រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានប្រទះឃើញតារាវ័យក្មេងនាង អ៊ួន វ៉ាន់វីតា បានបង្ហោះរូបភាពចូលរោងការជាមួយតារាប្រុសមួយរូប។ តារាសម្តែងដែលវិវត្តន៍ខ្លួនតាំងពីកុមារភាព អ៊ួន វ៉ាន់វីតា បានធ្វើអោយទស្សនិកសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានបង្ហោះរូបភាពមួយសន្លឹកនៅតាមបណ្តាញសង្គមហ្វេសប៊ុក ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ជាមួយបុរសដែលជាអ្នកសិល្បៈដូចគ្នាមួយរូប គឺលោក ឃីង សាន។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ នៅពីក្រោយរូបភាពនោះក៏មានផ្ទាំងបដាសរសេរថា សិរីសួស្តីអាពាហ៍ពិពាហ៍យ៉ាងច្បាស់ក្រឡែត។ ជាការកត់សម្គាល់ ក្រោយពេលដែរ វ៉ាន់ វីតា បានបង្ហោះរូបភាពនេះរួចមក គេឃើញមានប្រិយមិត្តគាំទ្រ ជាពិសេសអ្នកសិល្បៈជាច្រើនបាននាំគ្នាសម្តែងការអបអរសាទរ និងជូនពរដល់តារាសម្តែងរូបនេះផងដែរ។
យ៉ាងណាពាក់ព័ន្ធរូបភាពខាងលើនេះ តារាសម្តែងនាង អ៊ួន វ៉ាន់វីតា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា អ្វីដែលមហាជនបានឃើញរូបភាពដែលនាងបានបង្ហោះ គឺមិនមែនជាពិធីមង្គលការរបស់នាងឡើយ។
វីតា បញ្ជាក់ថា ពួកយើងទាំងពីរជាអ្នកកំដរ និងកាន់ផ្កាតែប៉ុណ្ណោះ ខណៈពេលពិធីមង្គលការនេះ គឺខាងប្អូនប៉ារបស់នាងប៉ុណ្ណោះ។ នាងបន្ថែមថា នាងតែងតែមានអារម្មណ៍ប្លែកពេលផុសរូបបែបនេះ តែងតែមានមហាជនចាប់អារម្មណ៍ និងយល់ច្រលំជាច្រើន។
យ៉ាងណា បើតាម វ៉ាន់ វីតា សម្រាប់បុរសដែលនាងឈរថតជាមួយនេះ គឺពួកនាងទាំងពីរត្រឹមជាដៃគូរនឹងគ្នា និងមានទំនាក់ទំនង់ល្អនឹងគ្នាប៉ុណ្ណោះ ដោយសារគាត់មានចរិតល្អ គោរពចាស់ទុំ និងគោរពពេលវេលាការងារ ព្រមទាំងអោយតំលៃមនុស្សជុំវិញខ្លួន ។
យ៉ាងណាចំពោះទៅថ្ងៃខាងមុខទៀត នាងក៏មើលមិនដឹងថា យើងទាំងពីរអាចនឹងលើសពីដៃគូរ ឬយ៉ាងមិចនោះទេ គឺស្ថិតលើពេលវេលាទៅមុខទៀត ខណៈរាល់ថ្ងៃគ្រាន់តែយើងស្រលាញ់រាប់អានគ្នាដូចគ្រួសារតែមួយ។
វ៉ាន់ វីតា បានលើកឡើងទៀតថា ប្រសិនបើទំនាក់ទំនងពួកនាងអាចក្លាយជាកាពិតក៏ល្អដែរ ដោយសារយើងបានមើលចិត្ត និងស្គាល់ពីគ្នាបានច្រើន ព្រមទាំងយល់ពីគ្នាច្បាស់អស់រយៈពេល២ឆ្នាំមកហើយ។
ទោះជាយ៉ាងណា រឿងរៀបការ នាងមិនទាន់គិតនៅឡើយទេ ហើយក៏មិនអាចកំណាត់ថាឆ្នាំណាដែរ តែប្រហែលអាចជាយូរបន្តិច ព្រោះនាងចង់មានមុខរបរច្បាស់លាស់មួយទៀតក្រៅពីការងារសិល្បៈ៕