រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៧នាក់បន្ថែមទៀត និងអ្នកជាសះស្បើយចំនួន០២ផងដែរ ។
ក្រសួងបានបញ្ជាក់ថា អ្នកជំងឺឆ្លងកូវីដ១៩ថ្មីទាំង៧នាក់ខាងលើ គឺ ៖

– ស្ត្រីជនជាតិខ្មែរ-អាមេរិកកាំង អាយុ៣១ឆ្នាំ មានទីលំនៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង លុះមកដល់កម្ពុជានៅថ្ងៃទី២៧ វិច្ឆិកា នេះ ក៏ធ្វើលទ្ធផលតេស្តពីសំណាករបស់បុគ្គល ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូរីដ១៩ បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
– ស្ត្រីជនជាតិខ្មែរ អាយុ៥៦ឆ្នាំ ស្នាក់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលគាត់មានអាការៈមិនស្រួលខ្លួន (ចេញរោគសញ្ញាផ្តាសាយចំនួន៣ថ្ងៃ) ក៏បានទៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅថ្ងៃទី២៨ វិច្ឆិកា ដើម្បីពិនិត្យជំងឺ ហើយត្រូវគ្រូពេទ្យយកវត្ថុសំណាករបស់គាត់ទៅពិនិត្យ ដែលជាលទ្ធផលគឺវិជ្ជមានវីរុសកូរីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
– ស្វាមីស្ត្រីខាងលើអាយុ៥៦ឆ្នាំ ជាអគ្គនាយកពន្ធធនាគារនៃក្រសួងមហាផ្ទៃ រួមជាមួយសមាជិកគ្រួសារ៤នាក់ទៀតដែលនៅផ្ទះជាមួយគ្នា (ក្នុងនោះស្ត្រីអាយុ៣៦ឆ្នាំ, កុមារាអាយុ១២ឆ្នាំ, បុរសអាយុ៣៦ឆ្នាំ និងបុរសអាយុ៣០ឆ្នាំ) បានពិនិត្យ និងទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
ស្របពេលនោះ ក្រសួងសុខាភិបាលក៏បានសូមជំរាបជូនដល់អ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ (ស្វាមី និង ភរិយា ព្រមទាំងក្រុមគ្រួសារទាំង៤នាក់) ខាងលើនេះ ចាំបាច់ត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងនៅមណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាម ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ (សម្រាប់អ្នកដែលបានប៉ះពាល់នៅតាមខេត្ត) និងអនុវត្តទៅតាមសារសំឡេងណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៨ វិច្ឆិកា និងរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឱ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងកុំឱ្យមានការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍។
ក្រសួងសុខាភិបាលបន្តថា អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលខេត្តដែលពាក់ព័ន្ធ ត្រូវបន្តរុករកស្រាវជ្រាវរកអ្នកប៉ះពាល់ និងធ្វើការតាមដានការងារធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនេះជាបន្តទៀត ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ បន្តគ្នា ក្នុងលក្ខណៈទ្រង់ទ្រាយធំនៅសហគមន៍ផងដែរ ។ រីឯផ្សារទំនើបអ៊ីអនទី១ ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល២ទៅ៣ថ្ងៃសិន ដើម្បីធ្វើការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ ។
ចំពោះអ្នកបានជាស្បះស្បើយចំនួន២នាក់ខាងលើ មាន ៖ ម្នាក់ជាបុរសជនជាតិខ្មែរអាយុ៥៩ឆ្នាំ ស្នាក់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបានធ្វើដំណើរពីអាមេរិកបន្តហោះហើរទៅកូរ៉េខាងត្បូង លុះមកដល់កម្ពុជានៅថ្ងៃទី១៩ វិច្ឆិកានោះ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលលទ្ធផលអវិជ្ជមានវីរុសកូរីដ១៩ ចំនួន២ដង និងត្រូវអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។

ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូរីដ១៩ ចំនួន២នាក់ នឹងត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
សូមបញ្ជាក់ថា បើតគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាគឺមានចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសចំនួន៣០១នាក់ ក្នុងនោះមានស្រី៦១នាក់ និងបុរស២៤០នាក់ ។ ចំណែកអ្នកមានវីរុសកូរីដ១៩ មានចំនួនសរុប៣១៥នាក់ ក្នុងនោះស្រី៦៦នាក់ និងបុរស២៤៩នាក់។ រីឯអ្នកសម្រាលព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៣នាក់ ក្នុងនោះស្ត្រី២នាក់ និងបុរសម្នាក់ផងដែរ ។


ចែករំលែកព័តមាននេះ