ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ត្អួ​ញ​ត្អែ​រ​ទាំងថ្ងៃទាំងយប់​! ពី​មុន​រកបាន​៤០​ម៉ឺន​ ឥឡូវ​តែ​១៥​ម៉ឺន​​រៀល​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជីវករ​ជា​ច្រើន​នាក់​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ត្អូញត្អែរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​រក​ប្រាក់ ដើម្បី​យក​ទៅ​សង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ខណៈ​ជំងឺ​កូ​វី​ដ​១៩…

ខេត្ត​ប៉ៃលិន ៖ អាជីវករ​ជា​ច្រើន​នាក់​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ត្អូញត្អែរ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​រក​ប្រាក់ ដើម្បី​យក​ទៅ​សង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ ខណៈ​ជំងឺ​កូ​វី​ដ​១៩ បន្ត​រាតត្បាត​អូស​បន្លាយ​រយ​:​ពេល​យូរ​នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ។

ពី​មុន​ការ​លក់ដូរ​កាក់កប ព្រោះតែ​មាន​បុគ្គលិក​កាស៊ីណូ និង​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ចេញ​-​ចូល​ទៅ​ពី​ប្រទេស​កម្ពុជា ចូល​ប្រទេស​ថៃ ដើម្បី​ទិញ​នំចំណី ម្ហូបអាហារ តែ​ពេល​ហាមប្រាម​ការ​ឆ្លង​ដែន ដើម្បី​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ អត់​សូវ​មាន​អ្នកទិញ​ដូច​កាលពីមុន​នោះ​ឡើយ ។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ អាជីវករ ឈ្មោះ នុ​ត តាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ប្រកប​មុខរបរ​លក់​នំ​ដំឡូង​មី លក់​សាច់​មាន់ សាច់​គោ​អាំង និង​ឈ្មោះ ឃាង ហ៊ុ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ លក់​ទា​ដុត​ក្នុង​ពាង ព្រមទាំង​អ្នកលក់​ប្រហិត និង​គ្រឿង​ហូប​ផ្សេង​ៗ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖

«​រហូត​មក​ដល់​ពេល​នេះ ការ​លក់ដូរ​របស់​ពួក​គេ ពិតជា​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​កាលពី​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩​ចូល​មក​ដល់ ក្នុង​១​ថ្ងៃ​ពួក​គាត់​អាច​រកបាន​ប្រាក់​ចំណូល ចាប់ពី​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល លុះ​ពេល​កូ​វី​ដ​១៩ វាយប្រហារ​អស់​រយ​:​ពេល​យូរ​ជិត​១​ឆ្នាំ​នេះ ក្នុង​១​ថ្ងៃ​ពួក​គាត់​លក់​បាន​ប្រាក់​ត្រឹមតែ​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​ប៉ុណ្ណោះ ដោយ​ខ្វះ​មុខ ខ្វះ​ក្រោយ​» ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ ពិតជា​ស្ងាត់​ម៉ូយ​ខ្លាំង​ណាស់ ខណ​:​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ អនុញ្ញាតិ​ឱ្យ​ត្រឹមតែ​រថយន្ត​ដឹក​ទំនិញ​ចូល​ប៉ុណ្ណោះ រីឯ​កាស៊ីណូ​ទាំងអស់​ត្រូវ​បាន​បិទទ្វារ មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​បាន​នោះ​ឡើយ ។ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​មុខរបរ​អាជីវកម្ម​របស់​ពួក​គាត់ មានការ​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​តែ​ម្តង ។

បច្ចុប្បន្ន ពួក​គាត់​កំពុង​តែ​ជំពាក់​បំណុល​គេ​គ្រប់​ៗ​គ្នា ដោយ​មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ជីវភាព ហើយ​ថែម​ទាំង​ដេក​បារម្ភ​ចំពោះ​ការ​រក​ប្រាក់ ដើម្បី​យក​ទៅ​សង​ជំពាក់​ខាង​មីក្រូហិរញ្ញវត្ថុ​ផង​ដែរ។

តែ​ទោះបីជា​យ៉ាងណា ក៏​ពួក​គាត់​មិន​អាច​សម្ងំ​សម្រាក​នៅផ្ទះ​បាន​ឡើយ គឺ​នាំ​គ្នា​ពុះពារ ដើម្បី​រក​ប្រាក់​ផ្សែផ្សំ​គ្នា​យក​ទៅ​សងបំណុល​គេ រហូត​ដល់​អស់ បើ​ជំងឺ​នេះ​នៅ​តែ​មានការ​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ