រាជធានីភ្នំពេញ ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវប្រជាពលរដ្ឋកុំពិសាស្រាស ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុលដែលធ្វើឲ្យមានគ្រោះថ្នាក់បាត់បង់ជីវិត ។
លោកស្រី ឱ វណ្ណឌីន បានបន្តថា គិតត្រឹមម៉ោង១៨និង០០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានអ្នកមានអាការៈពុល ១១នាក់ (ស្រី ១នាក់) និងនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ មានបុរសចំនួន ២២នាក់ កំពុងសង្គ្រោះបឋម ។
លោកស្រីបន្តថា មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបញ្ជូនអ្នកមានអាការៈពុលធ្ងន់ ចំនួន ៤នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញផងដែរ ។
សូមបញ្ជាក់់ថា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលឲ្យចាត់ឲ្យមានការអន្តរាគមន៌ ដើម្បីបញ្ឈប់ការលក់ និងចែកចាយស្រាសនោះជាបន្ទាន់ផងដែរ ៕
ចែករំលែកព័តមាននេះ