រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះថា កម្ពុជានឹងរងឥទ្ធិពលព្យុះមួយមានឈ្មោះថាអេតូ(ETAU) ចាប់ពីថ្ងៃទី១១ដល់១៧ វិច្ឆិកាខាងមុខនេះ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា តាមការសង្កេតតាមដានស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាននឹងកំពុងធ្វើបន្ដដំណើរឆ្ពោះមកទិសខាងលិច ។

ក្រសួងបញ្ជាក់ថា តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើតប្រទេសកម្ពុជា មុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។

ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះ ទី២២ ឈ្មោះ វ៉ាមកូ ( VAMCO ) ។ ក្រសួងបន្ថែមថា តាមការព្យាករព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះ ទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាប នៅលើភាគឦសានប្រទេសកម្ពុជា ។

ស្ថានភាពបែបនេះធ្វើឲ្យ ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ។ នៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម ។ ២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២១ °C – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C ។ នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ។ នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម ។ ៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ ។ នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមាន កម្ពស់ខ្ពស់ជាបង្គួរ ។


ជាមួយគ្នានោះដែរ ក្រសួងបានលើកឡើងថា ស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតមានជាយថាហេតុណាមួយ ៕

ចែករំលែកព័តមាននេះ