នៅពេលយប់ជួនកាលគេឃើញភ្លើង ម្យ៉ាងដែលមានទ្រង់ទ្រាយវែងហោះកាត់លំហអាកាស ភ្លើងនេះគេតែងមានជំនឿ តៗគ្នាមកថា ជាភ្លើងអាប ឬភ្លើងព្រាយ ។
គេតែងឮពាក្យសម្តីតំណាលថា មានគ្រូអាប ស្រីក៏មាន ប្រុសក៏មាន នៅវេលាយប់អាបនោះរង់ចាំតែមនុស្សម្នាដេកលក់គ្រប់គ្នា ឆ្អាលវាផ្តាច់ក ហូតក្បាល និងគ្រឿងនៅក្នុងខ្លួនវាដោយខ្លួនឯង ហោះចេញទៅរកស៊ីភក់ ជ្រាំ ស៊ីកង្កែប ក្អាត់ ឬស៊ីលាមកជាដើម ។ ភ្លើងដែលភ្លឺពណ៌ខៀវ ដែលវាហោះចេញទៅនោះ គេសន្មតថា ភ្លឺដោយសារប្រមាត់របស់វា ។

សៀវភៅ«១សែនបញ្ហា»និទានថាគ្រូអាបពូកែណាស់ ចេះធ្វើឱ្យមនុស្សទាំងស្រីប្រុសឈឺ ដែលគេនិយមហៅថា អំពើ ឬធ្វើឱ្យមនុស្សស្លាប់ផង ។ ជាពិសេសអាបនោះស៊ីភក់ជ្រាំផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងត្រូវរងគ្រោះដោយមានជំងឺធ្ងន់ ឬស្លាប់ក៏មាន ដូច្នេះហើយបានជាអ្នកជំនឿខ្លះបានកាប់បន្លាស្អិត បន្លាឫស្សី ឬបន្លាដំបងយក្ស ទៅឆ្ការព័ទ្ធជុំវិញកន្លែងមានភក់ជ្រាំ ឬកន្លែងស្មោកគ្រោក ផ្សេងៗក្រោមផ្ទះ ឬនៅកន្លែងដែលស្ត្រីភេទកំពុងសម្រាលកូន ខ្លាចក្រែងមានអាបមកស៊ី ។ល។
ភ្លើងទាំងនេះច្រើនកើតមាននៅម្តុំណាដែលសម្បូរទៅដោយផ្នូរខ្មោច ឬឆ្អឹងសត្វ ផ្សេងៗ មានឆ្អឹងមនុស្ស ឆ្អឹងគោ ឆ្អឹងឆ្កែ ឆ្អឹងឆ្មា និងឆ្អឹងជ្រូកជាដើម ។

បើភ្លើងនេះហោះចេញពីព្រៃខ្មោច គេច្រើនសន្មតថាជាភ្លើងព្រាយ ព្រោះគេយល់ថានៅក្នុងព្រៃ ឬនៅកន្លែងកប់ខ្មោចច្រើនសម្បូរដោយព្រាយបិសាច ហើយត្រាយបិសាចទាំងនោះ តែងហោះចេញទៅរកស៊ីនៅទី ឆ្ងាយៗ នាវេលាយប់ ។ ជួនកាលនៅលើវាលទំនាបក៏មានអណ្តាតភ្លើង ខៀវៗលោត ភ្លែតៗ មើលទៅគួរឱ្យព្រឺក្បាល ភ្លើងនោះគេចាត់ទុកថាជាភ្លើងខ្មោចដែលវាកំពុងតែបញ្ចេញសកម្មភាព ។
អ្នកវិទ្យាសាស្ត្រ បានតាមដាន ស្រាវជ្រាវបុព្វហេតុទាំងនេះ ហើយរកឃើញហេតុផលពិតប្រាកដរបស់វា ហើយបានទាំងពិសោធន៍ជាក់ស្តែងឃើញថា៖ នៅក្នុងឆ្អឹងសត្វទាំងឡាយ សុទ្ធតែមានវត្ថុម្យ៉ាងដែលងាយឆេះជាទីបំផុត វត្ថុធាតុនេះហៅថា«ហ្វូសហ្វ៊័រ» ។ ជាតិ«ហ្វូសហ្វ៊័រ»នេះកាលបើសត្វអ្វីមួយងាប់រលួយទៅវានឹងជ្រាបចេញមកក្រៅ ហើយបើជាតិហ្វូសហ្វ៊័រនេះប៉ះនឹងខ្យល់ឆេះភ្លាមមួយរំពេចដោយមិនបាច់មានដើមភ្លើងពីណាមកឡើយ ។
ដូច្នេះហើយបានជានៅកន្លែងណាដែលសម្បូរឆ្អឹងខ្មោច ទោះខ្មោចសេះ ខ្មោចគោ ខ្មោចចៀម ពពែ ខ្មោចជ្រូក ខ្មោចមនុស្ស ខ្មោចឆ្កែ ខ្មោចសត្វអ្វីក៏ដោយ ។ តែងសម្បូរភ្លើង «ព្រាយ» ឬភ្លើង «ខ្មោច» នេះជាការណ៍ពិតណាស់ ។

ដោយបុព្វហេតុដូចបានរៀបរាប់មកខាងលើនេះហើយបានជាមានជួនកាលគំនរអុស ឬធ្យូង ចំបើង ស្មៅស្ងួតជាដើម ដែលយើងរៀបដាក់វាក្នុងគន្លាត គ្មានខ្យល់អាកាសចេញចូលស្រួល វាបណ្តាលឱ្យឆេះទ្រលោមឡើងដោយគ្មាននរណាទៅដុតវាសោះ ។ កម្មករនៅឡធ្យូងតែងតែមានការពិសោធដឹងច្បាស់ថា ធ្យូងដែលគេចាក់គរនៅកៀនជញ្ជាំងឥដ្ឋ យូរថ្ងៃខែទៅវាអាចឆេះឯង ។ ដូច្នេះគេតែងតែធ្វើបំពង់ខ្យល់ម្យ៉ាងវែងដោតចំកណ្តាលគំនរធ្យូងបញ្ឈរទៅលើអាកាស ។
ធ្វើយ៉ាងនេះវាអាចការពារមិនឱ្យធ្យូងទាំងនេះឆេះបាន ។ ព្រោះថាគំនរធ្យូងដែលគេគរចោលនៅកន្លែងហប់ខ្យល់ យូរៗទៅវានឹងកើតជាកំដៅ ហើយកំដៅនេះនឹងកើនឡើងជាលំដាប់ លុះត្រាតែចេញមកជាភ្លើង ការដោតបំពង់ឫស្សី ឬបំពង់ខ្យល់នៅចំកណ្តាលគំនរធ្យូង ជាមធ្យោបាយធ្វើឱ្យមានខ្យល់អាកាសចេញចូលស្រួល នាំឱ្យកំដៅទាំងឡាយរសាត់បាត់ទៅឆ្ងាយ ហើយធ្យូងក៏មិនងាយឆេះ ។
នេះជាភ្លើងឆេះឯងម្យ៉ាងដែលកើតដោយខ្យល់អាកាសចេញចូលមិនស្រួលហប់ខ្យល់ ក្រៅពីនេះ អ្នកដើរព្រៃតែងតែជួបប្រទះជាញឹកញយនូវភ្លើងឆេះព្រៃម្យ៉ាងដែលកើតដោយបុព្វហេតុដូចខាងលើនេះ ឬដោយមានជាតិហ្វូសហ្វ៊័រប៉ះខ្យល់ ។
នៅក្នុងកាលបើមានស្មៅស្ងួត ស្មៅងាប់ គំនរឈើស្ងួត ឈើងាប់ ដែលគរលើគ្នាច្រើនសន្ធឹកដោយគ្មានខ្យល់ចេញចូលស្រួល វាជាការងាយស្រួលណាស់ ដែលអាចបណ្តាលឱ្យមានភ្លើងឆេះដោយ ឯងៗ ។
ជួនកាលគំនរឆ្អឹងសត្វ ផ្សេងៗ ដែលសម្បូរទៅដោយជាតិហ្វូសហ្វ៊័រនោះ វាអាចបណ្តាលឱ្យមានអណ្តាតភ្លើងឆាបស្មៅ ឬកម្ទេចឈើស្ងួតនៅជិតនោះហើយមានខ្យល់អុកស៊ីហ្សែនជួយផង ភ្លើងនោះរឹតតែឆេះ ខ្លាំងឡើងៗរហូតដល់ឆេះអស់ព្រៃឈើ ធំៗផង ។
ដូច្នេះភ្លើងឆេះព្រៃ ពុំមែនកើតដោយមានដើមភ្លើងតែម្យ៉ាងប៉ុណ្ណោះទេ គឺវាអាចឆេះដោយ ឯងៗ ដូចមូលហេតុដែលបានរៀបរាប់ខាងលើនេះដែរ៕
ចែករំលែកព័តមាននេះ