ខេត្តស្វាយរៀង ៖ ក្រុមក្មេងស្ទាវជាច្រើននាក់ បាននាំគ្នាបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ១ចំណុចភូមិសាស្ត្រ សង្កាត់ចេក ក្រុងស្វាយរៀង ដែលបង្កឲ្យមានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ។

ពិសេសចំពោះក្មេងស្ទាវទាំងនេះមិនដឹងកូនចៅអ្នកណាខ្លះទេ ដោយខ្លាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ព្រោះគ្រោះថ្នាក់បែបនេះមានច្រើនដងមកហើយ ។ អ្នកស្រុកទីនោះបានស្នើឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ក្មេងទំនើងទាំងនោះមកអប់រំ និងហៅឪពុកម្តាយមកធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវបញ្ឈប់ការបង្ហោះម៉ូតូបន្តទៅទៀតព្រោះវាជាល្បែងគ្រោះដល់ជីវិត ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មានក្មេងស្ទាវបង្ហោះម៉ូតូលើផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខវិទ្យាល័យចេក ស្ថិតក្នុងភូមិធ្មល់សង្កាត់ចេក ក្រុងស្វាយរៀងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលមិនខ្លាចរអានឹងសមត្ថកិច្ចបន្តិចសោះ ដោយនាំគ្នាបង្ហោះម៉ូតូប្រសេចប្រសាចតាមដងផ្លូវដូចត្រីចង្វាត្រូវខ្យល់បក់មកពីទិសខាងជើង ។
ពាក់ព័ន្ធទៅនឹងករណីបង្ហោះម៉ូតូនេះដែរ ពលរដ្ឋបានស្នើដល់សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងមេត្តាចុះស្រាវជ្រាវចាប់ក្រុមក្មេងស្ទាវទាំងនេះមកអប់រំណែនាំ និងហៅអ្នកអាណាព្យាបាលធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការបង្ហោះម៉ូតូតាមផ្លូវតទៅទៀត ព្រោះមិនមែនតែបង្កគ្រោះថ្នាក់ស្លាប់តែខ្លួនឯងទេ អាចបង្កគ្រោះដល់អ្នកដទៃផងដែរ ។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១ ក៏មានការមមាញឹករថយន្តតូចធំរាប់រយគ្រឿងធ្វើចរាចរណ៍ ជាពិសេសមានរថយន្តកុងតឺន័ររាប់សិបគ្រឿង បើកល្បឿនដូចហោះ និងក៏មានរថយន្តដឹកទំនិញធុនធំដែលតែងតែមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗផងដែរព្រោះផ្លូវស្អាត ។ បើមិនទប់ស្កាត់ទេនោះ គឺមានតែទឹកភ្នែកជាយថាហេតុបង្កើតបានជើងកបនៅស្រុកភូមិគាត់តែប៉ុណ្ណោះ ។
ក្រោយមានការរិះគន់ពីប្រជាពលរដ្ឋរឿងក្មេងស្ទាវបង្ហោះម៉ូតូ សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ម៉ូតូ និងបន្ដស្វែងរកបក្ខពួកជាអ្នកក្លាហានបង្ហោះ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១កម្លាំងនគរបាលក្រុងស្វាយរៀង បានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាបានម្នាក់ជាម្ចាស់ម៉ូតូ និងត្រូវជាមិត្ដភក្ដិក្មេងស្ទាវដែលឲ្យគេខ្ចីជិះ ។
តាមរបាយការណ៍របស់នគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនស្ទាវដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្ស មានទីលំនៅក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ ឈ្មោះ សោម ដារ៉ូ នេះបានឲ្យម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ស្វាយរៀង ១N-៣៩៧៣ ឲ្យមិត្តភក្តិខ្ចី ដោយមិត្តភក្ដិរបស់គេប្រាប់ថា ខ្ចីទៅទិញស្រា តែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ស្វែងរកមុខសញ្ញាក្មេងស្ទាវដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ១នោះជាបន្ដទៀត ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ