបន់ព្រំដែនកម្ពុជា (សម្រាប់ជនជាតិថៃ) រយៈពេល០៧ថ្ងៃ ហើយសម្រាប់អ្នកកាន់ប័ណ្ណឆ្លងដែនដែលបានបំពេញតាមលក្ខខ័ណ្ឌ និងបែបបទផ្ទៃក្នុងរបស់ប្រទេសម្ចាស់ផ្ទះអាចស្នាក់នៅរយៈពេល១៥ថ្ងៃ និង៣០ថ្ងៃ ៕
ចែករំលែកព័តមាននេះ