ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ជាប់​គ្នា​! បង្ក្រាប​បទល្មើស​នៅ​អតីត​​ឡូត៍​នេសាទ​ចំនួន​៣​ឃុំ​ក្នុងស្រុក​ក្រូចឆ្មា​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​ឲ្យ​កម្លាំង​នគរបាល អាវុធហត្ថ ទាហាន រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើស​​នេសាទ​នៅ​ក្នុង​ឃុំ​ប៉ើ​ស​២…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​ឲ្យ​កម្លាំង​នគរបាល អាវុធហត្ថ ទាហាន រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើស​​នេសាទ​នៅ​ក្នុង​ឃុំ​ប៉ើ​ស​២ ឃុំ​ទួល​ស្នួល ឃុំ​ស្វាយ​ឃ្លាំង ក្នុងស្រុក​ក្រូចឆ្មារ​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ចំនួន​២​ថ្ងៃ​ជាប់​ៗ​គ្នា (​គឺ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​) ឆ្នាំ​២០២០ ហើយ​យ​រឹបអូស​បាន​ដាយ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជា​ច្រើន​មាត់ និង​បាន បំផ្លាញ​ចោល បន្ទាប់​ពី​ក្រុម​ជនខិលខូច​លួច​ដាក់​តាម​ដងព្រែក​នៅ​ព្រោងព្រាត ដើម្បី​ចាប់​យក​ត្រី​លក់​។

បើ​តាម​មន្ត្រី​នគរបាល​នៅ​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា យោង​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំង​ចំរុះ​ចំនួន​៣៤​នាក់ ក្នុង​នោះ​មាន កម្លាំង​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ រួម​នឹង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ព្រមទាំង​ខណ្ឌ​រដ្ឋបាល​ជលផល បាន​ចុះ​បង្ក្រាប​បទល្មើស​ជលផល​ចេញពី​ចំណុច​ព្រែក​ឆុង ដល់​ព្រែក​កំពង់​រ័​ត្ន ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ​។ ជា​លទ្ធផល​បង្ក្រាប​កាត់​បំផ្លាញ​ដាយ​បាន​ចំនួន​១៦​មាត់ ប្រើ​រយៈពេល​ពី​ម៉ោង​៦​ព្រឹក​នាទី​ដល់​ម៉ោង​៣​រសៀល ក្រោយ​ពេល​ដែល​ក្រុម​ឈ្មួញ​បាន​បោះបង្គោល​ដាក់​របាំង​ព្រួល​កាត់​ព្រែក ដើម្បី​ចាប់​យក​ត្រី​យ៉ាង​អនាធិបតេយ្យ​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា លោក ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​សាលាខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ទាំង​៣ រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បន្ត ក្នុង​នោះ​រួម​មាន ព្រែក​ខ្នា ព្រែក​ចង្វា ព្រែក​កំពង់​រ័​ត្ន ស្រះ​អង្កាម ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងស្រុក​ក្រូចឆ្មារ រហូត​មក​ដល់​ពេល​រសៀល​ថ្ងៃ​ដដែល កម្លាំង​នៅ​បន្ត​បង្ក្រាប​បទល្មើស​នេសាទ​បន្ត​ទៀត តាម​ការ​បញ្ជា​របស់​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ​។ ក្នុង​នោះ​ដែរ ដាយ​ជា​ច្រើន​មាត់​ត្រូវ​បាន​កាប់​បំផ្លាញ​ចោល និង​ព្រ​លែង​កូន​ត្រី​រាប់រយ​គីឡូក្រាម​ចូល​ទៅ​ក្នុង​ទឹក​ព្រែក និង​បឹង​ធម្មជាតិ​វិញ​។

គួរ​បញ្ជាក់​ថា មានការ​លើក​ឡើង​ពី​សំណាក់​សមត្ថកិច្ច​ថា ដាយ​ដែល​បាន​ដាក់​នៅ​តាម​ព្រែក​ក្នុង​អតីត​ឡូត៍​នេសាទ​លេខ​១០ មាន​ទីតាំង​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ត្បូងឃ្មុំ និង​ស្រុក​ក្រូចឆ្មារ គឺ​បាន​បង់លុយ​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​ជលផល លុះ​ពេល​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក៏​បែកធ្លាយ​រឿង​នេះ​ឡើង ដោយ​អ្នក​ដាក់​ដាយ​ថា បង់លុយ​ឲ្យ​ហើយ បែរជា​មក​ចុះ​ចាប់​ទៀត​…​។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ​នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា លោក​ម៉ា យ៉ុ​ង​រី នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​ខេត្ត​ត្បូងឃ្មុំ បាន​បដិសេធ​តាម​ទូរស័ព្ទ​ថា មិន​មាន​មន្ត្រី​ណា​ម្នាក់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​នេសាទ ដោយ​យក​លុយ​ពី​គេ ហើយ​ចុះ​ទៅ​បង្ក្រាប​ទៀត​នោះ​ទេ គឺជា​រឿង​មិន​ពិត​។

គួរ​រំលឹក​ថា ៖ កម្ទេច​របាំង​ព្រែក​ក្នុង​អតីត​ឡូ​តិ៍​នេសាទ​លេខ​10 (​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ