ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យូ ឌី​ស្កូ ឈឺ​ឃ្លាតឆ្ងាយ​ពី​សិល្បៈ ឥឡូវ​នេះ​​តើ​យ៉ាងណា​ហើយ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​យូ ឌី​ស្កូ បាន​ប្រកាស​ទទួលយក​ការងារ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​ផ្អាក​ជា​យូរ​កន្លង​មក​។ លោក​បាន​សម្រាក​ព្យាបាល​ជំងឺ​ដែល​ញាំញី​រូប​លោក​រហូត​ធ្លាក់ខ្លួន​ស្លេកស្លាំង ស្គមស្គាំង​ខុស​សភាព​ដើម​ស្ទើរ​មើល​មិន​ស្គាល់ ។ លោក​យូ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លោក​យូ ឌី​ស្កូ បាន​ប្រកាស​ទទួលយក​ការងារ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ហើយ បន្ទាប់​ពី​ផ្អាក​ជា​យូរ​កន្លង​មក​។ លោក​បាន​សម្រាក​ព្យាបាល​ជំងឺ​ដែល​ញាំញី​រូប​លោក​រហូត​ធ្លាក់ខ្លួន​ស្លេកស្លាំង ស្គមស្គាំង​ខុស​សភាព​ដើម​ស្ទើរ​មើល​មិន​ស្គាល់ ។

លោក​យូ ឌី​ស្កូ បាន​ពើបប្រទះ​ជំងឺ​ខូច​ក្រលៀន ដោយសារ​តែ​លោក​បាន​ប្រើប្រាស់​ថ្នាំ​បំប៉ន​សុខ​ភាព​មួយ​ចំនួន ប៉ុន្តែ​ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ជា​យូរ​មក​នោះ លោក​បាន​ស្រាក​ស្រា​ណ​ពី​ជំងឺ​នេះ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ពី​ថ្នាក់ដឹកនាំ​។

ក្រោយ​ពី​ការ​ជា​សះស្បើយ លោក​យូ ឌី​ស្កូ ត្រូវ​គេ​មើលឃើញ​សភាព​នៃ​រូបរាង​របស់​លោក​ដែល​បាន​ធ្លាក់ខ្លួន​ស្គមស្គាំង​ខុស​ពី​ធម្មតា​នោះ​បាន​វិល​មក​រក​សភាព​ដើម​វិញ​ស្ទើរតែ​ទាំងស្រុង ខណៈ​ពេល​ដែល​បាន​អនុវត្ត​ការ​ហាត់ប្រាណ​ជា​ប្រចាំ ។ ជា​រឿយ​ៗ​លោក​តែងតែ​បង្ហាញ​ពី​រូបរាង​ពិត​របស់​លោក​ស្ថិត​ក្នុង​សភាព​ស្រស់ថ្លា​ឡើង​វិញ តាម​រយៈ​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ពេល​ដែល​លោក​បាន​ចូល​ទៅ​ហាត់ប្រាណ និង​នៅ​តាម​ទីកន្លែង​កម្សាន្ត ផ្សេង​ៗ ដែល​នោះ​បាន​ធ្វើ​ឲ្យ​មហា​ជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​សម្តែង​ការ​ត្រេកអរ និង​ចង់​ឃើញ​វត្តមាន​របស់​លោក​វិល​មក​ការ​សម្តែង​ឡើង​វិញ​។

លោក​យូ ឌី​ស្កូ បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ទទួលយក​ការងារ​សិល្បៈ​ឲ្យ​បាន​ពេញដៃ​ឡើង​វិញ បន្ទាប់​ពី​លោក​បាត់​មុខ​ពី​អាជីព​នេះ​មួយ​រយៈ ដោយសារ​តែ​លោក​បាន​សម្ងំ​ព្យាបាល​ជម្ងឺ​ដែល​បាន​ញាំញី ធ្វើ​ឲ្យ​លោក​មិន​អាច​ចេញ​ទៅ​ណា​បាន​ឡើយ ។

យូ ឌី​ស្កូ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​សូម​ជម្រាប​ជូន​បងប្អូន​ថា ខ្ញុំ​ទទួល​ការងារ​សិល្បៈ​វិញ​ហើយ ហើយ​ឥឡូវ​សុខភាព​ខ្ញុំ​ក៏​ល្អ​ដែរ » ។

ក្រោយ​ពេល​ដែល​បាន​បង្ហោះ​សារ​បែប​នេះ មហាជន ជា​ពិសេស​មិត្តភក្តិ​ក្នុង​សិល្បៈ​ដូច​គ្នា​បាន​ចូលរួម​សម្តែង​ការ​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​ការ​វិល​មក​ការងារ​សិល្បៈ​ជា​ថ្មី​ពី​តារា​រូប​នេះ​ផង​ដែរ ។

ការ​ប្រកាស​ពី​ការ​វិល​ចូល​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ពី​លោក​យូ ឌី​ស្កូ នា​ពេល​នេះ​ហាក់​មិនមែន​ជា​រឿង​មួយ​ថ្មី និង​ប្លែក​នោះ​ឡើយ ដោយសារ​តែ​ក្នុង​ពេល​ដែល​សភាព​ជំងឺ​របស់​លោក​បាន​ធូរស្បើយ​ច្រើន​នោះ លោក​ក៏​ធ្លាប់​បាន​បញ្ជៀប​ខ្លួន​ជា បណ្តើរ​ៗ​នៅ​ក្នុង​ការងារ​សិល្បៈ​នា​ពេល​កន្លង​មក ខណៈ​ពេល​ដែល​លោក​ក៏​បាន​ឆ្លៀតឱកាស​ចូលរួម​កម្មវិធី​មួយ​ចំនួន​របស់​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ ។

លោក​យូ ឌី​ស្កូ ធ្លាប់​បាន​លើក​ឡើង​នៅ​មុន​ពេល​ដែល​លោក​ទទួល​រង​ជំងឺ​ខូច​ក្រលៀន​នេះ​ថា មូលហេតុ​ដែល​លោក​មាន​ជំងឺ​ខូច​ក្រលៀន​គឺ​បណ្ដាល​មក​ពី​លោក​ប្រើ​ថ្នាំ​អាហារ​បំប៉ន​ច្រើន​ពេក ដោយ​ក្នុង​នោះ​លោក​ក៏​បាន​ប្រើ​ថ្នាំ​ដើម្បី​ឲ្យ​សាច់​ស្អាត និង​សខ្ចី​ក្នុង​ពេល​មិន​ទាន់​ផ្ទុះ​ជំងឺ​នេះ​ផង ។ លោក​ត្រូវ​គេ​ដឹង​ថា គឺជា​អតីត​អ្នកតំណាង​លក់​ផលិតផល​អាហារ​សុខភាព ឬ​ហៅ​ថា​អាហារ​បំប៉ន ដោយ​លោក​បាន​សារភាព​ថា នៅ​ក្នុង​រយៈពេល​នោះ លោក​បាន​ប្រើ​ថ្នាំ​ដែល​ជា​ប្រភេទ​អាហារ​បំប៉ន​យ៉ាងច្រើន ហើយ​ក្រោយមក​ក៏​មាន​ជំងឺ​ខូច​ក្រលៀន​ទាំង​គូ​តែ​ម្ដង ។

បន្ទាប់​ពី​លោក​យូ ឌី​ស្កូ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ក៏​មាន​មហាជន ជា​ពិសេស​អ្នកសិល្បៈ​រួម​ជំនាន់​បាន​រៃ​អង្គាសប្រាក់​ឲ្យ​លោក​បាន​វះកាត់​ដូរ​ក្រលៀន​ម្ខាង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។ លោក​ត្រូវ​លាង​ឈាម​២​ដង​ក្នុង​មួយ​អាទិត្យ​នៅ​មុន​ពេល​ធ្វើទុក្ខ​ធ្ងន់ ។

មក​ដល់​ពេល​នេះ​ជំងឺ​របស់​លោក​យូ ឌី​ស្កូ បានជា​សះស្បើយ​ហើយ បើ​ទោះជា​លោក​ត្រូវ​ប្រើ​ថ្នាំ​ជំនួយ​ក្រលៀន​ដែល​បាន​ដូរ​អស់​មួយ​ជីវិត​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ