ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធ្វើ​កំណាយ​៖ រក​ឃើញ​ឡ​ដុត​ភាជន៍​នៅ​ខាងជើងខ្លោងមួយ​នៃ​ក្រុង​អង្គរធំ

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ថ្មី​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ទួល​ត្រពាំង​បុស្ស ស្ថិត​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ថ្មី​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ទួល​ត្រពាំង​បុស្ស ស្ថិត​ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ដែល​មា​នទី​តាំងនៅ​ខាងជើង​ខ្លោងទ្វារ​ដី​ឆ្នាំង​នៃ​ក្រុង​អង្គរធំ បាន​ប្រទះ​ឃើញ​ឡ​ដុត​កុលាលភាជន៍​បុរាណ​មួយ ដែល​តាម​ការ​សន្និដ្ឋាន​បឋម​ប្រហែលជា​ស្ថិត​ក្នុង​សម័យ​អង្គរ ឬ​សម័យ​ក្រោយ​អង្គរ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។

លោក​បណ្ឌិត ទិន ទីណា អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ និង​ជា​ប្រធាន​ក្រុម​កំណាយ​បានឱ្យ​ដឹង​ថា «​ការ​ជ្រើសរើស​ទីតាំង​ធ្វើ​កំណាយ​នៅ​លើ​ទួល​ត្រពាំង​បុស្ស ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា​ទួល​នេះ​ជា​កន្លែង​ផលិត​ភាជន៍​សម័យ​បុរាណ​មែនឬ​អត់ ព្រោះ​កន្លង​មក​មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ប្រទះ​ឃើញ​សំណល់​បំណែក​ភាជន៍​ជា​ច្រើន​រាយ​ប៉ាយ​លើ​ទួល នៅ​លើ​ខ្នង​ទំនប់ ដែល​មា​នទី​តាំងនៅ​ផ្នែក​ខាងលិច​ក្លោ​ង​ទ្វារ​ដី​ឆ្នាំង​នៃ​រាជធានី​អង្គរធំ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មានការ​ធ្វើ​កំណាយ​ស្រាវជ្រាវ ដើម្បី​បញ្ជាក់​ថា​ទីតាំង​នេះ​ជា​ឡ​ដុត​ភាជន៍​សម័យ​បុរាណ​នៅឡើយ​ទេ​។ ដូច្នេះ​តាម​រយៈ​បំណែក​ភាជន៍​និង​បំណែក​ដី​ដុត​ដែល​បន្សល់​ទុក​នៅ​លើ​ទួល​ធំ​វែង​រហូត​ដល់​សព្វ​ថ្ងៃនេះ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​យល់​ស្របគ្នា​ថា ទីតាំង​នេះ​មាន​ភាគរយ​ខ្ពស់​អាច​ជា​ឡ​ដុត​ភាជន៍​សម័យ​បុរាណ​»​។

គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២០ ហើយ​តាម​រយៈ​ការ​ធ្វើ​កំណាយ យើង​ក៏​បានឃើញ​ជញ្ជាំង​ឡ​និង​ភាជន៍​ភាគច្រើន​ជា​របស់​ប្រើ​ប្រចាំ​ថ្ងៃ​មាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែ​ពុំ​មាន​ស្រទាប់​រលោង​ទេ​។ បន្ទាប់​ពី​កំណាយ​រួច យើង​នឹង​សុំ​គោលការណ៍​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​នេះ​បន្ត​ទៀត ដោយ​ចុះបញ្ជី​សារពើ​ភណ្ឌ​ទួល​ទាំងអស់ គូស​ផែនទី ដាក់​ទី​នេះ​ជា​តំបន់​ការពារ​សម្រាប់​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​និង​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​ផង​។

លោក វិទូ ភិ​រម្យ បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា «​ក្រុមការងារ​បាន​យកចិត្តទុកដាក់​ខ្លាំង​ទៅ​លើ​បច្ចេកទេស​កំណាយ ដើម្បី​កាត់​បន្ថយ​ហា​នី​ភ័យ​ដល់​សំណង់​បុរាណ​និង​វត្ថុ​បុរាណ​ដែល​ប្រទះ​ឃើញ​នៅ​ក្នុង​រណ្តៅ ដោយ​បែងចែក​ជា​ក្រឡា​ដើម្បី​ងាយស្រួល​ប្រមូល​ទិន្នន័យ ថតរូប​រចនា​សម្ពន្ធ​នៃ​ទីតាំង​វត្ថុ​បុរាណ ការ​ប្រើប្រាស់​ឧបករណ៍​តូច​ៗ និង​អាច​គ្រប់គ្រង​រចនា​សម្ពន្ធ​ឡ​បាន​ល្អ​។ លក្ខណៈ​រចនា​សម្ពន្ធ​ឡ​ដែល​រក​ឃើញ​នៅ​ពេល​នេះ គឺ​ពិសេស​ណាស់​ព្រោះ​រូបរាង រចនា​សម្ពន្ធ​ឡ​នេះ​ខុស​ពី​ឡ​ភាគច្រើន​នៅ​តំបន់​អង្គរ ដែល​ធំ​ៗ វែង​ៗ​។ តាម​រយៈ​វត្ថុ​ដែល​ប្រទះ​ឃើញ​នៅ​ទី​នេះ ក៏​ធ្លាប់​ឃើញ​នៅ​តាម​ការដ្ឋាន​កំណាយ​លើ​ទីតាំង​មនុស្ស​រស់នៅ​ដែរ តែ​យើង​មិនដឹង​ថា​វា​មាន​ប្រភព​មក​ពី​ឡ​ណា​ទេ​។ ដូច្នេះ​វា​នឹង​ក្លាយជា​ភស្តុ​តាង​ខ្លះ​ៗ​សម្រាប់​ការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ឡ​និង​ភាជន៍​ដែល​បាន​ប្រើប្រាស់​នា​សម័យ​មុន ថា​មាន​ប្រភព​មក​ពី​ឡ​មួយ​ណា​ច្បាស់លាស់​»​។

លោក ឆាយ រចនា ប្រធាន​ការិយាល័យ​អង្គរ​ភាព​កុលាលភាជន៍​អង្គរ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ​ក៏​បាន​បញ្ជាក់​ដែរ​ថា ខណៈ​នេះ​យើង​មិន​ទាន់​ដឹង​រូបរាង​ឡ​ពេញលេញ​ទេ គ្រាន់តែ​ឃើញ​មាន​ជញ្ជាំង​ឡ ទំហំ​ឡ​តូច រាង​មូល មាន​កន្លែង​ដាក់​ឧស មាន​អង្កត់ផ្ចិត​ត្រឹម​៣​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ហើយ​លក្ខណៈ​ពិសេស​នៃ​រចនា​សម្ពន្ធ​ឡ​ដី​ឆ្នាំង​នេះ​ពិតជា​អស្ចារ្យ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​ទេ​។ ចំណែក​ភាជន៍​នៅ​ទី​នេះ​ក៏​គ្មាន​ស្រទាប់​រលោង​ដែរ តែ​មាន​ក្បាច់លម្អ ហើយ​ភាគច្រើន​គឺ​ឆ្នាំងដី និង​ក្បឿង ដែល​ខុស​ពី​ការ​ផលិត​នៅ​គោក​ព្នៅ និង​គោក​បី​។ តាម​រយៈ​បំណែក​ក្បឿង យើង​អាច​សន្និដ្ឋាន​ថា ឡ​ដុត​ភាជន៍​នេះ​ប្រហែល​កើតឡើង​នៅ​ចុង​សម័យ​អង្គរ ព្រោះ​ក្បឿង​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​នៅ​ក្នុង​សម័យ​អង្គរ​ទេ​។ ចំពោះ​ឡ​ផលិត​ភាជន៍​នេះ បើ​តាម​ការ​ប្រាប់​ពី​ការ​ចង​ចាំ​របស់​អ្នកស្រុក ប្រហែលជា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ហៅ​ឈ្មោះ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដែរ ព្រោះ​ជា​កន្លែង​មាន​ឡ​ផលិត​ឆ្នាំងដី​ជា​ច្រើន​៕