ខេត្តបន្ទាយមានជ័យ ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអះអាងថា ស្រូវដែលរងការខូចខាតដោយសារតែគ្រោះទឹកជំនន់នោះមានជិត២ម៉ឺនហិកតា ប៉ុន្តែត្រូវបានស្តារឡើងវិញជាង១ម៉ឺនហិកតាហើយ នេះបើគិតរហូតដល់ពេលនេះនៅខេត្តបន្ទាយមានជ័យ គឺថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយយោងតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០កន្លងទៅនោះ គ្រោះទឹកជំនន់បានជន់លិចនាំឱ្យប៉ះពាល់ដល់ផលដំណាំកសិកម្មស្រូវមានផ្ទៃដី៦៦.០៩៩ហិកតា, ដំឡូងមីលិចទឹកផ្ទៃដី១២.៦៨៧ហិកតា និងដំណាំរួមផ្សំមានផ្ទៃដី៦៧៧ហិកតា។

ប្រភពដដែលបន្តថា លុះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដំណាំស្រូវដែលរងគ្រោះដោយសារតែទឹកជំនន់ធ្វើឱ្យប៉ះពាល់ដំណាំស្រូវមានផ្ទៃដី៧៩.៦៥៨ហិកតា ក្នុងនោះមានស្រុកមង្គលបូរីចំនួន២០.៥៨៨ហិកតា, ស្រុកភ្នំស្រុកចំនួន១៣.៨៦៤ហិកតា, ស្រុកព្រះនេត្រព្រះមានចំនួន១៥.៣៤១ហិកតា, ស្រុកអូរជ្រៅមានចំនួន៤.៤៦២ហិកតា, ក្រុងសិរីសោភ័ណមាន៦.៧៨១ហិកតា, ស្រុកថ្មពួកមានចំនួន៦.៩៦៧ហិកតា, ស្រុកម៉ាឡៃមានចំនួន១០.៧១២ហិកតា និងក្រុងប៉ោយប៉ែតមានចំនួន៩៤៣ហិកតា។

បើតាមលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ បណ្តាលឱ្យលិចស្រូវខូចខាតអស់ទាំងស្រុងជិត២ម៉ឺនហិកតាឯណោះ ប៉ុន្តែក្រោយពេលដែលប្រជាកសិករទទួលស្រូវពូជពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន មក ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ បាននាំគ្នាបង្កបង្កើនផលស្រូវមិនប្រកាន់រដូវជាប្រភេទស្រូវស្រាល ដើម្បីស្តារឡើងវិញជាបណ្តើរៗ ដែលរហូតមកដល់ពេលនេះបានជាង១ម៉ឺនហិកតាហើយ ចំណែកនៅស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទឹកជ្រៅនៅឡើយ ដូច្នេះមិនទាន់អាចបង្កបង្កើនផលបាននៅឡើយទេ៕







ចែករំលែកព័តមាននេះ