រាជធានីភ្នំពេញ ៖ ការរាគរ៉ាំរ៉ៃ ជាបញ្ហាមួយដែលក្រុមវេជ្ជបណ្ឌិតយើងតែងតែបានជួបប្រទះជាញឹកញាប់។ និយមន័យពិតប្រាកដនៃការរាគរ៉ាំរ៉ៃនេះ គឺជាការរាគដោយលាមកមានសភាពជ្រាយ (Semi liquide) ឬក៏ទឹកសុទ្ធ (liquide) ដែលមានរយៈពេលលើសពី២១ថ្ងៃឡើងទៅ ។
ក) មូលហេតុ ៖ កត្តាបង្កឲ្យមានការរាគរ៉ាំរ៉ៃ គឺមានច្រើន ហើយពេលខ្លះគឺតម្រូវអោយមានការពិនិត្យ និងតាមដានដោយយកចិត្តទុកដាក់ ក៏ដូចជាបច្ចេកទេសវេជ្ជសាស្ត្រលក្ខណៈឯកទេសផងដែរដូចជា ៖
ជំងឺរលាកពោះវៀនធំដោយមេរោគឆ្លង (colite infectieuse) ក្នុងនោះក៏មានជំងឺរបេងពោះវៀនធំផងដែរ ។ ជំងឺរលាកពោះវៀនធំដោយគ្មានមេរោគឆ្លង (colite inflamatoire ou MICI) ។ ជំងឺខ្សោយពោះវៀន ឬពោះវៀនដើរខុសធម្មតា (troubles fonctionnels intestinaux form diarrhée) ។ មានដុំសាច់ដុះនៅក្នុងពោះវៀនធំ (មហារីកពោះវៀនធំ) ។ ជំងឺឡើងជាតិពុលនៃក្រពេញបំពង់ក (hyperthyroidie) ។ ជំងឺរាគនៅលើអ្នកជំងឺអេដស៍ ដែលភាគច្រើនជាងគេនោះគឺបង្កឡើងដោយពពួកផ្សិតនៅពោះវៀនធំ ។ ពពួកប៉ារ៉ាស៊ីត (ព្រូន តេនញ៉ា អាមីប ជាដើម។ល។) ។ វាក៏អាចបណ្តាលមកពីការពិសារឱសថមួយចំនួនផងដែរ (ជាពិសេសប្រភេទថ្នាំព្យាបាលជំងឺទឹកនោមផ្អែម។ល។) ។ ខ) រោគសញ្ញា ៖ រោគសញ្ញាដែលអាចមានអមមកជាមួយការរាគរូសរ៉ាំរ៉ៃមាន ៖
ក្តៅខ្លួន រងារញាក់ ឈឺចុកចាប់ក្នុងពោះ លាមកមានលាយឈាម សំបោរ ឬខ្ទុះ ស្រកទម្ងន់លឿន និងខុសពីធម្មតា អស់កម្លាំង ល្ហិតល្ហៃ ស្លេកស្លាំង ចុះឬបាត់គ្រាប់ឈាមក្រហម មានដុំពោះ ដែលយើងអាចស្ទាបទៅប៉ះ ការខ្វះ ឬខ្សោះជាតិទឹក គឺយើងកម្រនឹងកើតមានណាស់ចំពោះការរាគរូសរ៉ាំរ៉ៃនេះ។ល។ គ) ការធ្វើរោគវិនិច្ឆ័យ ៖ ការរាគរ៉ាំរ៉ៃ យើងអាចធ្វើរោគវិនិច្ឆ័យតាមរយៈ ៖
ការសាកសួរដោយលំអិតអំពីប្រវិត្តិជំងឺ និងរោគសញ្ញាផ្សេងៗដែលអមជាមួយជំងឺ ការពិនិត្យឈាម និងលាមក ការពិនិត្យអេកូពោះ ឬក៏ការថតស្គេនពោះ (CT-Scan) ការបណ្ដុះមេរោគក្នុងលាមក (coproculture) ការឆ្លុះសុងមើលពោះវៀនធំ និងការវិភាគកោសិការបស់ពោះវៀនធំ (Coloscopie totale avec biopsie et anapath) គឺជាវិធីតែមួយគាត់សំរាប់ធ្វើរោគវិនិឆ្ឆ័យបានយ៉ាងល្អប្រសើរ ចំពោះករណីរាគរ៉ាំរ៉ៃនេះ ។ ឃ) ការព្យាបាល ៖ ចូលចងចាំដែរថា ការរាគរូសរ៉ាំរ៉ៃនេះ វាមិនមែនជាជំងឺនោះទេ វាគឺជារោគសញ្ញាដែលបង្កឡើងដោយជំងឺ និងមូលហេតុដូចដែលបានជម្រាបជូនពីខាងលើ។ ដូច្នេះហើយចំពោះការព្យាបាល គឺតម្រូវឲ្យយើងដឹងមូលហេតុពិតប្រាកដថាមកពីអ្វី ហើយការព្យាបាលឲ្យចំមូលហេតុទាំងនោះហើយ ទើបជាការព្យាបាលត្រឹមត្រូវតាមបច្ចេកទេស និងមានប្រសិទ្ធភាពខ្ពស់បំផុត។
«អ្នកជំងឺដែលមានរោគសញ្ញាដូចការរៀបរាប់ខាងលើ គួរគប្បីជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បទទួលបានរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់» ៕
ចែករំលែកព័តមាននេះ