ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណែនាំវិធានការការពារកូវីដ ដល់ម្ចាស់ឡានដឹកអ្នកដំណើរ នៅក្រុងព្រះវិហារ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ៖ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រី នៃរដ្ឋបាលក្រុង ការចុះពង្រឹងការផ្សព្វផ្សាយ និងណែនាំ ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ…

ខេត្តព្រះវិហារ៖ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រី នៃរដ្ឋបាលក្រុង ការចុះពង្រឹងការផ្សព្វផ្សាយ និងណែនាំ ដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបាន និងកំពុងដំណើរការលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ចេញពីទីរួមខេត្ត ឆ្ពោះទៅកាន់​រាជធានី-ខេត្តនានា ក្នុងប្រទេស ដើម្បីឲ្យម្ចាស់យានយន្ត និងអ្នកធ្វើដំណើរ ​យល់ដឹង​បន្ថែមទៀត លើការអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាល នៃវីរុសកូវីដ-១៩  នៅក្នុងរយៈពេល​នៃការធ្វើដំណើរ។

​ការចុះផ្សព្វផ្សាយ និងណែនាំនោះ បានធ្វើឡើងនៅចំណតរថយន្តក្រុង ចំណតរថយន្ត​ឈ្នួល នៅផ្សារកំពង់ប្រណាក និងនៅអគារ សង្កាត់កំពង់ប្រណាក កាលពីចុងសប្តាហ៍​កន្លងទៅនេះ​។

​អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានថ្លែងថា ការចុះពង្រឹងការផ្សព្វផ្សាយ ណែនាំពីវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ដល់ម្ចាស់យានយន្ត និងអ្នកដំណើរ​នៅក្នុងពេលនេះ គឺអនុវត្តតាមការណែនាំ​ពីសំណាក់​អភិបាលដឹកនាំខេត្ត ក្រុមប្រឹក្សា​ខេត្ត ដោយរដ្ឋបាលក្រុងព្រះវិហារ បានសហការជាមួយ​​មន្ទីរសុខាភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត និងមានការចូលរួមពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល​កំពង់ប្រណាក រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រះវិហារ បានចុះផ្សព្វផ្សាយសេចក្ដីណែនាំ ពីវិធានការ ការពារ ការចម្លងវិរុសកូវីដ-១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរ ដែលស្ថិតនៅទីតាំងមួយចំនួន នៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។

​​លោក លោក ប៉ុក ងួន បានបន្តថា ក្រុមការងារបានធ្វើការណែនាំ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់រថយន្តធ្វើអាជីវកម្ម លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើ​ភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្ត​ដឹកជញ្ជូន អ្នកដំណើរទាំងអស់ដែលត្រូវធ្វើដំណើរពីគ្រប់ភូមិសាស្រ្ត ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅកាន់ និងវិលត្រឡប់មកពីរាជធានីភ្នំពេញ ក៏ដូចជាទៅមកតាមបណ្តាខេត្តនានា​ទៀត ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំ និងវិធានការការពារ ការរាត្បាតជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

លោកថា ក្រុមការងារបានណែនាំដល់ម្ចាស់យានយន្ត ត្រូវបើកបង្អួចរថយន្តឲ្យខ្យល់​ចេញចូល «ដោយមិនប្រើម៉ាស៊ីនត្រជាក់» ,អ្នកដំណើរ និងអ្នកបើកបរទាំងអស់ ត្រូវពាក់ម៉ាស់ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃជំងឺផ្សេងៗ រូមទាំងជំងឺកូវីដ១៩ ផងទៀត ,ត្រូវសម្អាតរថយន្តជាប្រចាំ ដោយប្រើទឹកសាប៊ូ និងជូតអាកុលតាមធ្នាក់កៅអី ,ម្ចាស់រថយន្តត្រូវវាស់កម្ដៅ ត្រូវមានទឹកអាកុល ឬជែលអាកុល ឲ្យអ្នកដំណើរលាងដៃ​ពេលឡើងលើរថយន្ត។ ចំពោះអ្នកបើកបររថយន្តទាំងអស់ បើមានរោគសញ្ញាផ្ដាសាយ ដូចជា ក្ដៅខ្លួន ឈឺបំពង់ករ ហៀសំបោរ ឬពិបាកដកដង្ហើម ត្រូវផ្អាកការបើកបរ ជាបណ្ដោះ​អាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព ដែល​ជាកិច្ចការងារដ៏ចាំបាច់បំផុត៕ ទ្រី វិច្ឆិកា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ