ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកស្រុកដាក់មងតាមប្រឡាយ ក៏ស្រាប់តែជាប់ក្រពើ១ក្បាលទម្ងន់១៥គីឡូក្រាម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

បើតាមរយៈបុរសម្នាក់ឈ្មោះ ទេវ ដាវ អាយុ៣២ឆ្នាំ (មុខរបរជាងម៉ូតូ) ដែលមកស្នាក់ធ្វើម៉ូតូ ភូមិព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ នឹងមានស្រុកកំណើតភូមិអន្លង់មានទ្រព្យ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី នោះបានប្រាប់ថា នៅពេលទំនេរធ្វើម៉ូតូ រូបគាត់បានដាក់មងក្នុងប្រឡាយវាលស្រែ នៅខាងក្រោយរោងធ្វើម៉ូតូរបស់គាត់កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លុះរហូតដល់ម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកានេះ គាត់បានចុះទៅមើលមងដោះត្រីដែលមានចម្ងាយប្រមាណជិត១០ម៉ែត្រនោះ ក៏ឃើញមងកប់លិចទៅក្នុងទឹកបាត់ ហើយរូបគាត់ក៏ទាញមកមើល ស្រាប់តែឃើញក្រពើ១ក្បាលជាប់មង ហើយរមូជាមួយមងរហូតងា.ប់បាត់តែម្តង។

បុរសខាងលើបានបញ្ជាក់ថា ក្រោយពេលឃើញក្រពើជាប់រមូជាមួយមងរហូតដល់ងា.ប់បែបនេះ រូបគាត់ក៏បានស្រាយមងនោះចេញ រួចយកក្រពើ១ក្បាលនោះឡើងមកលើគោក ទើបដឹងថាក្រពើដែលជាប់មងរបស់គាត់នេះមានទម្ងន់ប្រជាង១៥គីឡូក្រាមឯណោះ។
គួរបញ្ជាក់ថា កាលពីទឹកជំនន់ជន់លិចនោះ គឺអ្នកស្រុកដាក់មងវាលស្រែក្បែរនេះដែរ ក៏ធ្លាប់ប្រទះក្រពើរត់ចោលមងផងដែរ លុះរហូតមកដល់ពេលនេះ ដាក់មងក៏ជាប់ក្រពើ១ក្បាលនេះតែម្តង ៕
ចែករំលែកព័តមាននេះ