រាជធានីភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសឲ្យដឹងថា សម្តេចបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃក្រោយពីសម្តេច និងថ្នាក់ដឹកនាំមួយចំនួនបានជួបប្រជុំ និងប្រាស្រ័យទាក់ទងជាមួយនឹងឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធាគារ ក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងក្រុមគ្រួសារ ត្រូវបានតេស្តឃើញមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ម្សិលមិញនេះ ។
សម្តេច ស ខេង បានបង្ហោះសារលើហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចនារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ដោយបានបញ្ជាក់ថា សម្តេចត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ ដោយសារតែកាលពីម៉ោង ៨ និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ សម្តេចបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្ត្រី ។
សម្តេចបានបន្តថា នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ក៏បានចូលរួមដែរ ដោយគាត់បានពាក់ម៉ាស់ ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុលសម្លា.ប់មេរោគ ដូចរូបខ្ញុំ ព្រមទាំងអ្នកចូលរួមអង្គប្រជុំផ្សេងទៀតដែរ។ ប៉ុន្តែនៅក្នុងអំឡុងពេលប្រជុំនោះ គាត់បានបង្ហើបម៉ាស់ចេញពីមាត់ចំនួន១ដង ដើម្បីមានមតិខ្លីមួយ។
សម្តេច ស ខេង បានបន្ថែមទៀតថា «បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ខ្ញុំក៏បានដើរចេញពីបន្ទប់ប្រជុំ ដោយឆ្លងកាត់ពីក្រោយខ្នង ឯកឧត្តម ឆែម សាវុធ ហើយពេលនោះដែរ គាត់ក៏បានក្រោកឈរ និងមានការឆ្លើយឆ្លងគ្នាខ្លីមួយម៉ាត់ពីរ មុនពេលខ្ញុំចាកចេញពីបន្ទប់ប្រជុំ» ។
សម្តេចក៏បានបន្តទៀតថា ក្រោយពីកិច្ចប្រជុំនោះដែរ តាមព័ត៌មានដែលសម្តេចទទួលបាន គឺ ឯកឧត្តម ឆែម សាវុធ ក៏បានបន្តបំពេញការងារជាធម្មតា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារជំនន់ទឹកភ្លៀងនោះចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញផងដែរ។
សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា ជាប្រការគួរឱ្យសោកស្ដាយណាស់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ ភរិយាឯកឧត្តម ឆែម សាវុធ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួនរយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ក៏បង្ហាញថាឯកឧត្តម ឆែម សាវុធ និងសមាជិកចំនួនទៀតក៏បានឆ្លងជំងឺនេះដែរ។
សម្តេចក្រឡាហោម បានបញ្ជាក់អំពីការធ្វើចត្តាឡីស័កយ៉ាងដូច្នេះថា «ដូច្នេះគឺជាការចាំបាច់បំផុតដែលខ្ញុំត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមវិធានរបស់ក្រសួងសុខាភិបាល។ ទោះបីជាយ៉ាងណា ខ្ញុំនៅតែបន្តបំពេញភារកិច្ចពិនិត្យសម្រេចលើសំណើរ និងសំណូមពរនានាពីថ្នាក់ដឹកនាំក្រសួង និងបងប្អូនជនរួមជាតិជាធម្មតាតាមរយៈគេហទំព័រហ្វេសប៊ុកនេះ ពីបន្ទប់ដាច់ដោយឡែកនៅផ្ទះរបស់ខ្ញុំ» ។
សម្តេចក៏បានអំពាវនាវថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលទាំងអស់ សូមធ្វើតេស្តរកជំងឺកូវីដ១៩ និងអនុវត្តការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃឱ្យបានច្បាស់លាស់បំផុត ។
ដោយឡែកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនគរបាលជាតិ ដែលមិនមានការជាប់ពាក់ព័ន្ធ សូមបន្តបំពេញភារកិច្ចជាធម្មតា ដោយត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ ៕
ចែករំលែកព័តមាននេះ