ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើងម្នាក់ក្នុងចំណោមបក្សពួកគេ៥នាក់ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្តក្រុងរបស់ក្រុមហ៊ុនភ្នំពេញសូរិយា បណ្តាលឲ្យបែកខូចខាតនោះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនបានម្នាក់ ដើម្បីយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ ។

ក្មេងប្រុសដែលត្រូវចាប់ខ្លួនខាងលើនេះមានឈ្មោះ ម៉ៅ លៀបហេង អាយុ១៤ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើកបររថយន្តឈ្មោះ ស៊ីន ថៃវ៉ាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបឹងសាឡាង ឃុំទួលគោក ក្រុងភ្នំពេញ បច្ចុប្បន្នជាអ្នកបើកបរឡានក្រុងរបស់ក្រុមហ៊ុនភ្នំពេញសូរិយា (ពីប៉ោយប៉ែត ទៅបាត់ដំបង) ។

បើតាមលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងរបស់អ្នកបើកបររថយន្តខាងលើដែលបានមកប្ដឹង និងរាយការណ៍ថា មុនកើតហេតុនៅយប់ថ្ងៃទី១ ខែធ្នូ វេលាម៉ោង៨និង១៥នាទី នៅចំណុចខាងលិចស្ដុបទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានករណីធ្វើឱ្យខូចខាតដោយចេតនា (ទ្រព្យសម្បត្តិអ្នកដទៃ) ដោយយកដុំថ្មគប់កញ្ចក់ឡានរបស់គាត់ បណ្តាលឲ្យបែក ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់បញ្ជាដល់កម្លាំងនគរបាលជំនាញនគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះធ្វើការស្រាវជ្រាវតែម្តង ។ លុះពេលទៅដល់កន្លែងកើតហេតុ កម្លាំងជំនាញក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ចាប់ឃាត់ខ្លួនមុខសញ្ញាជាក្មេងប្រុសម្នាក់ឈ្មោះម៉ៅ លៀបហេង ដើម្បីយកមកធ្វើការសាកសួរ។

លោកអធិការនគរបាលបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចក្មេងប្រុសរូបនេះបានសារភាពថា នៅវេលាម៉ោងប្រហែលជា៧យប់ ថ្ងៃទី០១ ខែធ្នូ រូបគេបានជិះកង់ម្នាក់ឯងទៅលេងភូមិគាប សង្កាត់ទឹកថ្លា (ផ្លូវចុះទៅពន្ធនាគារ) ហើយក៏បានជួបជាមួយគ្នីគ្នាគេចំនួន៤នាក់ទៀត ក៏បបួលគ្នាដើរលេង ដោយមាន១-ឈ្មោះ នុន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិគាប, ២-ឈ្មោះ ហេង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល, ៣-ឈ្មោះ ញ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអូរអំបិល និង៤-ឈ្មោះលាប ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិអូរអំបិល ។ ក្រោយមកឈ្មោះនុន ជាអ្នកផ្តើមគំនិតបបួលគ្នាទៅគប់កញ្ចក់ឡានគេ រួចហើយឈ្មោះ នុន ក៏បានរើសយកដុំថ្មឲ្យគេទៅគប់កញ្ចក់ឡាន ពណ៌ក្រហម ដែលធ្វើដំណើរពីលិចទៅកើត ត្រូវចំបែកកញ្ចក់ ក្រោយពេលគប់រួចហើយពួកគេក៏នាំគ្នារត់គេចខ្លួនតែម្តង ។
លោកលោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់បន្ថែមថា ដោយផ្អែកលើក្មេងប្រុសរូបនេះជាអនីតិជន និងមានការសម្របសម្រួលពីឪពុកម្តាយ ដោយទាំងព្រមចេញថ្លៃខូចខាតទៅឲ្យក្រុមហ៊ុនភ្នំពេញសូរិយាផងនោះ ទើបនគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ក្មេងប្រុសឈ្មោះ ម៉ៅ លៀបហេង រួចប្រគល់ឲ្យឪពុកម្តាយវិញដើម្បីនាំយកទៅធ្វើការអប់រំបន្ត ចំណែកបក្សពួកគេ៤ទៀតកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវហើយ៕

ចែករំលែកព័តមាននេះ