ចង់ជោគជ័យអាជីវកម្មត្រូវដើរឲ្យទាន់សម័យកាលឌីជីថលនិងបច្ចេកវិទ្យា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្នសឹងតែគ្រប់អាជីវកម្ម សុទ្ធតែមានការប្រកួតប្រជែង ហើយសម័យឌីជីថលនេះទៀតសោត ពិតជាត្រូវការចំណេះដឹងផ្នែកបច្ចេកវិទ្យាខ្លាំងសម្រាប់អាជីវកម្មនានា។ មានការលើកឡើងថា «ការរៀនសូត្រឬការរៀនពីចំណេះដឹងផ្សេងៗ មិនមានទីបញ្ជប់នោះទេសម្រាប់មនុស្ស» ។ ក្នុងន័យនេះ ចង់បញ្ជាក់ថា បើទោះបីអ្នក ជាមនុស្សមានវ័យប៉ុណ្ណា (ចាស់ជរា ជាដើម) ក៏ដោយ ក៏ការសិក្សាមិនបានកំណត់ថា អ្នកហួសពេលរៀនវានោះទេ។
ងាកមកមើលក្នុងទីផ្សារអាជីវកម្មវិញម្តង វាទាមទាឱ្យអ្នកមានចំណេះច្រើនទៅលើបច្ចេកវិទ្យា ប្រសិនជាអ្នកជាម្ចាស់អាជីវកម្មដែលបានដំណើរការយូរមកហើយក្តី ក៏អ្នកត្រូវតែដើរទាន់សម័យកាលដែរ។

លោក ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ លើកឡើងថា «នេះជាសម័យទីផ្សារប្រកួតប្រជែង ឧទាហរណ៍ថា បើជំនាញបច្ចេកទេសយើងចេះដូចគេ ចុះបើគេចេះជំនាញបច្ចេកទេសហើយបូកនឹងគេចេះពីរភាសាទៀត សួរតើយើងរត់ទាន់គេទេ? ។ មិនត្រឹមតែគេជំនាញបច្ចេកទេស កុំព្យូទ័រ គេចេះពីរភាសា បូករួមទាំងគេជាមនុស្សឧស្សាហ៍ព្យាយាម ក្រាញ់ងងៀលនឹងការងារ ស្វាត់ស្វែង តើយើងរស់ដោយរបៀបណានៅលើទីផ្សារមួយនេះ? »។

អ្វីដែលជាចំលើយនោះ គឺការរៀនសូត្រ ឧទាហរណ៍ថា កុំព្យូទ័រ ខ្ញុំកាន់ការងាររាល់ថ្ងៃ ត្រូវប្រើ Microsoft-Excel ប៉ុន្តែកម្មវិធីនឹង ខ្ញុំនៅមិនទាន់ចេះនៅឡើយទេ ចំលើយគឺទៅរៀន គ្មានជំរើសទេ។ មិនមាននរណាម្នាក់ បើទោះបីគេស្រឡាញ់យើងប៉ុណ្ណាក៏ដោយ ក៏គេមិនបានមកដកដង្ហើមជំនួសយើង គេមិនអាចដេកជំនួសយើង និងគេមិនអាចហូបបាយ ហូបទឹកជំនួសបានដែរ។

មនុស្សខ្លះសុខចិត្តឱ្យត្រី ប៉ុន្តែគាត់មិនប្រាប់បឹងទេ ប៉ុន្តែសម្រាប់ខ្ញុំវិញ ខ្ញុំសុខចិត្តប្រាប់ បឹង តែខ្ញុំមិនយកត្រីទៅជូនទេ។ ព្រោះខ្ញុំមកដល់ថ្ងៃនេះ ក៏មិនមាននរណាម្នាក់យកត្រីមកឱ្យខ្ញុំដែរ។ បង្រៀនឱ្យចេះនេសាទ ហើយប្រាប់បឹង យកមកបរិភោគខ្លួនឯង យកទៅលក់បានហូប បានលក់មានបានខ្លួនឯងនិងគ្រួសារខ្លួនឯង។ ចំណុចសំខាន់មួយទៀត យើងជាគ្រាប់ពូជដែលល្អ ប៉ុន្តែគ្រាប់ពូជដែលល្អមិនមែនត្រឹមតែត្រូវការដីល្អនោះទេ គឺត្រូវការទឹកថែមទៀត ត្រូវការខ្យល់ថែមទៀត ត្រូវការពន្លឺថ្ងៃថែមទៀត ហើយក៏ត្រូវការទុកពេលវេលាឱ្យគ្រាប់ពូជរបស់យើង ដើម្បីដុះលូតលាស់ រហូតដល់ពេលណាមួយឬពេលវាពេញរូបពេញរាង វានឹងអាចចេញផ្លែផ្កា។

លោកគ្រូ បានបន្ថែមថា «ខ្ញុំសង្ឃឹមថា យុវជនយើងនឹងធ្វើជាគ្រាប់ពូជដែលល្អ នៅកន្លែងធ្វើការរបស់យើង ក្នុងសង្គមយើង គឺជាថ្នាលរបស់យើង ប៉ុន្តែកុំភ្លេច ត្រូវសេពគប់ បុគ្គលដែលពោរពេញទៅដោយការជំរុញលើកទឹកចិត្ត ហើយចាកចេញឱ្យឆ្ងាយពីមនុស្សដែលមានគំនិតអវិជ្ជមាននិងមនុស្សដែលចូលចិត្តប្រមាថមើលងាយគោលដៅរបស់យើង ពីព្រោះមនុស្សបែបនេះ ចូលចិត្តទាញយើងទំលាក់»។
លោកបានបន្ថែមថា គ្មានពន្លឺអ្វីភ្លឺស្មើនឹងពន្លឺបញ្ញា ខ្សោយបញ្ញា បញ្ហានឹងកើតមានហើយនៅក្នុងជីវិតនេះ ហើយទុកពេលឱ្យជីវិតរបស់យើង វាដល់ពេលដែលត្រូវចេញផ្លែផ្កា៕

ចែករំលែកព័តមាននេះ