ខេត្តត្បូងឃ្មុំ ៖ នារដូវទឹកសម្រកនេះ នៅអតីតឡូត៍នេសាទលេខ១០ ស្ថិតនៅចំណុចព្រំប្រទល់រវាងស្រុកត្បូងឃ្មុំនិងស្រុកក្រូចឆ្មារ មានសកម្មភាពបទល្មើសដាក់ដាយចាប់ត្រីយ៉ាងអនាធិបតេយ្យ និងពុំឃើញមានមន្ត្រីជំនាញធ្វើការបង្ក្រាបឡើយ ដែលសូម្បីតែនៅព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ក៏មានសកម្មភាពដាក់ដាយពេញបន្ទុកដែរ ។

លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា លោកឧត្តមសេ
នីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជានិងដឹកនាំកម្លាំងនគរបាលដោយផ្ទាល់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដែលបានធ្វើឡើង២ថ្ងៃជាប់ៗគ្នាគឺថ្ងៃទី២៦និងទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។

នៅថ្ងៃដំបូង កម្លាំងសមត្ថកិច្ចបានរៀបចំជើងព្រួលដើម្បីចុះបង្ក្រាបតាមព្រែក ហើយរហូតមកដល់ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា កម្លាំងនគរបាលបានចុះកម្ទេចរបាំងព្រួលដ៏ធំមួយកន្លែងនៅស្រះអង្កាម ក្នុងឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ និងទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនិងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឲ្យកម្ទេចចោលតែមន្តង ។ មិនមានលេចមុខឈ្មួញណាម្នាក់មកអះអាងថា របាំងព្រួលនេះជារបស់ខ្លួននោះទេ ។

លោកឧត្តមសេនីយ៍ត្រី គង់ វិចិត្រ ស្នងការរងនគរបាលខេត្ត ទទួលផែនសេដ្ឋកិច្ចប្រាប់ឱ្យដឹងដែរថា ប្រតិបត្តិការនេះដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ។ ជាមួយនេះ ក៏បានស្រាវជ្រាវរកមុខមេខ្លោងដែលនៅពីក្រោយបទល្មើសនេសាទផងដែរ ។

ដោយសារតែទីតាំងតំបន់នោះមានលក្ខណៈស្មុគស្មាញបន្តិច ទើបក្រុមជនខិលខូចគ្រាន់់តែឮថាកម្លាំងនគរបាលចុះទៅបង្ក្រាបបទល្មើសនេសាទ ក៏នាំគ្នាពន្លិចដាយចូលទៅបាតព្រែកអស់ដែលធ្វើឲ្យសមត្ថកិច្ចរកមិនឃើញ ។
សូមបញ្ជាក់ថា នៅក្នុងការចុះបង្ក្រាបបទល្មើសនេសាទដែលដឹកនាំដោយលោកស្នងការនគរបាលខេត្តនេះ ត្រូវបានឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ជួយឧបត្ថម្ភចំនួន៥លានរៀល ដល់កងកម្លាំងសមត្ថកិច្ចរួមនឹងអាជ្ញាធរពាក់ព័ន្ធដែលចុះបង្ក្រាប ។ ជាមួយនេះ សមត្ថកិច្ចនឹងតាមដានបទល្មើសនេសាទបន្តទៀតនៅក្នុងដែនអតីតឡូត៍នេសាទលេខ១០នេះ ដើម្បីស្រាវជ្រាវរកមេខ្លោងឲ្យខាងតែបាន ៕








ចែករំលែកព័តមាននេះ