រាជធានីភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសក្រពេញក្នុង និងទឹកនោមផ្អែម នៅផ្នែកជំងឺទូទៅ«ក»នៃមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ជំងឺរបេងគឺជាជំងឺឆ្លងដែលអាចកើតឡើងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់តាមរយៈផ្លូវដកដង្ហើម ហើយជំងឺនេះអាចកើតឡើងនៅស្ទើរតែគ្រប់សរីរាង្គនៃខ្លួនមនុស្សយើង ។ ទម្រង់មួយក្នុងចំណោមទម្រង់ជាច្រើននៃជំងឺរបែងដែលកើតនៅលើមនុស្សយើងគឺរបេងសួត។

ស្របពេលមានកម្មវិធីជាតិនានា ដែលធ្វើការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃជំងឺរបេង យើងសង្កេតឃើញផងដែរថា ចំនួន អ្នកកើតជំងឺទឹកនោមផ្អែមក៏ហាក់កើនឡើង ។ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានបញ្ជាក់ថា ៖ ការហក់ឡើងទ្វេគុណនៃជំងឺទឹកនោមផ្អែម ធ្វើឲ្យអ្នកជំនាញនានាមានការបារម្ភ អំពីការរាលដាលជំងឺរបេងទៅអ្នកជំងឺទឹកនោមផ្អែម។
ដូចដែលយើងបានដឹងកន្លងមកហើយថា អ្នកជំងឺទឹកនោមផ្អែម ពួកគាត់អាចមានកាយសម្បទាថយចុះហេតុនេះហើយ មេរោគរបេងងាយនឹងជ្រៀតចូលក្នុងខ្លួនរបស់ពួកគាត់។ បើប្រៀបធៀបទៅនឹងអ្នកដែលមិនកើតជំងឺទឹកនោមផ្អែម អ្នកដែលមានជំងឺទឹកនោមផ្អែម អត្រាដែលអាចកើតមានជំងឺរបេង គឺមានច្រើនជាង២ទៅ៣ដង ជាពិសេស គឺក្រុមអ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាល និងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀត បើយើងប្រៀបធៀបអត្រាមរណៈនៃអ្នកដែលកើតរបេង និងមានទឹកផ្អែមគឺខ្ពស់ជាង៤ទៅ៥ដង ធៀបជាមួយអ្នកដែលកើតរបេងហើយគ្មានទឹកនោមផ្អែម។
ហេតុដូចនេះ សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម គឺមានសារសំខាន់ណាស់ដែលត្រូវស្វែងយល់ដឹង និងបង្ការុករកជំងឺរបេង។

ក-តើនៅពេលណាអ្នកជំងឺទឹកនោមផ្អែមសង្ស័យថាខ្លួនគាត់អាចមានជំងឺរបេង? នៅពេលដែលអ្នកជំងឺទឹកនោមផ្អែមមានលេចចេញជារោគសញ្ញាដូចជា៖ – អស់កំលាំង ល្ហិតល្ហៃ ទទួលទានមិនបាន – ក្អកមានស្លេះលើសពី ៣ខែ – មានអារម្មណ៍ក្តៅខ្លួនស្ទិញៗជាពិសេសក្តៅខ្លួននៅពេលរសៀល – ស្រកទម្ងន់ដោយឥតមូលហេតុ ខ-ការព្យាបាល៖ ការព្យាបាលជំងឺរបេងដែលកើតនៅលើអ្នកជំងឺទឹកនោមផ្អែមទាមទារឲ្យមានការចូលសហការគ្នា រវាងគ្រូពេទ្យជំនាញច្រើនផ្នែកដូចជា គ្រូពេទ្យឯកទេសខាងផ្នែកជំងឺឆ្លង គ្រូពេទ្យឯកទេសខាងផ្នែកជំងឺសួត និងគ្រូពេទ្យឯកទេសខាងផ្នែកទឹកនោមផ្អែមជា
ដើម ។ល។
មន្ទីរពេទ្យកាល់ម៉ែត មានគ្រប់ជំនាញឯកទេសដែលអាចឲ្យលោកអ្នកមកធ្វើការប្រឹក្សាបាន ជាងនេះទៅទៀតយើងមានឧបករណ៍ និងសម្ភារទំនើបៗ សម្រាប់ពិនិត្យកំហាកដូចជា ការពិនិត្យដោយផ្ទាល់នៅលើកំហាក ការបណ្តុះរកមេរោគរបេងនៅក្នុងកំហាក និងការពិនិត្យតាមរបៀប Gene Xpert។ រីឯផ្នែករូបភាពវេជ្ជសាស្ត្រ យើងមានផងដែរនូវការថតសួតដោយកាំរស្មីអ៊ិច ក៏ដូចជាម៉ាស៊ីនស៊ីធីស្កែនសម្រាប់ថតសួត ហើយលើសពីនេះទៅទៀត យើងមានឧបករណ៍សម្រាប់ឆ្លុះទងសួតដែលអាចជួយសម្រួលក្រុមគ្រួពេទ្យក្នុងការបូមយកស្លេះ មកពិនិត្យក្នុងករណីដែលអ្នកជំងឺមិនអាចខាកស្លេះចេញបាន។
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសក្រពេញក្នុង និងទឹកនោមផ្អែម នៅផ្នែកជំងឺទូទៅ «ក»នៃមន្ទីរពេទ្យកាល់ម៉ែតបានសំណូមពរដល់ លោក លោកស្រីដែលមានជំងឺទឹកនោមផ្អែមនិងមានអាការៈដូចបានរៀបរាប់ខាងលើ គួរគប្បីមកប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីវិភាគ រករោគវិនិច្ឆ័យជំងឺរបេង ឲ្យបានទាន់ពេលវេលា ៕


ចែករំលែកព័តមាននេះ