ខេត្តព្រះសីហនុ ៖ មានដំណឹងក្តៅមួយធ្លាយចេញពីមន្ទីរធម្មការនិងសាសនាខេត្តមកថា
មន្ត្រីរាជការក្នុងមន្ទីរចាប់ផ្តើមជ្រួល… ព្រោះតែការបែងចែកប្រាក់រឿង«លក់» ដែលគេប្រើពាក្យថា «ដោះដូរ» យកឆ្នាំងមាសដូរយកឆ្នាំងដីមិនស្មើភាពគ្នាសោះ ដូចទន្សោងគោព្រៃ…តូចស៊ីតាមតូច ធំស៊ីតាមធំ ។
ដំណឹងចិនដេញខ្មែរ… ខ្មែរដេញខ្មោចនេះ មិនស្ងាត់ទេ …នោះគឺទីតាំងមន្ទីរធម្មការនិងសាសនាខេត្តមានទំហំដី៥០ម គុណ៩០ម នៅកណ្តាលក្រុងលក់ឱ្យចិនបាត់ទៅហើយ សម័យហាងឆេងពី៣ពាន់ទៅ៤ពាន់ដុល្លារមួយម៉ែត្រការ៉េ ។
សព្វថ្ងៃនេះ កំពុងសង់មន្ទីរថ្មីនៅជាយក្រុងជាតំបន់ដើមអាកាស្យា ចម្ងាយប្រមាណ៥គ.មពីក្រុងដែលគេថា ទីនោះជាតំបន់ព្រៃកប់ខ្មោចពីដើម ។ ចំពោះទីតាំងថ្មីដែលកំពុងសង់នេះ មានទំហំ៣០មx៥០ម ដែលអ្នកកំពង់សោមនិយាយថា មួយការ៉េថ្លៃអស់ហើយ៣០០ដុល្លារ។
តើគេចែកមន្ត្រីក្នុងមន្ទីរបានម្នាក់ប៉ុន្មាន? អ្នកធំបានប៉ុន្មាន? អ្នកតូចៗបានប៉ុន្មាន? មិនទាន់ច្បាស់ទេ…កំពុងសង្ស័យថា ខុសគ្នាឆ្ងាយ ដែលកោះសន្តិភាពដឹងផ្សាយជូនពេលក្រោយ ពេលបានដំណឹងច្បាស់ ។
តើលោកប្រធានមន្ទីរបានប៉ុន្មានដែរ? ក៏មិនទាន់មានព័ត៌មានដែរ ប៉ុន្តែឮថា លោកប្រធានកំពុងស្ថាបនាភូមិគ្រឹះលំហែកាយមួយយ៉ាងស្តុក្តស្តុម្ភគ្រាន់មើលមេឃមើលផ្កាយ ។
ជួបសម្ភាសន៍តាមទូរសព្ទលោកប្រធានមន្ទីរបានប្រាប់ខ្លីថា ពិតជាមានការដោះដូរមែន គឺថ្នាក់លើជាអ្នកសម្រេច ចំណែកចែកគ្នាម្នាក់ប៉ុន្មានលោកអត់ដឹងទេ ។
ក្រុមហ៊ុនលី ឈួង កំពុងតែស្ថាបនាមន្ទីរថ្មីក្នុងព្រៃខ្មោចជាយក្រុងជិតរួចរាល់ហើយ ។
នៅសល់តែពេលវេលាករើតោករើហ៊ឹងដាក់ឡានដឹកចេញពីមន្ទីរចាស់តែប៉ុណ្ណោះ ម្ល៉ោះហើយ មុខមន្ទីរសុទ្ធតែសំរាមមើលលែងយល់ ។
ព័ត៌មានពិស្តារមានផ្សាយបន្តទៀតនៅកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ