ខេត្តបាត់ដំំបង៖ បុរសម្នាក់ដែលគេសង្ស័យទំនងជាបែកថ្នាំដល់កំរិត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីជននេះប្រើប្រាស់កាំភ្លើងកែច្នៃជិះរថយន្តទំនើបដើរបាញ់គេឯងដោយគ្មានមូលហេតុ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ធ្នូ ខណៈជនរងគ្រោះកំពុងហូបបបរនៅម្ដុំផ្សាររាត្រីនាគបាញ់ទឹក ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសនោះ ឈ្មោះ វុន ស៊ីនឿន អាយុ៣៤ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង។ ជននេះ ត្រូវបានកម្លាំងអធិការក្រុងបាត់ដំបងតាមឃាត់ខ្លួនភ្លាមៗ ក្រោយពីប្រើប្រាស់កាំភ្លើងកែច្នៃ (បាញ់គ្រាប់កង់) ជិះរថយន្តទំនើបដើរបាញ់គេឯងកណ្ដាលអធ្រាត្រ ដោយគ្មានមូលហេតុ។ នៅក្នុងហេតុការណ៏នេះ បើទោះជាគ្មានអ្នករងរបួសក្ដី ប៉ុន្តែមានបុរសម្នាក់ឈ្មោះ ភាន់ ភត្រា អាយុ៣៣ឆ្នាំ នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង បានដាក់ពាក្យបណ្ដឹង ដោយសារតែខ្មាន់កាំភ្លើងច្នៃនោះ បានបាញ់សំដៅទៅលើរូបគាត់ ដែលកំពុងអង្គុយហូបបបរ តែសំណាងល្អមិនត្រូវ។

ជនរងគ្រោះនៅក្នុងសំណុំរឿងនេះ បាននិយាយប្រាប់សមត្ថកិច្ចថា គាត់គ្មានគំនុំជាមួយខ្មាន់កាំភ្លើងច្នៃម្នាក់នេះទេ ហើយក៏មិនធ្លាប់ស្គាល់គ្នាពីមុនមកដែរ ស្រាប់តែសុខៗ ជននេះជិះរថយន្តមកបាញ់គាត់ ពេលកំពុងហូបបបរនៅកណ្ដាលអាធ្រាត្រ តែសំណាងល្អបាញ់មិនត្រូវ។ សាក្សីនៅកន្លែងកើតហេតុ ក៏បាននិយាយស្រដៀងជនរងគ្រោះដែរថា ខ្មាន់កាំភ្លើងដែឡជិះរថយន្តទំនើបនោះ ហាក់គ្មានហេតុផលទេ ស្រាប់តែជិះរថយន្តមកដល់ លើកកាំភ្លើងបាញ់គេតែម្ដង។ ក្រោយបាញ់រួចជននោះបានបើករថយន្តចេញទៅបាត់ លុះបន្តិចក្រោយមកទើបសមត្ថកិច្ចមកដល់ តែគេបានចំណាំស្លាកលេខ និងភិនភាគរថយន្តនោះច្បាស់។
នៅកន្លែងសួរចម្លើយ ក្នុងអធិការនគរបាលក្រុងបាត់ដំបង ខ្មាន់កាំភ្លើងច្នៃឈ្មោះ វុន ស៊ីនឿន មិនបាននិយាយអំពីមូលហេតុជាក់លាក់ ដែលនាំឲ្យខ្លួនចងកំហឹងជាមួយជនរងគ្រោះដែរ តែជននេះបានសារភាពថា ខ្លួនពិតជាបានប្រើប្រាសកាំភ្លើងច្នៃបាញ់គ្រាប់កង់នោះ ជិះរថយន្តដើរបាញ់គេឯង នៅក្នុងក្រុងទាំងកណ្ដាលយប់មែន។ នេះបើតាមសមត្ថកិច្ចដែលបានស្រង់សំដីជនសង្ស័យ។

សមត្ថកិច្ចបានបញ្ជាក់ថា បើតាមសាវតា ជនសង្ស័យឈ្មោះ វុន ស៊ីនឿន នេះជាមនុស្សប្រើប្រាស់ថ្នាំញៀន ហើយនៅពេលបង្កហេតុ ជននេះហាក់ស្ថិតក្នុងស្ថានភាពបែបថ្នាំផង។ ទោះយ៉ាងណា នេះជាការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ដែលធ្លាប់ស្គាល់សាវតាជននេះតែប៉ុណ្ណោះ។
អធិការក្រុងបាត់ដំបង លោក ឆាង វណ្ណឆៃ បាននិយាយថា នៅយប់កើតហេតុ ជនសង្ស័យរូបនេះ បានជិះរថយន្តដើរបាញ់គេនៅតាមផ្លូវចំនួន០២កន្លែង លុះបាញ់លើកចុងក្រោយ នៅម្ដុំផ្សាររាត្រីនាគបាញ់ទឹកបណ្ដាលឲ្យមានការភ្ញាក់ផ្អើល ក៏ត្រូវកម្លាំងល្បាតរបស់លោក តាមឃាត់ខ្លួនបាន។ លោកនិយាយថា ក្រោយកើតហេតុ ជននេះបានព្យាយាមបើរថយន្តគេចខ្លួន តែត្រូវបានកម្លាំងតាមឃាត់ខ្លួនបាន ទាំងមនុស្សទាំងរថយន្តនោះ ហើយនាំមកកាន់អធិការក្រុងភ្លាមៗដើម្បីសួរនាំ។

លោកឆាង វណ្ណឆៃ បានបញ្ជាក់បន្ថែមថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យឈ្មោះ វុន ស៊ីនឿន លោ កស្នងការខេត្ត និង លោកព្រះរាជអាជ្ញារ បានបញ្ជាឲ្យកម្លាំងរបស់លោកដកហូតរថយន្តមួយគ្រឿងម៉ា ក TOYOTA Rrlly ពណ៏សពាក់ស្លាកលេខ បាត់ដំបង 2C-7575 ដែលជាមធ្យោបាយជិះប្រព្រឹត្តបទល្មើស និង កាំភ្លើងកែច្នៃចំនួន០៣ដើម មានចំនួន២០គ្រាប់ (គ្រាប់កង់)។
លោកអធិការបានបញ្ជាក់ថា បើទោះជាជននេះហាក់បែកថ្នាំស្ទើរលេងដឹងខុសត្រូវក្ដី តែលោកព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនជននេះនិងវត្ថុតាងនានាផង ទៅតុលាការចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ