រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ នារីម្នាក់ជាអាជីករលក់ម៉ូតូ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Chanthol Lay នៅពេលឃើញរថយន្តសង្គ្រោះមួយគ្រឿងមកទទួលយកបុរសម្នាក់ នៅលើផ្លូវ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ម្តុំផ្សារអូរឫស្សី នារីរូបនោះបានទាញទូរស័ព្ទដៃធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុករបស់ខ្លួនភ្លាមៗមានអ្នកចូលទស្សនាប្រមាណជិត២ម៉ឺននាក់(19K) ក្នុងរយៈពេលជិត១៩នាទី បង្កឲ្យមានការភ្ញាក់ផ្អើល និងជ្រួលច្របល់យ៉ាងខ្លាំង ពេញម្តុំផ្សារអូរឫស្សី ។
យ៉ាងណា រហូតដល់ម៉ោង១០ព្រឹកថ្ងៃដដែលនេះ គណនីហ្វេសប៊ុក Chanthol Lay បានលុបវីដេអូដែលផ្សាយផ្ទាល់ពីរថយន្តពេទ្យនោះវិញហើយ និងចេញវីដេអូមួយទៀត ធ្វើការសុំទោសជាសាធារណៈ ផងដែរ ។ ប៉ុន្តែ វីដេអូ(ជិត១៩នាទី)នោះ លុបមិនអស់ទេ ដោយសារផេកហ្វេសប៊ុកមួយចំនួនទៀត យកទៅចុះផ្សាយក្នុងហ្វេសប៊ុករបស់ពួកគេ បង្ហោះជាបន្តបន្ទាប់ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ប្រាប់ថា នាវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ មានកម្លាំងប៉ុស្តិ៍ បានចុះសហការជាមួយសាលាសង្កាត់អូរឫស្សីទី២ ទូរស័ព្ទហៅរថយន្តសង្គ្រោះមួយគ្រឿង មកទទួលបុរសម្នាក់ជាអ្នកបកប្រែភាសាចិន ស្នាក់នៅសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា ដែលមានអាការឡើងកម្ដៅក្នុងខ្លួន បញ្ជូនទៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ដើម្បីពិនិត្យសុខភាព ។
សូមជម្រាបថា ខណៈពេលកម្ពុជា បានកំណត់ពេលវេលា១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ចូរបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំសន្និដ្ឋានអ្វីមួយ មុនការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ច ៕