ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​កម្មករ​ធ្វើ​ផ្លូវ​៖ បារម្ភ​​​ចោរ​លួច​​កើត​​រាល់ថ្ងៃ ពិសេស​ក្នុង​​ក្រុង​បាត់​ដំបង

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អំពើ​ចោរកម្ម​ដែល​សមត្ថកិច្ច​មិន​អាច​ទប់ស្កាត់ ឬ ឲគ្រប់គ្រង​មុខសញ្ញា​បាន ឬបង្ក្រាប​មិន​បាន​ជន​ដៃដល់ ជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​នេះ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​ៗ បង្ក​អសន្តិសុខ​ដល់​ពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​។ ជា​ពិសេស​ នៅ​ក្នុង​ក្រុង​បាត់​ដំបង​តែ​ម្ដងដែល​គេ​មើលឃើញ​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​«​លួច​»​ស្ទើរ​គ្រប់​រូបភាព…

ខេត្តបាត់ដំបង​៖ អំពើ​ចោរកម្ម​ដែល​សមត្ថកិច្ច​មិន​អាច​ទប់ស្កាត់ ឬ ឲគ្រប់គ្រង​មុខសញ្ញា​បាន ឬបង្ក្រាប​មិន​បាន​ជន​ដៃដល់ ជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​នេះ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​ៗ បង្ក​អសន្តិសុខ​ដល់​ពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​។ ជា​ពិសេស​ នៅ​ក្នុង​ក្រុង​បាត់​ដំបង​តែ​ម្ដងដែល​គេ​មើលឃើញ​ថា ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​«​លួច​»​ស្ទើរ​គ្រប់​រូបភាព និងមិន​រើសមុខ​ឡើយ​ ។

ជាក់ស្ដែង ក្រុម​កម្មករ​ជួសជុល​ផ្លូវជាតិ​លេខ​៥៧ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចូល​លួច​ទ្រព្យ​សម្បត្តិ​ម្ដង​ហើយ​ម្ដងទៀត តែ​ចាប់​ជនសង្ស័យ​មិន​ទាន់​បាន ​។ សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​០១ ធ្នូ ចោរ​បាន​លួច​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​០១​គ្រឿង ខណៈ​ក្រុមក​ម្មករ​កំពុង​ដេក​លក់​នៅ​ក្នុង​រោង​ក្បែរ​ការដ្ឋាន​ជួសជុល​ផ្លូវជាតិ​លេខ​៥៧ ត្រង់​នៅ​ចំណុច​ភូមិ​គោ​កប​ន្លៃ សង្កាត់​អូ​រមាល់ ក្រុង​បាត់ដំបង ​។ ជនសង្ស័យ​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ភិនភាគ​យ៉ាង​ច្បាស់ គឺជា​មនុស្ស​ភេទ​ទី​៣ ដែល​គេ​សង្ស័យ​មិន​នៅ​ឆ្ងាយ​ពី​មូល​ដ្ឋាន​នោះ​ទេ​។ ព្រោះ​គេ​តែង​ប្រទះ​ឃើញ​ជន​នោះ ដើរទៅ​កន្លែង​ការដ្ឋាន​នោះ​ជា​ញឹក​ញ៉ាប់​។ ប៉ុន្តែ​យ៉ាងណា ជន​រង​គ្រោះ​បាន​ទៅ​ប្ដឹង​នៅ​ប៉ុ​ស្ដិ៍​រដ្ឋបាល​ហើយ​។

កាលពី​ជាង​កន្លះ​ខែ​មុន ក្រុម​កម្មករ​ធ្វើ​ផ្លូវ​ដដែល​នេះ ក៏​ត្រូវ​ចោរលួច​ដោះ​យក​អា​គុយ​រថយន្ត​អស់​ចំនួន​០២​គ្រាប់​ម្ដង​ហើយ​ដែរ ដែល​កើតឡើង​នៅ​ពេល​យប់ ត្រង់​ចំណុច​ផ្លូវ​ចូល​បន្ទាយ​យោធា​ភ្នំ​តូច ស្ថិត​ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ស្រុក​នេះ ហាក់​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ជន​ដៃដល់​ឡើយ ហើយ​ពេល​នេះ​ក្រុម​កម្មករ​ដដែល ត្រូវ​ចោរលួច​យក​ទូរស័ព្ទ​ជា​ថ្មី​ទៀត តែ​លើក​នេះ​ជនសង្ស័យ​ហាក់​កំពុង​ត្រូវ​បាន​គេ​ស្គាល់​មុខ​ព្រាល​ៗ តែ​មិនដឹង​សមត្ថកិច្ច​រក​ឃើញ​ដែរ​ឬ​អត់ ?

ដោយឡែក កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា កន្លង​ទៅ​ថ្មី​ៗ​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​មាន​សេចក្ដី​រាយ​ការ​ណ៏​ថា យុវជន​ម្នាក់​ត្រូវ​ចោរ​ឆ្កឹះ​ទ្វា​រថយន្ត​លួច​យក​កាបូប​មួយ ដែល​មាន​ប្រាក់​ចំនួន​៥៥​លាន​រៀល ខណៈ​ជន​រង​គ្រោះ បាន​ចត​រថយន្ត​នៅ​ក្បែរ​ចិញ្ចើម​ថ្នល់ជាតិ​លេខ​៥៧ ខាងលិច​ស្ដុ​ប​បាណ​ន់ ក្នុងភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង រួច​ចុះ​ទៅ​ហូប​អាហារ​នៅ​ក្បែរ​នោះ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​រថយន្ត​នោះ​ឈ្មោះ ឃី​ម វិ​ឆៃ ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ម្រះព្រៅ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី​។ ជន​រង​គ្រោះ​បាន​បើករថយន្ត​ទៅ​ចត​នៅ​ចំណុច​ខាងលើ ហើយ​បាន​ចុះ​ដើរទៅ​ហូប​អាហារ​នៅ​ក្បែរ​នោះ តែ​មិន​បានដឹង​ថា មាន​ចោរ​ទៅ​ឆ្កឹះ​ទ្វារ​រថយន្ត​លួច​យក​កាបូប​លុយ​ទេ​។ លុះ​ពេល​ដើរទៅ​បើកទ្វារ​រថយន្ត​បម្រុង​បន្ត​ដំណើរ ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ដោយសារ​បាត់​ការ​បូ​ប​លុយ និង មើលឃើញ​មាន​ស្នាម​ឆ្កឹះ​ទ្វារ​រថយន្ត​។ បើ​តាម​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​សួរនាំ​នៅ​កន្លែង​កើតហេតុ បាន​និយាយ​ថា រាល់​សកម្មភាព​ជន​ដៃដល់ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ដែល​គេ​បំពាក់​នៅ​ក្បែរ​នោះ​។

នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជន​នោះ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​ចំហៀង​រថយន្ត ហើយ​ធ្វើ​សកម្មភាព​ឆ្កឹះ​ទ្វារ​រថយន្ត​លូក​យក​កាបូប​លុយ រួច​ជិះ​គេចខ្លួន​ភ្លាម​ៗ​ដោយ​សុវត្ថិភាព​តែ​ម្ដង​។ សមត្ថកិច្ច​បាន​ស្រង់​សំដី​ជន​រង​គ្រោះ​ថា លុយ​ដែល​ត្រូវ​ចោរលួច​នោះ​មាន​ចំនួន​៥៥​លាន​រៀល ជា​លុយ​ដែល​ទើប​លក់​ស្រូវ​ចំនួន​២​រថយន្ត​ធំ​ៗ​។ គេ​សង្ស័យ​ថា ជន​ដៃដល់​អាច​ជា​មនុស្ស​ដែល​ដឹង​រឿង​លុយ​លក់​ស្រូវ​នោះ​ច្បាស់​ទើប​លួច​មិន​ច្រឡំ​បែប​នេះ​។ នៅ​ថ្ងៃ​ដដែល​នេះ ក៏​មាន​ករណី​គាស់​ផ្ទះ​មួយ​កន្លែង និង កាច់​សោរ​លួច​ម៉ូតូ​ចំនួន​០២​លើក​ផង​ដែរ​។ នេះ​បើ​តាម​ព័​ត៏​មាន​បឋម​ពី​សមត្ថកិច្ច ដែល​បាន​ទម្លាយ​។

នេះ​ជា​អំពើរ​ចោរកម្ម​ដ៏​កក្រើក​ក្រុង​បាត់ដំបង ដែល​កើតឡើង​ទាំង​យប់​ទាំង​ថ្ងៃ គ្រប់​ទីកន្លែង និង មាន​គ្រប់​រូបភាព​។ អំពើរ​ចោរកម្ម​ដែល​កំពុង​បង្ក​អសន្តិសុខ​បំផុត​ក្នុង​ពេល​នេះ ត្រូវ​គេ​មើលឃើញ​ថា មាន​ដូច​ជា «​ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ និង ចោរ​កាច់​សោរ​.​ក​លួច​ម៉ូតូ​»​។ សមត្ថកិច្ច​ក៏​ធ្លាប់​បង្ក្រាប​បាន​ជន​ដៃដល់​ជា​បន្តបន្ទាប់​ផង​ដែរ តែ​មិន​តុល្យភាព​នឹង​ចំនួន​បទល្មើស​ដែល​បាន​កើតឡើង​ស្ទើរ​រាល់​ថ្ងៃនេះ​ទេ​។ ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កន្លង​មក ភាគច្រើន​សុទ្ធតែ​ជា​មុខសញ្ញា​ប្រើប្រាស​ថ្នាំ​ញៀន ប្រព្រឹត្ត​ល្បែងស៊ីសង​។ ជា​ពិសេស​ក្រុម​អ្នកលេង​ល្បែង «​អន​ឡាញ​» ដែល​កំពុង​រីក​ដូច​ផ្សិត​នៅ​ក្នុង​ក្រុង​បាត់ដំបង​តែ​ម្ដង​។

ល្បែង​«​អ៊ីនធើរណេត ឬ អន​ឡាញ​» គ្មាន​ច្បាប់​យ៉ាងតិច​ជាង​២០​កន្លែង ដែល​កំពុង​បើកទ្វារ​ចំហរ​ពាសពេញ​ក្រុង​បាត់ដំបង នា​សព្វ​ថ្ងៃនេះ​។ ហើយ​ល្បែង​នេះ ​ត្រូវ​បាន​មហាជន​ទូទៅ រាប់​ទាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ផង ដឹង​យ៉ាង​ច្បាស់​ថា ជាទី​តាំង​ល្បែង​ដែល​គ្មាន​ច្បាប់​។ ហើយ​កាន់តែ​ដឹង​ច្បាស់​ជាង​នេះ​ទៀត​ថា បន​ល្បែង​«​អន​ឡាញ​»​ទាំងនេះ មួយ​ចំនួន​ជា​ជម្រក​ជ្រកកោន នៃ​ជន​ទុច្ចរិត (​ចោរ​) ហើយ​ក៏​ជាទី​តាំង​ជូ​ញ​ដូរ​គ្រឿងញៀន​ឬ​ប្រើប្រាស​គ្រឿងញៀន​យ៉ាង​ចំហរ​ផង​ដែរ​។ ប៉ុន្តែ​ស្ទើរ​គ្រប់​ទីតាំង​ល្បែង​នេះ សុទ្ធតែ​មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ខិ​ច​ខូច​មួយ​ចំនួន​។ មន្ត្រី​ខ្លះ​មាន​ភាគហ៊ុន​ជាមួយ​បទល្មើស​នេះ និង ខ្លះ​ទៀត​ទ​ទូល​បាន​ប្រាក់​សំណូក​ប្រចាំខែ ជា​ពិសេស​លោក​ធំ​ៗ​មួយ​ចំនួន​។ ដូច្នេះ​ហើយ​ទើប​ពិបាក​បង្ក្រាប​។

ក្រោយ​ពី​ទើប​ប្រកាស​ចូល​កាន់​តំណែង​ស្នងការ​ខេត្ត​ក្ដៅ​ៗ លោក សាត គឹ​ម​សាន បាន​ដាក់​ចេញ​នូវ​ផែនការ​បើកចំហរ​ជើងមេឃ ប្រកាស​លេខ​ទូរស័ព្ទ រាប់​ចាប់តាំងពី​មេ​ប៉ុ​ស្ដិ៍ អធិការ​ស្រុក ក្រុង រួម​ទាំង​លេខ​ទូរស័ព្ទ​លោកស្នងការ​រង​ទ​ទូល​ផែន និង លេខ​ទូរស័ព្ទ​របស់​លោកស្នងការ​ខ្លួនឯង​ផ្ទាល់​ដល់​ទៅ​០២​ខ្សែ បង្ហោះ​ពេញ​មេឃ​តាម​រយៈ​ផេ​ក​ស្នង​ការ​ខេត្តបាត់ដំបង ដើម្បី​ជា​ការ​ងាយ​ស្រូល​ដល់​ពលរដ្ឋ​ទំនាក់ទំនង​ផ្ដល់​ព័​ត៏​មាន​នានា ដែល​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត ដែល​សមត្ថកិច្ច​មិន​បានដឹង​។

មិនតែប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​១៣ តុលា លោក សាត គឹ​ម​សាន ស្នងការ​ខេត្ត​ថ្មី​រូប​នេះ បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​ស្នងការ​ខេត្ត ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ផែនការ​បង្ក្រាប​ល្បែង​«​អន​ឡាញ​»​គ្មាន​ច្បាប់​នេះ ជួន​ដល់​អ្នក​សារ​ព័​ត៏​មាន​និង​ប្រជា​ពលរដ្ឋ​បាន​ជ្រាប​ទៀត​ផង​។ ផែនការ​នេះ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន​ព្រហ្មទណ្ឌ និង លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង ជា​អ្នក​ចុះ​អនុវត្ត​ផ្ទាល់​។

ប៉ុន្តែ​បើ​គិត​ត្រិ​ម​ថ្ងៃ​ទី​០២ ធ្នូ នេះ ផែនការ​បង្ក្រាប​ល្បែង​«​អន​ឡាញ​»​នេះ​មាន​អាយុកាល​ជិត​២​ខែ​កន្លង​ទៅ​ហើយ តែ​អត់​បានការ​អ្វី​ទេ​។ ផែនការ​នេះ​នៅ​តែ​ជាប់​គាំង​ស្ងេ​ញ​ដដែល ខណៈ​គ្រប់​ទីតាំង​ល្បែង​នេះ​ជាង​២០​កន្លែង នៅ​តែ​ដំណើរ​យ៉ាង​រលូន ក្រោម​ក្រសែភ្នែក​លោកស្នងការ​ខេត្ត​។ រីឯ​ប្រជាពលរដ្ឋ​កំពុង​តែ​ទល់ភ្នែក​រង​ចាំ​ទស្សនា​ស្នារ​ដៃ​បង្ក្រាប​របស់​លោកស្នងការ​ថ្មី តែ​ទំនង​គ្មាន​សង្ឃឹម​ទេ​មើលទៅ ? ដូច្នេះ​ មាន​តែ​ពឹង​លើ​ទេវតា​ចុះ​ពីលើ​មេឃ​ទេ ទើប​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ ។

អត្ថបទសរសេរ ដោយ