រាជធានីភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានច្បាស់ការ ពីមន្ត្រីសាលាខណ្ឌចំការមន បានអោយដឹងថា ទីតាំងអាគាររដ្ឋបាលសាលាខណ្ឌចំការមន ទាំងមូល ដែលមានទំហំផ្ទះ៤ល្វែង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បច្ចុប្បន្នត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ រត់ការផ្លាស់ប្តូរទីតាំងចាស់ ទៅទីតាំងថ្មី ស្ថិតនៅតាមបណ្តោយផ្លូវ៥០០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (ប្លុកផ្ទៃបឹងត្របែក) យ៉ាងស្ងៀមស្ងាត់បំផុត ។
អាគាររដ្ឋបាលសាលាខណ្ឌចំការមន ដែលជាកន្លែងបម្រើសេវាការងាររដ្ឋបាលសាធារណៈ ដល់ប្រជាពលរដ្ឋទូទាំងខណ្ឌចំការមន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងប្រជាពលរដ្ឋទូរទៅ ចាត់ទុកជាកន្លែង ងាយរកទំនាក់ទំនង កិច្ចការងាររដ្ឋបាលសាធារណៈ ដោយសារទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវធំ បែរជាមានមន្ត្រីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ រត់ការដោះដូរទីតាំង ផ្លូវធំ ទៅកាន់តំបន់ផ្លូវលំតូចចង្អៀត ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ដែលទីនោះ ពេលខ្លះទឹកលិចជុំវិញទីតាំងថ្មី រាប់ម៉ោងពេលភ្លៀងធ្លាក់ខ្លាំងម្តងៗ ។
អ្វីជាភាពមិនប្រក្រតីខ្លាំងបំផុតនោះគឺការផ្លាស់ប្តូរទីតាំងអាគាររដ្ឋបាលរដ្ឋទាំងមូល ធ្វើឡើងមិនមានការដេញថ្លៃជាសាធារណៈ និងមិនមានការប្រជុំសុំយោបល់សម្រេចពី មន្ត្រីបម្រើការងារ នៅក្នុងខណ្ឌចំការមនរាប់រយនាក់ ។
ប្រការនេះបានហើយ ធ្វើអោយមន្ត្រីរាជការនៅក្នុងសាលាខណ្ឌចំការមនរ អ៊ូរទាំ ខ្សឹបប្រាប់ កោះសន្តិភាពថា ថ្នាក់ដឹកនាំនៅសាលារាជធានីភ្នំពេញ រួមនឹងក្រសួងមហាផ្ទៃ សម្រេចកិច្ចការអ្វីពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ គឺធ្វើឡើងក្នុងរូបភាពស្ងៀមស្ងាត់ខ្សិបខ្សៀវ ជាមួយឈ្មួញ ដើម្បីកិបកេង រកផលប្រយោជន៍ផ្ទាល់ខ្លួន សូម្បីតែឈ្មោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិ ក្នុងការទិញលក់ទីតាំងសាលាខណ្ឌចំការមននេះ ក៏មិនត្រូវបានបញ្ចេញឈ្មោះដែរ ។
ជុំវិញបញ្ហាខាងលើនេះ… នឹងផ្សាយជូនលម្អិតនៅលើកាសែតកោះសន្តិភាព.
ចែករំលែកព័តមាននេះ