ខេត្តបន្ទាយមានជ័យ ៖ ក្រោយពេលទឹកជំនន់ស្រកប្រជាកសិករបានសម្រុកបង្កបង្កើនផលស្រូវមិនប្រកាន់រដូវរយៈ២ខែកន្លះទៅ៣ខែ ប៉ុន្តែនៅតែព្រួយបារម្ភទឹកមិនគ្រប់ដាក់ស្រូវក្នុងស្រុកមង្គលបូរី។
ជាក់ស្តែងនៅអំឡុងខែមិគសិរ ត្រូវជាខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅពេលដែលទឹកជំនន់ត្រូវបានស្រកឃើញថា ប្រជាកសិករនៅផ្នែកខាងលិច និងខាងកើត ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកមង្គលបូរី បាននាំគ្នាសម្រុកបង្កបង្កើនផលស្រូវមិនប្រកាន់រដូវដូចជាស្រូវសែនក្រអូប ដែលមានអាយុកាល៣ខែ និងស្រូវអ៊ីអ៊ា ដែលអាយុ២ខែកន្លះ ទទួលបានផល ដែលជាអំណោយស្រូវពូជន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ស្របពេលនោះ ប្រជាកសិករក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ស្រូវពូជន៍ជូនប្រជាកសិករដែលរងគ្រោះដោយសារតែទឹកជំនន់លិចផ្ទះសម្បែង និងដំណាំកសិកម្ម ក្រោយទទួលបានស្រូវពូជន៍នេះហើយ ប្រជាកសិករក៏បានស្តារឡើងវិញជាបណ្តើរៗហើយ។
ប្រជាកសិករបានបញ្ជាក់ថា ក្រោយពេលទឹកស្រកផុតភ្លឺស្រែបានបូមចេញបញ្ចេញពីស្រែ ហើយឱ្យត្រាក់ទ័រ ឬគោយន្តភ្ជួរដី រួចបូមសម្រិតទឹកឱ្យអស់ ហើយត្រាំស្រូវពូជន៍ក្នុងទឹករយៈ១ថ្ងៃ១យប់ រួចស្រង់ដាក់លើគោកទុករយៈពេល២ទៅ៣ថ្ងៃ រហូតដល់ស្រូវដុះពន្លកហើយ ទើបយកទៅព្រោះតែម្តង។
ប្រជាកសិករបានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវពិតជាលំបាក និងហត់នឿយណាស់ ក្រោយពីព្រោះហើយ ឃើញស្រូវដុះដើមមាន២ទៅ៣ស្លឹក ហើយត្រូវបូមទឹកបញ្ចូល និងបាញ់ថ្នាំសម្លា.ប់សត្វល្អិតបាន២ទៅ៣ថ្ងៃ ទើបព្រោះជីគីមីប្រភេទជី ស.លាយជាមួយជីពៅដើម ហើយត្រូវមើលថែ និងដាក់ទឹក បាញ់ថ្នាំ ដាក់ជី រហូតដល់ទទួលបានផល បើស្រូវអ៊ីអ៊ា គឺប្រើរយៈពេល២ខែកន្លះ ចំណែកស្រូវសែនក្រអូបវិញ គឹប្រើរយៈពេល៣ខែ ទើបប្រមូលផលបាន។
ក្នុងពេលនោះផងដែរ ប្រជាកសិករក៏មានការព្រួយបាម្ភ ព្រោះនៅពេលដែលស្រូវមានដើមដង ឬជិតបានទទួលផលហើយ គឺខ្លាចខ្វះទឹកបូមបញ្ចូលស្រែ ដូច្នេះប្រជាកសិករមានតែទទូចសុំឱ្យមន្ទីរជំនាញមាន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរខេត្ត-ស្រុក/ក្រុង ជួយ ដើម្បីបង្កាកុំឱ្យខ្វះខាតទឹកបង្កបង្កើនផលស្រូវ។
បើតាមលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់ថា នៅឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យរងគ្រោះដោយសារតែទឹកជំនន់លិចស្រូវប្រជាកសិករធ្វើឱ្យខូចខាតទាំងស្រុកអស់ជាង២ម៉ឺនហិកតា ក្រោយមកទទួលបានពូជស្រូវពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ លុះពេលទឹកជំនន់ស្រកវិញ ប្រជាកសិករក៏បានស្តារ និងបង្កបង្កើនផលឡើងវិញ រហូតមកដល់ពេលនេះបានជាង១ម៉ឺនហិកតាហើយជាប្រភេទស្រូវមិនប្រកាន់រដូវ មានស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ាជាដើម៕