រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអធ័ម និងមនុស្សប្រុស៣នាក់ទៀតរងរបួសធ្ងន់ ដោយសារជនជាតិនីហ្សេរីយ៉ាស្រវឹងស្រាបើករថយន្តទៅបុករ៉ឺម៉កដឹកបន្លែអូស១០ម៉ែត្ររេចង្កូតទៅបុករះម៉ូតូ៣គ្រឿងទៀតនៅមុខក្លិបប្លូហ្ស៊ូន តាមផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបង្កម៉ាកឆារ៉ូលែត ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរដោយជនជាតិនីហ្សេរីយ៉ាស្រវឹងជោកម្នាក់ ហើយនៅក្នុងរថយន្តមានស្រាបៀរ ABC ទៀត បើកបរពីកើតទៅលិចតាមផ្លូវលេខ១៩៨៦ ជិះនៅខាងឆ្វេងដៃបានបើកបុកម៉ូតូសង់កូរ៉េអូសរ៉ឺម៉កដឹកបន្លែជិះ២នាក់ប្អូនថ្លៃដឹកបងថ្លៃទៅទិញបន្លែនៅផ្សារដើមគ ធ្វើដំណើរពីលិចទៅកើត មិនទាន់បានទិញបន្លែផងត្រូវរថយន្តបុកពេញទំហឹងអូស១០ម៉ែត្រ ជាប់ជាមួយរថយន្តទាំងរ៉ឺម៉ក និងមនុស្សបណ្តាលឲ្យស្ត្រីដែលអង្គុយលើរ៉ឺម៉កស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកបងថ្លៃដែលបើកម៉ូតូអូសរ៉ឺម៉ករងរបួសធ្ងន់ ហើយរថយន្តបង្កមិនព្រមឈប់ទេបានបើកទៅបុកម៉ូតូ២គ្រឿងទៀតទើបនឹងជិះចេញពីធ្វើការក្នុងក្លិបប្លូហ្ស៊ូនបម្រុងជិះឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតឈប់នៅតាមចិញ្ចើមផ្លូវរង់ចាំដឹកបងប្អូនចេញពីធ្វើការធ្វើឲ្យដួលម៉ូតូខូចខាត តែអ្នកអង្គុយលើម៉ូតូលោតចេញពីម៉ូតូមិនមានរងរបួស ។
ម៉ូតូ២គ្រឿងដែលរថយន្តបុករះជារបស់បុគ្គលិកក្លិប ម៉ាកវ៉េវ ពណ៌ខ្មៅ និងម៉ូតូហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ចំណែកម៉ូតូដែលចតស្ងៀមម៉ាកអាយខន ពណ៌ផ្កាឈូក ។ សពមានឈ្មោះ យី ស្រីមាច ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានប្តីឈ្មោះ វ៉ុន វ៉ន អាយុ២៦ឆ្នាំ ជាមនុស្សគ មានកូន២នាក់ ស្រី១ ប្រុស១ ។ ចំណែកបងថ្លៃដែលរងរបួសធ្ងន់មានឈ្មោះ វ៉ុន វ័ន្ត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅជាមួយគ្នា និងអ្នករងរបួសធ្ងន់២នាក់ទៀតមានឈ្មោះ ប្រាក់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ ជាបុគ្គលិកក្លិបប្លូហ្ស៊ូន ម្នាក់ទៀតមានឈ្មោះ គឹម សុភ័ក្ត្រ ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការជាមួយគ្នា ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋឃើញជនបង្កដែលជាជនជាតិនីហ្សេរីយ៉ាមិនត្រឹមតែអត់ចុះពីក្នុងរថយន្តបានយកស្រាបៀរអង្គុយផឹកក្នុងរថយន្តទៀត ឃើញបែបនេះប្រជាពលរដ្ឋមានការខឹងសម្បាប៉ុនប៉ងនាំគ្នាព្រូតវាយ តែត្រូវសមត្ថកិច្ចព្យាយាមរារាំងមិនឲ្យវាយ ធ្វើឲ្យប្រជាពលរដ្ឋជេរប្រមាថសមត្ថកិច្ចដែលព្យាយាមជំលៀសអ្នកបើកបរដឹកយកទៅរក្សាទុកនៅក្នុងអធិការដ្ឋានខណ្ឌសែនសុខ នៅសល់តែរថយន្តបង្កត្រូវប្រជាពលរដ្ឋបញ្ចេញកំហឹងយកដុំថ្មគប់ និងមួកការពារសុវត្ថិភាពគប់បែកកញ្ចក់រថយន្តខូចខាតយ៉ាងដំណំ ៕
ចែករំលែកព័តមាននេះ