ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទម្លាប់ត្រាំបន្លែមុនចម្អិន? ប្រយ័ត្ន! ត្រាំយូរមិនមែនជាវិធីល្អបំផុតទេ

3 អាទិត្យ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនមានទម្លាប់យកបន្លែទៅត្រាំក្នុងទឹករយៈពេលយូរ មុនលាង និងចម្អិន ដោយគិតថាវាអាចជួយកម្ចាត់ធូលីដី និងសំណល់ថ្នាំសម្លាប់សត្វល្អិតបានកាន់តែល្អ។ ប៉ុន្តែការត្រាំយូរមិនប្រាកដថាធ្វើឱ្យបន្លែស្អាតជាងមុនទេ ហើយអាចធ្វើឱ្យសារធាតុចិញ្ចឹមមួយចំនួនដែលរលាយក្នុងទឹក ដូចជា វីតាមីន C និងហ្វូឡាត បាត់បង់ខ្លះ។

សម្រាប់បន្លែស្លឹក ដូចជា ស្ពៃ ខាត់ណា និងសាលាដ គួរបំបែកស្លឹក រួចលាងក្រោមទឹកហូរ និងកកិតថ្នមៗតាមផ្ទៃស្លឹក ដើម្បីកម្ចាត់ដី ឬកាកសំណល់ដែលជាប់នៅតាមគែម និងគល់។ ចំពោះបន្លែដែលមានស្រទាប់ច្រើន ដូចជាស្ពៃក្តោប ឬសាលាដ អាចដកស្លឹកខាងក្រៅដែលកខ្វក់ ឬខូច រួចលាងស្រទាប់ខាងក្នុងឱ្យបានស្អាត។

ចំពោះបន្លែដែលមានផ្ទៃរឹង ឬមានចន្លោះជ្រៅ ដូចជា សណ្តែកកួរ បន្លែភ្លៅកង្កែប និងផ្កាខាត់ណា អាចលាងដោយកកិតថ្នមៗ ហើយប្រសិនបើចាំបាច់ អាចត្រាំក្នុងទឹករយៈពេលខ្លី មុនលាងក្រោមទឹកហូរម្តងទៀត។ សម្រាប់ផ្កាខាត់ណា គួរបំបែកជាផ្នែកតូចៗ ដើម្បីឱ្យទឹកអាចចូលដល់ចន្លោះដែលអាចមានដី ឬសត្វល្អិតលាក់ខ្លួន។

ចំណុចសំខាន់មួយទៀត គឺ កុំកាត់បន្លែរួចទើបយកទៅលាង។ គួរលាងឱ្យស្អាតជាមុន រួចទើបកាត់ ព្រោះការកាត់អាចបង្កើនផ្ទៃប៉ះទឹក និងធ្វើឱ្យសារធាតុចិញ្ចឹមដែលរលាយក្នុងទឹកបាត់បង់បានងាយជាងមុន។ ចំពោះការ៉ុត តាសក់ ដំឡូង និងបន្លែដែលមានផ្ទៃរឹង គួរលាងក្រោមទឹកហូរ ហើយអាចប្រើជក់ស្អាតសម្រាប់បន្លែ ដើម្បីសម្អាតផ្ទៃបានកាន់តែល្អ ទោះបីមានគម្រោងបកសំបកក៏ដោយ។

ជាទូទៅ ការលាងបន្លែឱ្យបានត្រឹមត្រូវ សំខាន់ជាងការត្រាំយូរ។ មិនចាំបាច់ប្រើសារធាតុលាងបន្លែច្រើន ឬពឹងផ្អែកលើម៉ាស៊ីនលាងបន្លែជំនួសការលាងដោយទឹកហូរនោះទេ។ ដូច្នេះ ប្រសិនបើគ្រួសារមានទម្លាប់ត្រាំបន្លែយូរមុនចម្អិន គួរពិចារណាកែប្រែទម្លាប់នេះ ដោយជ្រើសរើសវិធីលាងសមស្របទៅតាមប្រភេទបន្លែ និងរក្សាអនាម័យក្នុងពេលរៀបចំម្ហូប​៕