ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសពៅ​សម្តេច សុខ អាន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០…

ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ត្រាស់បង្គាប់ តែងតាំង​មុខតំណែង​លោក សុខ សង្វារ ជាអនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍​។​

លោក សុខ សង្វារ នៅឆ្នាំ២០២០នេះ មានអាយុ ៣៣ឆ្នាំ​ ជាកូនប្រុសពៅរបស់​សម្តេច សុខ អាន ត្រូវបានតែងតាំង​ជាអគ្គនាយករង​ អាជ្ញាធរ ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ ហៅ​កាត់​ថា «​អាជ្ញាធរ​អប្សរា​» ​​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥។ លោក សុខ សង្វារ បានបន្តការងារជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា មកដល់សព្វថ្ងៃ​។

​ដោយឡែក កូនប្រុសច្បងរបស់​សម្តេច សុខ អាន ដែលជាកូនប្រសាររបស់សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ជាអតីត​​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ត្រូវបាន​តែងតាំង​ជាអនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រ បានចេញព្រះរាជ​ក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ​ លោក សុខ ពុទ្ធិវុធ ជារដ្ឋលេខាធិការ​ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក សុខ ពុទ្ធិវុធ បានបន្តការងារជា​រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រហូត​ដល់សព្វថ្ងៃ​។

​សូមរម្លឹកថា សម្តេចវិបុលបញ្ញា សុខ អាន បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ឆ្នាំ​។​ សម្តេច សុខ អាន និងលោកជំទាវ ថេង អាយអាន្នី មានកូន ៥នាក់ ( ស្រីម្នាក់ និងកូនប្រុស ៤នាក់ ) រួមមាន៖ ១-លោកស្រី សុខ សូម៉ា ( អាយុ ៤១ឆ្នាំ ) ២-លោក សុខ ពុទ្ធិវុធ ( អាយុ ៤០ឆ្នាំ ) ៣-លោក សុខ សូកាន ( ៣៧ឆ្នាំ ) ៤-លោក សុខ សូកេន ( ៣៧ឆ្នាំ ) ៥-លោក សុខ សង្វារ ( អាយុ ៣៣ឆ្នាំ )។

ក្នុងនោះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង​លោក សុខ សូកាន ដែលជាតំណាងរាស្ត្រ​មណ្ឌលខេត្តតាកែវ ជារដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដោយឡែក​ លោក សុខ សូកេន ជាកូនភ្លោះនឹងលោក សុខ សូកាន ជាអនុប្រធាន​នាយកដ្ឋាន​គណៈកម្មាធិការ​វិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ( គិតត្រឹមពេល​សម្តេច សុខ អាន ទទួលមរណភាព កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧​ )៕