មានភាពជាអ្នកដឹកនាំលើខ្លួនឯងជាមុនសិនទើបយើងអាចដឹកនាំអ្នកដទៃបាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តើបងប្អូនយល់ឃើញបែបណាចំពោះពាក្យថា អ្នកដឹកនាំ ? តើភាពជាអ្នកដឹកនាំមានន័យដូចម្តេច ?

តាមរយៈលោក ស៊ាន ធនិន ជាអគ្គនាយកក្រុមហ៊ុន CEO Master Club Investment បានបកស្រាយទៅលើភាពជាអ្នកដឹកនាំដូចនេះថា «តាមដែលខ្ញុំស្វែងយល់ជាមួយនឹងឯកសារជាច្រើនគេបានឱ្យនិយមន័យស្រដៀងគ្នាថា «ភាពជាអ្នកដឹកនាំ គឺជាដំណើរដែលមនុស្ស ឬក៏អ្នកដឹកនាំនឹងអាចមានឥទ្ធិពល ទៅលើមនុស្សផ្សេងទៀត ក្នុងការឈានទៅដល់ការសម្រេចគោលដៅ ឬក៏ចក្ខុវិស័យរួមណាមួយប្រកបដោយភាពវិជ្ជមាន ។
ការដឹកនាំវាជាដំណើរការ មិនមែនជាឋានៈ ឬជាតួនាទីអ្វីមួយនោះទេ សូមបងប្អូនញែកកន្លែងនឹងឱ្យច្បាស់ ។ បងប្អូនខ្លះគាត់យល់ថា ភាពជាអ្នកដឹកនាំវា គឺជាតួនាទីនៃអ្នកដឹកនាំ ឧទាហរណ៍ថា តួនាទី នៅកន្លែងណាមួយ ដូចជា manager ជាប្រធាននេះ ជាប្រធាននោះ ។ អញ្ចឹងត្រង់កន្លែងនេះ ខ្ញុំចង់បកស្រាយថា ភាពជាអ្នកដឹកនាំមិនមែនជាតួនាទីនោះ វាជារឿងបុគ្គលភាពរបស់មនុស្ស វាជារឿងសមត្ថភាពរបស់មនុស្ស ដែលអាចមានឥទ្ធិពលទៅលើអ្នកដទៃនេះឯង»។

លោកបានបន្តថា ប៉ុន្តែនៅពេលដែលលោកនិយាយពីភាពជាអ្នកដឹកនាំ មានបងប្អូនមួយចំនួនប្រាកដជាគិតថា ទាល់តែយើងទៅដឹកនាំគេ ទើបគេហៅថា អ្នកដឹកនាំ គិតបែបនឹងត្រឹមត្រូវមិនខុសទេ ប៉ុន្តែលោកចង់ប្រាប់ថា មិនមែនទាល់តែដឹកនាំគេទើបហៅថាការដឹងនាំនោះទេ គឺគ្រាន់តែយើងដឹកនាំខ្លួនឯងបាននេះ គឺគេហៅថា អ្នកដឹកនាំបាត់ទៅហើយ ។ ពេលខ្លះយើងរវល់តែផ្តោតទៅលើការដឹកនាំអ្នកដទៃ យើងភ្លេចរឿងការដឹកនាំខ្លួនឯង ដូចនេះភាពជា អ្នកដឹកនាំ គឺរួមទាំងការដឹកនាំខ្លួនឯង និងការដឹកនាំអ្នកដទៃផងដែរ ។
មួយវិញទៀត ប្រសិនជាយើងចង់ក្លាយខ្លួនជាអ្នកដឹកនាំគេ វាទាល់តែយើងនឹងទទួលបានជោគជ័យក្នុងការដឹកនាំខ្លួនឯងជាមុនសិន។ ឥឡូវយើងងាកមកមើលការដឹកនាំខ្លួនឯងជាមុនសិន តើយើងដឹកនាំខ្លួនឯងនឹងត្រូវផ្តោតទៅលើអ្វីខ្លះ?

ការដឹកនាំខ្លួនឯង ទី១ ៖ យើងត្រូវដឹងថា អ្វីទៅជាគោលដៅជីវិត រកឱ្យឃើញនូវគោលដៅជីវិតរបស់យើង ។ មានន័យថា តើយើងចង់មើលឃើញខ្លួនឯង ១ឆ្នាំ ២ឆ្នាំ ឬ១០ ឆ្នាំទៅមុខ រហូតដល់ជីវិតចុងក្រោយ តើយើងចង់មើលឃើញខ្លួនយើងជាមនុស្សបែបណា?

ការដឹកនាំខ្លួនឯង ទី២ ៖ បន្ទាប់ពីយើងចង់មើលឃើញខ្លួនយើងទៅជាយ៉ាងណាហើយ តើយើងបានរៀបចំផែនការដើម្បី ធ្វើដំណើរទៅរកគោលដៅនឹងតាមរបៀបណា? ឧទាហរណ៍ថា យើងចង់ក្លាយជាវិជ្ជបណ្ឌិតឆ្នើមម្នាក់ ក្លាយទៅជាអ្នកនរយោបាយឆ្នើមម្នាក់។ល។ អញ្ចឹងសួរថាតើសមត្ថភាពរបស់យើងនាពេលបច្ចុប្បន្ននេះគ្រប់គ្រាន់ហើយឬនៅ ដើម្បីទៅដល់គោលដៅនោះ តើយើងគួតែមានផែនការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងយ៉ាងដូចម្តេច?

ការដឹកនាំខ្លួនឯង ទី៣ ៖ យើងត្រូវលើកទឹកចិត្ត ជំរុញខ្លួនឯងក្នុងការអនុវត្ត សកម្មភាពការងារនឹងទៅរកគោលដៅយើងរបៀបមិច។ ព្រោះជាទូទៅបងប្អូន នៅពេលចាប់ផ្តើមអនុវត្តជាក់ស្តែង យើងនឹងជួបរឿងជាច្រើន ឧបសគ្គជាច្រើន នៅតាមដំណើរនៃផ្លូវដែលយើងត្រូវដើរនឹង ចឹងយើងនឹងអាចមានការប្រឈម។ ខ្ញុំជឿជាក់ថា ជីវិតរស់ជាមនុស្សនរណាក៏មានបញ្ហាបាក់ទឹកចិត្តឬក៏ធ្លាក់ទឹកចិត្តខ្លះដែរ ឬពេលខ្លះរាងខ្ជិលច្រអូសដែរ អញ្ចឹងអ្វីដែលសំខាន់នឹងនៅពេលដែលយើងគ្រប់គ្រងខ្លួនឯង យើងត្រូវគ្រប់គ្រងភាពខ្ជិលច្រអូសខ្លួនយើងផងដែរ យើងត្រូវគ្រប់គ្រងទឹកចិត្តខ្លួនឯង បើវាធ្លាក់យើងត្រូវទាញវាឡើងមកវិញ ហើយប្រសិនជាយើងមិនអាចទាញវាមកវិញ អ៉ីចឹងត្រូវទៅរកមនុស្សមកជួយទាញយើង ព្រោះពេលខ្លះយើងមិនអាចទាញខ្លួនឯងមកវិញបានគ្រប់ពេលគ្រប់កាលៈទេសៈនោះទេ។ អ្នកខ្លះបាក់ទឹកចិត្តដល់ថ្នាក់ដេកឈឺ សម្លាប់ខ្លួន កើតទុក្ខរីងរ៉ៃនៅនឹង ចឹងត្រូវរកអ្នកជួយ។
ចុងក្រោយមួយទៀត បងប្អូនត្រូវចេះរៀនវាយតំលៃ សម្រាប់ខ្លួនឯង តើយើងដើរដល់ណាហើយ តើយើងធ្វើអ្វីមិនទាល់បានល្អ ធ្វើអ្វីខ្លះបានល្អហើយ តើយើងត្រូវធ្វើអ្វីទៀតដើម្បីកែប្រែខ្លួនឯង បងប្អូនខ្លះភ្លេចវាយតំលៃខ្លួនឯងជាប្រចាំ ពីព្រោះថាអ្វីៗគ្រប់យ៉ាងយើងធ្វើមិនប្រាកដថាត្រូវទាំងអស់នោះទេ ៕
ចែករំលែកព័តមាននេះ