ខេត្តបន្ទាយមានជ័យ ៖ កម្ទេចមីខូចគុណភាពជិត៤០០គីឡូក្រាមត្រូវបានមន្ត្រីសាខា (ក.ប.ប)ខេត្តដុតកម្ទេចចោលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ហៅ ក.ប.ប)បានប្រាប់ថា៖ទំនិញកម្ទេចមីខូចគុណគុណភាពដែលត្រូវដុតចោលទម្ងន់៣៩០គីឡូក្រាមនេះ មន្ត្រីជំនាញបានចុះពិនិត្យដកហូតនៅអំឡុងខែតុលាដល់វិច្ឆិកា ឆ្នាំ២០២០ក្នុងនៅតាមផ្សារ និងឃ្លាំងជាប់ជាយដែនភូមិសាស្គ្រស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ កម្ទេចមីខូចគុណភាពនេះត្រូវបានឈ្មួញលួចនាំចូលតាមច្រករបៀងខុសច្បាប់មកលក់តាមទីផ្សារត្រូវបានមន្ត្រី(ក.ប.ប)ខេត្តសហការជាមូយមន្ត្រីមន្ទីពាណិជ្ជកម្មខេត្ត ចុះពិនិត្យតាមផ្សារ និងឃ្លាំងជាប់ជាយដែន ហើយត្រូវបានដកហូតហើយត្រូវបានដុតកម្ទេចចោល។ លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ កម្ទេចមីខូចគុណភាពនេះជាកម្ទេចមីដែលច្រកសេសសល់ (ជាកាកសំណល់ដែលគ្មានអនាម័យ) ខុសបច្ចេកទេសដែលបណ្តាលខូចគុណភាព ដែលប៉ះពាល់សុខភាពដល់អ្នកបរិភោគប្រឈមគ្រោះថ្នាក់ជាពិសេសក្មេងទិញបរិភោគ។
ក្នុងឱកាសដុតកម្ទេចមីខូចគុណភាពជិត៤០០គីឡូក្រាមប្រធានសាខា(ក.ប.ប)ខេត្តបន្ទាយមានជ័យសំណូមពរដល់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនសុំឲ្យចូលរួមទប់ស្កាត់ និងសហការជាមួយមន្ត្រីជំនាញទប់ស្កាត់រាល់ទំនិញគេចពន្ធ និងខូចគុណភាពដែលឈ្មួញលួចនាំចូលពីប្រទេសជិតខាងដើម្បីការពារសុខមាលភាពបងប្អូនប្រជាពលរដ្ឋ៕ ដោយ ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ